30 C
Phnom Penh

បុរស​ខ្លាំង​ហ្វីលីពីន​សម្រេច​ចូល​និវត្តន៍​ពី​ជីវិត​នយោបាយ​ដ៏​ចម្រូងចម្រាស​ដោយសារ​ចំណុច​៤​យ៉ាង

បទវិភាគ

បុរស​ខ្លាំង​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែល​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បើក​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​គ្រឿងញៀន​សម្លាប់​ប្រជាជន​យ៉ាង​រង្គាល បាន​សម្រេច​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ​របស់​លោក​ដ៏​ចម្រូងចម្រាស ចំ​ពេល​ក្រុមប្រឹក្សា​រៀបចំ​ការ​បោះឆ្នោត​បាន​សម្រេច​ទទួល​ស្គាល់​បេក្ខជន​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ចំនួន ៨​រូប​រួច​ហើយ គឺ​ក្នុង​នោះ​មាន​ទាំង​អតីត​កំពូល​អ្នក​ប្រដាល់ ម៉ានី ប៉ាគីអៅ។

បុរស​ខ្លាំង​រូប​នេះ​បាន​បកស្រាយ​ថា ការ​សម្រេច​ចិត្ត​បែប​នេះ​របស់​លោក គឺ​ឆ្លើយតប​ចំពោះ​ការ​ចង់​បាន​របស់​សាធារណជន។ តែ​ពី​ដំបូង​ឡើយ ប្រធានាធិបតី​ហ្វីលីពីន​ជិត​ផុត​អាណត្តិ​រូប​នេះ​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​អនុប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​ឆ្នាំ​ក្រោយ។

លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​១៦ នៃ​ប្រទេស​ហ្វីលីពីន កាលពី​ខែ​មិថុនា ឆ្នាំ​២០១៦។ លោក ឌូទើតេ នឹង​ត្រូវ​ផុត​អាណត្តិ​នៅ​ឆ្នាំ​២០២២ ខាងមុខ ហើយ​មិន​អាច​បន្ត​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ទៀត​បាន​ឡើយ។ យោង​ទៅ​តាម​ច្បាប់​របស់​ហ្វីលីពីន ប្រធានាធិបតី​អាច​កាន់​អំណាច​បាន​ត្រឹម ១​អាណត្តិ​រយៈពេល ៦​ឆ្នាំ។

លោក​នឹង​ចូល​និវត្តន៍​ពី​អាជីព​នយោបាយ​នៅ​បន្ទាប់ពី​ប្តូរ​ចិត្ត​លែង​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​តទៅទៀត។ ការ​ប្រកាស​ដកខ្លួន​ចេញពី​ឆាក​នយោបាយ​ហ្វីលីពីន​របស់​លោក ឌូទើតេ អាច​ជា​ការ​បើក​ផ្លូវ​ឲ្យ​កូនស្រី​របស់​លោក​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ​ក្រោយ​នេះ។

ប្រជាជន​ហ្វីលីពីន​ភាគច្រើន​គិត​ថា លោក ឌូទើតេ មិន​អាច​ឈរ​ឈ្មោះ​ព្រោះ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន ប្រសិនបើ​លោក​បន្ត​ឈរ​ឈ្មោះ​សម្រាប់​តំណែង​អនុប្រធានាធិបតី​នៅ​អាណត្តិ​ក្រោយ ទោះ​ជា​រដ្ឋធម្មនុញ្ញ​មិន​បាន​ចែង​អាណត្តិ​របស់​អនុប្រធានាធិបតី​ក៏ដោយ។ ស្ថានភាព​នេះ លោក ឌូទើតេ នៅតែ​ជា​ប្រធានាធិបតី​ហ្វីលីពីន​រហូត​ថ្ងៃ​បោះឆ្នោត​ខែ​ឧសភា ឆ្នាំ​២០២២។

បុរស​ខ្លាំង​រូប​នេះ​នៅ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស ដោយសារ​នយោបាយ​សង្គ្រាម​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន។ ប៉ុន្តែ​ការ​ស្ទង់មតិ​ថ្មីៗ​នេះ​បង្ហាញ​ថា ប្រជាប្រិយភាព​របស់​លោក​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង។

តែ​យ៉ាងណា អាច​មាន​កត្តា ៤​យ៉ាង​នៅ​ពីក្រោយ​បុរស​រូប​នេះ​ដែល​សម្រេច​ចូល​និវត្តន៍​ពី​នយោបាយ៖

ចំណុច​ទី​១៖

យោង​តាម​សារព័ត៌មាន​ជប៉ុន Asia Times ប្រជាប្រិយភាព​លោក ឌូទើតេ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក គឺ​ធ្លាក់​ដល់ ២១% ដែល​ពី​មុន​បុរស​ខ្លាំង​នេះ​ធ្លាប់​មាន​ប្រជាប្រិយភាព​ដល់​ទៅ ៦០%។ ការ​ស្ទង់មតិ​ដែល​បាន​បង្ហាញ​លទ្ធផល​ដូចនេះ គឺ​នាំ​ឱ្យ​លោក ឌូទើតេ ទទួល​ស្គាល់​ឥទ្ធិពល​របស់​ខ្លួន​លោក​ធ្លាក់​ចុះ ទោះ​ជា​លោក​មាន​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​កើត​ចេញពី​ការ​ការពារ​សន្តិសុខ​ប្រទេស​ជាតិ សណ្ដាប់ធ្នាប់​សង្គម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​គ្រឿងញៀន។

ការ​ស្ទង់មតិ​បាន​ចោទ​ជា​សំណួរ​មួយ​ថា តើ​លោក ឌូទើតេ ចង់​ធ្វើជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ចុងក្រោយ​នេះ តើ​មាន​កំហុស​ដែរ​ឬ​ពាក់ព័ន្ធ​នឹង​ធម្មនុញ្ញ​របស់​ប្រទេស។

តាម​សារព័ត៌មាន​មួយ​នេះ​បាន​បង្ហាញ​ចម្លើយ​របស់​ប្រជាជន​ហ្វីលីពីន គឺ​ភាគច្រើន​និយាយ​ថា បើ​លោក ឌូទើតេ សម្រេច​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រដ្ឋធម្មនុញ្ញ បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​នេះ​មិន​បាន​កំណត់​អាណត្តិ​អនុប្រធានាធិបតី​ក៏ដោយ​នោះ។

ទំនង​ដូចនេះ​ហើយ​ដែល​លោក ឌូទើតេ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​ពិធី​មួយ​នៃ​ការ​ចុះឈ្មោះ​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នេះ។

លោក ឌូទើតេ បាន​ប្រាប់​សារព័ត៌មាន​នៅ​ទីក្រុង​ម៉ានីល កាលពី​ថ្ង​សៅរ៍ ទី​២ ខែ​តុលា ថា យោង​តាម​ឆន្ទៈ​របស់​ប្រជាជន លោក​បាន​សម្រេច​លះបង់​បេក្ខភាព​របស់​លោក គឺ​ក្នុង​នាម​ប្រធានាធិបតី ហើយ​ក៏​សម្រេច​ចូល​និវត្តន៍​ជីវិត​នយោបាយ​តែម្ដង។

ចំណុច​ទី​២៖

ករណី​ខ្លាច​ចាញ់​ឆ្នោត គឺ​ជា​ហេតុផល​មួយ​ផង​ដែរ​ដែល​បុរស​ខ្លាំង​រូប​នេះ​សម្រេច​មិន​ចូលរួម​ប្រកួត​យក​តំណែង​អនុប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នេះ​ទេ។

យោង​តាម​ការ​ស្ទង់មតិ​របស់​អាស៊ី​ថែមស៍ គឺ​លោក ឌូទើតេ បើ​ក្លាយ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី គឺ​រូបលោក​មិន​ត្រឹមតែ​ទាញ​ទម្លាក់​ខ្លួនឯង​ឱ្យ​ខូច​សន្លឹកឆ្នោត​នោះ​ទេ គឺ​អាច​ទាញ​ទម្លាក់​សន្លឹកឆ្នោត​បេក្ខជន​ប្រធានាធិបតី​ផង​ដែរ។ ក្នុង​ន័យ​នេះ ទើប​លោក ឌូទើតេ ធ្វើ​សេចក្ដី​សម្រេច​បែប​នេះ។

ចំណុច​ទី​៣​៖

លោក ឌូទើតេ ទំនង​គិត​ថា​កូនស្រី​របស់​លោក គឺ​អ្នកស្រី សារ៉ា ឌូទើតេ អាច​នឹង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា ឆ្នាំ​២០២២។ ការ​សង្ឃឹម​របស់​បុរស​ខ្លាំង​រូប​នេះ​នាំ​ឱ្យ​លោក​ធ្វើ​សេចក្ដី​សម្រេច​ចូល​និវត្តន៍​ជីវិត​នយោបាយ ហើយ​ក៏​បោះបង់​ចោល​បេក្ខភាព​អនុប្រធានាធិបតី។

មួយ​វិញ​ទៀត ប្រសិនបើ​កូនស្រី​របស់​លោក​បាន​កាន់​អំណាច​ជា​ប្រធានាធិបតី គឺ​លោក ឌូទើតេ គិត​ថា​ខ្លួន​លោក​ត្រូវ​បាន​ប្រធានាធិបតី​ជា​កូនស្រី​របស់​ខ្លួន​ការពារ​មិន​ឱ្យ​មាន​ការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ទោះ​ក្នុង​ការ​ចោទប្រកាន់​ដោយ​ច្បាប់​ក្នុង​ប្រទេស ឬ​ច្បាប់​ក្រៅ​ប្រទេស​ក៏ដោយ។ លោក ឌូទើតេ បច្ចុប្បន្ន​កំពុងតែ​ប្រឈមមុខ​នឹង​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយសារតែ​បុរស​ខ្លាំង​រូប​នេះ​បើក​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ហើយ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់។

លោក ឌូទើតេ បាន​សច្ចា​ថា រូបលោក​នឹង​មិន​ប្រគល់​ខ្លួន​ឱ្យ​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC នាំ​ខ្លួន​ទៅ​ជំនុំជម្រះ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​មួយ​នេះ​នៅ​ទីក្រុង​ឡាអេ​នោះ​ទេ។ នេះ​ជា​ហេតុផល​មួយ​ដែល​លោក ឌូទើតេ ទំនង​នឹង​គិត​ដូចនេះ។

តែ​ចំណុច​ទី​៤៖

លោក ឌូទើតេ ទំនង​នឹង​ចង់​ដកដៃ​ចេញពី​ការ​ទទួល​ខុសត្រូវ​នៃ​ជម្លោះ​ព្រំដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​រំលោភបំពាន។ លោក ឌូទើតេ ធ្លាប់​បាន​និយាយ​ថា ហ្វីលីពីន​មិន​ត្រូវ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ចិន​នោះ​ទេ ហើយ​បើ​ធ្វើ​សង្គ្រាម​នឹង​មិន​ឈ្នះ​ប្រទេស​ធំ​នេះ​ទេ។ លោក​ថា សាលក្រម​មជ្ឈត្តិក​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន​ចូល​ទៅ​គ្រប់គ្រង​ដែន​ទឹក​របស់​ខ្លួន​នៅ​ប្រជុំកោះ​ស្រ្ពាតលី ក៏​មិន​អាច​អនុវត្ត​បាន​ដែរ ព្រោះ​ចិន​ជា​ចុងចោទ​មិន​ទទួលស្គាល់​សាលដីកា​នេះ​នោះ​ទេ។

ក្នុង​ន័យ​នេះ លោក ឌូទើតេ ពិត​ណាស់​ចង់​សម្របសម្រួល​ជាមួយ​នឹង​ចិន គឺ​មិន​ចង់​ឃើញ​ហ្វីលីពីន និង​ចិន ក្លាយ​ជា​សត្រូវ​នឹង​គ្នា​នោះ​ទេ។ តែ​បែប​ណា ការ​ដែល​លោក​លា​ចេញ​ពី​ជីវិត​នយោបាយ​នោះ គឺ​ទុក​ឱ្យ​ជម្លោះ​នេះ​ទៅ​មេដឹកនាំ​ហ្វីលីពីន​ជំនាន់​ក្រោយ​ទៀត។ ចំណុច​ទាំង​បួន​នេះ អាច​ជា​ទឡ្ហីករណ៍​នាំ​ឱ្យ​បុរស​ខ្លាំង​ដែល​ចង់​បន្ត​អំណាច​មួយ​អាណត្តិ​ទៀត​នេះ​សម្រេច​ចូល​និវត្តន៍​ជីវិត​នយោបាយ​តែម្តង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស