29 C
Phnom Penh

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង ៦៦​ម៉ឺន​នាក់​ចេញ​ដើរ​កម្សាន្ត​អំឡុង​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​របាយការណ៍​នៅ​ថ្ងៃ​ទី​៨ តុលា នេះ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺ​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង ៦៦​ម៉ឺន​នាក់​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស។

ក្រសួង​ទេសចរណ៍ បាន​ផ្សាយ​ព័ត៌មាន​ថា ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺ​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង ៦៦​ម៉ឺន​នាក់​បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ទូទាំង​ប្រទេស។ តាមរយៈ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន នៅ​ថ្ងៃ​ទី​០៨ ខែ​តុលា នេះ ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា តាម​ការ​បូក​សរុប​របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត បាន​ឲ្យ​ដឹង​ថា រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​បាន​ចេញ​ដើរ​កម្សាន្ត​សរុប​ជាង ៦៦​ម៉ឺន​នាក់ (៦៦៤៦៩៧​នាក់) ក្នុង​នោះ​ខេត្ត​កំពត ជាប់​លំដាប់​កំពូល​គេ បើ​ធៀប​ខេត្ត​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​ដោយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ១០​ម៉ឺន​នាក់។

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ទៀត​ថា ខេត្ត​បន្ទាប់​គឺ​ខេត្ត​កែប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត ១០​ម៉ឺន​នាក់ (៩៦៤៧១​នាក់) និង​លំដាប់​លេខ​៣ ខេត្ត​ព្រះសីហនុ ទទួល​បាន​ជាង ៨​ម៉ឺន​នាក់ (៨០៥១៩​នាក់)។

ប្រភព​ដដែល​បាន​បង្ហាញ​ទៀត​ថា ក្រៅពី​ខេត្ត​ទាំង​បី​ខាងលើ ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ផ្សេង​ទៀត​ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ដែរ​នោះ គឺ​មាន​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ ខេត្ត​បាត់ដំបង ខេត្ត​កំពង់ចាម និង​ខេត្ត​សៀមរាប។

ក្រសួង​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​បាន​ជ្រើសរើស​ការ​ដើរ​កម្សាន្ត​ជា​ក្រុម​គ្រួសារ ហើយ​ខ្លះ​ទៀត​ដើរ​កម្សាន្ត​ច្រើន​គោលដៅ​ជា​លក្ខណៈ​រង្វង់​ខ្សែ​ទស្សនកិច្ច។ ក្រសួង​ថា បន្ទប់​ស្នាក់​នៅ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ត្រូវ​បាន​ភ្ញៀវ​កក់​ពេញ​ស្ទើរ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១ និង​ទី​២ ប៉ុន្តែ​ថ្ងៃ​ទី​៣ ការ​កក់​មាន​ការ​ថមថយ​ខ្លះ ដោយសារ​ប្រជាជន​មួយ​ចំនួន​បាន​វិល​ត្រឡប់​ចូល​ទីក្រុង​ភ្នំពេញ​វិញ។

ប្រភព​ដដែល​ថា ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​នៅ​ឆ្នាំ​នេះ​ជា​និន្នាការ​ថ្មី ដោយសារ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​ជ្រើសរើស​កន្លែង​ស្នាក់​នៅ​ដែល​មាន​ចង្ក្រាន​បាយ ឬ​កន្លែង​ចម្អិន​អាហារ​ភ្ជាប់​ជាមួយ ខណៈ​ដែល​ភ្ញៀវ​ខ្លះ​ទៀត​ជ្រើសរើស​ការ​ទទួលទាន​អាហារ​ជា​គ្រួសារ រៀបចំ​ដោយ​ខ្លួនឯង ហើយ​ខ្លះ​ទៀត​ក៏​រៀបចំ​ម្ហូប​អាហារ ឬ​ចង្ក្រាន​អាំង​សាច់ និង​ប្រដាប់ប្រដា​ធ្វើ​ម្ហូប​ផ្ទាល់ខ្លួន​ដាក់​ក្នុង​រថយន្ត​ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ផង​ដែរ។

ក្រសួង​ថា និន្នាការ​ថ្មី​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការ​ជួបជុំ​ក្រុម​ភ្ញៀវ​ផ្សេង និង​សន្សំសំចៃ​ថវិកា​បាន​ខ្លះ។

ទោះ​យ៉ាងណា ក្រសួង​បញ្ជាក់​ថា ពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់ Covid-19 ពិសេស​ការ​ពាក់​ម៉ាស់​សឹងតែ ១០០%។ ប៉ុន្តែ​ការ​រក្សា​គម្លាត​នៅតែ​ជា​កត្តា​ចម្បង​ដែល​ចាំបាច់​ត្រូវ​មាន​ការ​យកចិត្ត​ទុកដាក់​អប់រំ​ណែនាំ និង​ក្រើន​រំឭក​បន្ថែម​ទៀត ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ដែល​មាន​ការ​ទាក់ទាញ​ខ្លាំង។

ការ​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​កកកុញ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ដែរ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​បិទ​រមណីយដ្ឋាន​ទេសចរណ៍​អន្លង់ជ្រៃ ដោយសារតែ​អ្នក​ទៅ​កម្សាន្ត​ចង្អៀត​ណែន​ពេក ដែល​អាច​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស