27 C
Phnom Penh

មន្ត្រី​បក្ស GDP ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​ពី​មូលហេតុ​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19

បទវិភាគ

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល GDP ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល បង្ហាញ​ទិន្នន័យ​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19 និង​ប្រវត្តិ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ផង​ដែរ ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​រៀបចំ​ជីវិត​រៀន​រស់នៅ​ជាមួយ Covid-19។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ និង​ចេះ​រស់​តាម​គន្លង​ថ្មី​ជាមួយ​ជំងឺ Covid-19 លុះត្រាតែ​ក្រសួង​សុខាភិបាល​ត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រាន់ តាមដាន​ការ​ឆ្លង និង​ដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ ការ​ព្យាបាល​អ្នក​វិជ្ជមាន​វីរុស Covid-19 ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​វិភាគ​លើ​កត្តា​អាទិភាព​ដែល​អាច​ឱ្យ​អ្នក​ឆ្លង​ស្លាប់​ដោយសារ​ជំងឺ​នេះ។

លោក​លើកឡើង​ថា ការ​ឆ្លង​វីរុស Covid-19 បាន​កើតឡើង​ប្រមាណ ២​ឆ្នាំ​កន្លងមក​ហើយ ប៉ុន្តែ​ក្រសួង​សុខាភិបាល មិន​ទាន់​បង្ហាញ​ទិន្នន័យ​ជា​ផ្លូវការ​ណា​មួយ​ចំពោះ​កត្តា​អាទិភាព​ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​វីរុស Covid-19 ស្លាប់​នោះ​ទេ។ ជាង​នេះ​ទៀត ក្រសួង​ក៏​មិន​បាន​បង្ហាញ​ពី​ប្រវត្តិ​នៃ​អ្នក​ស្លាប់​ថា​បាន​ចាក់​វ៉ាក់សាំង ឬ​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ដែរ។ ដូច្នេះ​មាន​ន័យ​ថា ក្រសួង​នៅតែ​មិន​ទាន់​អាច​កំណត់​ក្រុម​គោលដៅ​ដែល​ជា​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស Covid-19 បាន​នៅឡើយ​ទេ​នៅ​ពេលនេះ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការស្រាវជ្រាវ និង​ការ​បង្ហាញ​អំពី​ទិន្នន័យ​អ្នក​ទាំងនោះ គឺ​ក្នុង​គោលបំណង​កំណត់​មុខសញ្ញា​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ផ្សព្វផ្សាយ និង​ដាក់​វិធានការ​តាម​ភាព​ជាក់ស្តែង​ក្នុង​ការ​បញ្ចៀស​កុំ​ឱ្យ​ពួកគេ​ឆ្លង និង​ស្លាប់​ដោយសារតែ​ជំងឺ Covid-19 បន្ត​ទៀត។

កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​លើសលប់​ដែល​អាច​ការពារ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស Covid-19 បាន។ លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​ជា​សកល​នេះ​នៅសល់​តែ ២% ប៉ុណ្ណោះ​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២១ បាន​ចេញ​សារាចរ​ស្ដីពី​ការ​ពង្រឹង​វិធានការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 សម្រាប់​អំឡុង​ពេល និង​ក្រោយ​ពេល​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ត្រូវ​រឹត​បន្តឹង​វិធាន​សុវត្ថិភាព និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​បន្ថែម​ទៀត។

ក្រសួង​សុខាភិបាល បាន​អះអាង​កាលពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២១ ឲ្យ​ដឹង​ថា ក្រសួង​បាន​ចាក់​វ៉ាក់សាំង Covid-19 ដល់​មនុស្ស​ពេញវ័យ​ដូស​ទី​១ បាន​ជាង ១៣​លាន​នាក់ រីឯ​ដូស​ទី​២ បាន​ជាង ១១​លាន​នាក់​ផង​ដែរ។ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ ចំនួន ៩​សែន​នាក់ ដោយឡែក​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ​ចាក់​បាន ៨៩,៦៨% និង​កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​ចាក់​បាន ៩៣,៦៦% ផង​ដែរ។ បែប​នេះ​ក្តី ក្រសួង​សុខាភិបាល​ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ២២៨​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៤៨៥​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១២​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ១​សែន ១​ម៉ឺន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ១​សែន ៥​ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ២៤០០​នាក់​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស