31 C
Phnom Penh

The Guardian កែសម្រួល​អត្ថបទ​ថា​លោក ហ៊ុន សែន មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​បាន​លិខិត​ឆ្លងដែន​ពី​ប្រទេស Cyprus នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត The Guardian បាន​កែសម្រួល​ខ្លឹមសារ​អត្ថបទ​របស់​ខ្លួន​ថា លោក ហ៊ុន សែន មិនមែន​ជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​លិខិត​ឆ្លងដែន​ពី​ប្រទេស Cyprus នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​កាន់​លិខិត​ឆ្លងដែន​នៃ​ប្រទេស​នេះ​គឺជា​មន្ត្រី​ធំៗ​ក្បែរ​ខ្លួន​គាត់​ប៉ុណ្ណោះ។

ការ​ចេញ​អត្ថបទ​កែសម្រួល​ខ្លឹមសារ​របស់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រទេស Cyprus ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ការ​ចុះផ្សាយ​ថា លោក ហ៊ុន សែន មាន​លិខិត​ឆ្លងដែន​នៃ​សាធារណរដ្ឋ​ស៊ីប (Cyprus) ឬ​មាន​សញ្ជាតិ​ស៊ីប កាលពី​ពេល​ថ្មីៗ​នេះ។

កាសែត The Guardian កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ចក្រភព​អង់គ្លេស បាន​បំភ្លឺ​ពី​អត្ថបទ​របស់​ខ្លួន​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២១ ថា គឺជា​ការ​ចុះផ្សាយ​មិន​ត្រឹមត្រូវ ដែល​ថា​លោក ហ៊ុន សែន ជា​មនុស្ស​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​កាន់កាប់​លិខិត​ឆ្លងដែន​របស់​ប្រទេស Cyprus។

ប្រភព​ដដែល​បញ្ជាក់​ថា មាន​តែ​មន្ត្រី​ធំៗ​ដែល​នៅ​ក្បែរ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្ថិត​នៅ​ក្នុង​ចំណោម​ជនជាតិ​មិនមែន​អឺរ៉ុប​រាប់​ពាន់​នាក់​ដែល​បាន​ទទួល​លិខិត​ឆ្លងដែន​ពី​ប្រទេស​លើ​កោះ​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ។

កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២១ កាសែត The Guardian បោះពុម្ព​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «ការិយាល័យ​ច្បាប់​របស់​ប្រធានាធិបតី​ស៊ីប (Cyprus) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លាក់បាំង​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​រុស្ស៊ី ដែល​រត់​គេច​ខ្លួន» ក្នុង​នោះ​ក៏​បាន​ចោទប្រកាន់​ថា​លោក ហ៊ុន សែន ក៏​ជា​មនុស្ស​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​លិខិត​ឆ្លងដែន​ពី​ប្រទេស Cyprus ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ បាន​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស Cyprus ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ការ​ចោទប្រកាន់​ថា លោក ហ៊ុន សែន មាន​លិខិត​ឆ្លងដែន​នៃ​សាធារណរដ្ឋ​ស៊ីប (Cyprus) ឬ​មាន​សញ្ជាតិ​ស៊ីប ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ការពិត​ច្បាស់លាស់​ជូន​ដល់​សាធារណជន និង​ប្រជាជន​កម្ពុជា​ទាំងមូល និង​ដើម្បី​ធានា​រក្សា​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា និង​នាយករដ្ឋមន្ត្រី​របស់​ខ្លួន។

ជុំវិញ​ការ​ចោទប្រកាន់​មេដឹកនាំ​កម្ពុជា​នេះ រដ្ឋមន្ត្រី​ការបរទេស​របស់​កម្ពុជា លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ Cyprus លោក នីកូស គ្រីស្តូឌូលីដេស (Nikos Christodoulides) ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សារព័ត៌មាន The Guardian ដែល​បាន​ចុះផ្សាយ​មិន​ពិត​ថា​មេដឹកនាំ​របស់​ខ្លួន​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​មិនមែន​អឺរ៉ុប​រាប់​ពាន់​នាក់​ដែល​បាន​ទទួល​លិខិត​ឆ្លងដែន​នៃ​ប្រទេស Cyprus។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​រូប​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ Cyprus ផ្តល់​កិច្ចសហការ​ដើម្បី​ស្រាវជ្រាវ​រក​ការពិត​ឲ្យ​ឃើញ​ចំពោះ​ការ​ចោទប្រកាន់​ដែល​មាន​ចេតនា​អាក្រក់ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ជូន​មេដឹកនាំ​កម្ពុជា និង​ដើម្បី​ឲ្យ​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​បាន​យល់​ច្បាស់​អំពី​ការពិត​ចំពោះ​ការ​ចោទប្រកាន់​នេះ។

កាលពី​អំឡុង​ឆ្នាំ​២០១៩ ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuter) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ដោយ​បង្ហាញ​អំពី​សមាជិក និង​ខ្សែស្រឡាយ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក ហ៊ុន សែន​ដែល​ទទួល​បាន​សញ្ជាតិ Cypriots ក្នុង​អំឡុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ក្រោយ​ការ​បោះ​ទុន​វិនិយោគ​នៅ​ប្រទេស​កូន​កោះ​មួយ​នេះ​ជាង ២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្រៅពី​នោះ ពួកគេ​ក៏​កំពុង​ស្វែងរក​សញ្ជាតិ Cypriots ជាបន្តបន្ទាប់​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ខ្សែស្រឡាយ​លោក ហ៊ុន សែន ទាំងនោះ​រួម​មាន អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​ភរិយា​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន និង​កូនបង្កើត​របស់​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​បង្កើត​លោក ហ៊ុន សែន និង​កូនស្រី ២​នាក់​ទៀត។

បន្ថែម​ពី​នេះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និង​ភរិយា​របស់​លោក គឺ​អ្នកស្រី អ៊ឹម ប៉ូលីកា ក៏​ទទួល​បាន​សញ្ជាតិ Cyprus នេះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ប្រទេស Cyprus អះអាង​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​តាម​ដំណាក់កាល​នីមួយៗ​លើ​ករណី​ដែល​សាច់ញាតិ​របស់​លោក ហ៊ុន សែន ដែល​ទទួល​បាន​សញ្ជាតិ​ពី​ប្រទេស​មួយ​នេះ ហើយ​រដ្ឋាភិបាល Cyprus ក៏​បាន​ព្រមាន​ដកហូត​លិខិត​ឆ្លងដែន​ពួកគេ​ផង​ដែរ ប្រសិនបើ​មាន​ករណី​ចាំបាច់​ណាមួយ​នោះ។

ប្រទេស Cypriots មាន​ផែនការ​វិនិយោគ​ដើម្បី​ទទួល​បាន​សញ្ជាតិ​ដោយ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១៣ ដែល​ក្នុង​នោះ​ការ​វិនិយោគ​ទឹកប្រាក់​អប្បបរមា ២​លាន​អឺរ៉ូ ឬ​ជាង ២​លាន​ដុល្លារ​អាមេរិក ព្រមទាំង​អាច​ទិញ​លិខិត​ឆ្លងដែន និង​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​នៅ​ទូទាំង​សហភាព​អឺរ៉ុប​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស