33 C
Phnom Penh

ក្រុម​សហជីព៖ ការ​ដំឡើង​ប្រាក់ឈ្នួល​២​ដុល្លារ​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ

បទវិភាគ

ក្រុម​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​ជាច្រើន បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដំឡើង​ប្រាក់ឈ្នួល​ត្រឹមតែ ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ដល់​កម្មករ​និយោជិត ថា​ជា​ចំនួន​ទឹកប្រាក់​ដែល​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ។

ការ​លើកឡើង​របស់​តំណាង​សហជីព​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ចំនួន ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​នេះ។

តំណាង​ចលនា​សហជីព​ឯករាជ្យ​ជាច្រើន​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ត្រឹម ២​ដុល្លារ​នេះ មិន​អាច​ឱ្យ​ពួកគេ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ទេ ជាពិសេស​កម្មករ​និយោជិត​ដែល​មាន​សមាជិក​គ្រួសារ​ចាស់ជរា ដូចជា​ឪពុក​ម្តាយ ជាដើម ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​បន្ត​រស់នៅ​ក្នុង​ភាព​ក្រីក្រ​បន្ត​ទៀត។

ប្រភព​ដដែល​អះអាង​ថា បញ្ហា​នេះ​គឺ​បណ្តាល​មកពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មិន​មាន​តម្លាភាព ប្រសិទ្ធភាព និង​ឯករាជភាព ព្រោះថា​កិច្ចប្រជុំ​ស្ដីពី​ការ​ចរចា​កំណត់​ប្រាក់ឈ្នួល​នេះ គឺ​មាន​ការ​អនុញ្ញាត​ឱ្យ​សហជីព​ឯករាជ្យ​តិចតួច​ប៉ុណ្ណោះ​បាន​ចូល​បោះឆ្នោត​ក្នុង​ការ​កំណត់​ប្រាក់ឈ្នួល​នេះ ដូច្នេះ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ត្រូវតែ​ពិចារណា​លើ​បញ្ហា​នេះ​ឡើងវិញ។

តំណាង​ចលនា​សហជីព​ឯករាជ្យ​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​កម្មករ​និយោជិត​នៅ​តាម​បណ្តា​រោងចក្រ​នានា​ចូលរួម​សរសេរ​សារ និង​លើក​បដា​នៅ​តាម​ទីកន្លែង​ការងារ​រៀងៗ​ខ្លួន​ទៅ​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន អ្នកបញ្ជា​ទិញ​នៅ​ក្រៅ​ប្រទេស ដើម្បី​បង្ហាញ​ជំហរ​ទាមទារ​ប្រាក់ឈ្នួល​ចំនួន ២១៤​ដុល្លារ​អាមេរិក​ក្នុង ១​ខែៗ​សម្រាប់​ឆ្នាំ​២០២២ រហូត​ទទួល​បាន​ជោគជ័យ។ នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២១ នេះ តំណាង​ចលនា​សហជីព​ឯករាជ្យ​ជិត ២០​ស្ថាប័ន​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដូចជា សហព័ន្ធ​សហជីព​កម្ពុជា (CATU) សហភាព​សហជីព​កម្ពុជា (CCU) និង​សហជីព​សេរី​ឯករាជ្យ (FUFI) ជាដើម បាន​ចេញ​មុខ​ទាមទារ​ឱ្យ​មាន​ការដំឡើង​ប្រាក់ឈ្នួល​ដល់​និយោជិត​កម្មករ​ឱ្យ​បាន ២១៤​ដុល្លារ​ក្នុង​១​ខែៗ​សម្រាប់​ឆ្នាំ​២០២២ ខាងមុខ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ចំនួន ២​ដុល្លារ​អាមេរិក​បន្ថែម​ពី​លើ​ប្រាក់ឈ្នួល​ដែល​មាន​ស្រាប់​ចំនួន ១៩២​ដុល្លារ ដែល​គិត​ជា​សរុប កម្មករ​និយោជិត​នឹង​ទទួល​បាន​ប្រាក់ឈ្នួល ១៩៤​ដុល្លារ​ក្នុង​១​ខែៗ​សម្រាប់​ឆ្នាំ​២០២២ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ តទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​សហជីព​មួយ​ចំនួន ដូចជា​តំណាង​សហព័ន្ធ​សហជីព​លើក​តម្កើង​កម្មករ​និយោជិត​ខ្មែរ លោក មុំ សារ៉ន តំណាង​សហព័ន្ធ​សហជីព​ខ្មែរ លោក ឃុត ណារិន និង​តំណាង​សហព័ន្ធ​សហជីព​សម្ព័ន្ធ​កម្មករ​ខ្មែរ លោក ជា សុផា ជាដើម បាន​ឯកភាព​គាំទ្រ​សេចក្តី​សម្រេច​របស់​ថៅកែ​រោងចក្រ​ដែល​នឹង​ដំឡើង​ប្រាក់ឈ្នួល​ត្រឹមតែ ២​ដុល្លារ​ឱ្យ​កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០២២។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ក្នុង​កាលៈទេសៈ​នេះ អង្ករ​បាន​ក្លាយ​ជា​បាយ​ទៅ​ហើយ ដូច្នេះ​ការ​សើរើ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំ​២០២២ គឺ​ពិបាក​សង្ឃឹម​ណាស់ លុះត្រាតែ​តំណាង​សហជីព​ទាំងនេះ​បាន​ចរចា និង​មាន​ការ​យល់ព្រម​ពី​ខាង​ក្រុមហ៊ុន​បញ្ជាទិញ ទើប​ការ​តវ៉ា​នេះ​អាច​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។

លោក​បញ្ជាក់​ថា បើ​គ្មាន​ករណី​ពិសេស ឬ​ហេតុផល​រឹង​ណា​មួយ​ពី​ខាង​សហជីព​ទេ នោះ​ការ​ទាមទារ​ឱ្យ​មាន​ការ​កែប្រែ​ក្នុង​ការ​ដំឡើង​ប្រាក់ឈ្នួល​ដើម្បី​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់ខែ ២១៤​ដុល្លារ​ក្នុង​១​ខែៗ​សម្រាប់​ឆ្នាំ​២០២២ ខាងមុខ​នោះ ប្រហែលជា​គ្មាន​ពន្លឺ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​ទាមទារ​នៅ​ឆ្នាំ​បន្ទាប់​ទៀត​ប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស