ដំណឹងពីទីក្រុងអូស្លូ ប្រទេសណ័រវេ ឯណោះឱ្យដឹងថា អ្នកសារព័ត៌មានពីររូបដែលតែងធ្វើឱ្យអាជ្ញាធរនៃប្រទេសពួកគេខឹងសម្បា ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់មេដាយណូបែលសន្តិភាព កាលពីថ្ងៃសុក្រ ទី៨ តុលា។
រង្វាន់នោះជាពានរង្វាន់កិត្តិយសនៃសិទ្ធិបញ្ចេញមតិ ស្ថិតក្រោមស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរនៃការគ្រប់គ្រងបែបផ្ដាច់ការ។
អ្នកកាសែតទាំងពីររូបនោះមានសញ្ជាតិរុស្ស៊ី និងហ្វីលីពីន។ អ្នកសារព័ត៌មានហ្វីលីពីននោះមានឈ្មោះថា Maria Ressa ហើយអ្នកសារព័ត៌មានរុស្ស៊ី មានឈ្មោះថា Dmitry Muratov។ អ្នកសារព័ត៌មានហ្វីលីពីន Maria Ressa កាលពីខែសីហា តុលាការហ្វីលីពីនបានទាត់ចោលនូវបណ្ដឹងប្រឆាំងអ្នកកាសែតដ៏សកម្មរូបនេះ។
Maria Ressa គឺជាអ្នកសារព័ត៌មានមួយរូបក្នុងចំណោមអ្នកសារព័ត៌មានច្រើនរូបដែលរងការប្ដឹងចំពោះការសរសេរអត្ថបទវិភាគ ឬរបាយការណ៍ស៊ើបអង្កេតលើការដឹកនាំរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូទើតេ បច្ចុប្បន្ននេះ។
នៅលើវេទិកាប្រកាសពានរង្វាន់ ប្រធានគណៈកម្មការណូបែលនៃប្រទេសណ័រវេ Berit Reiss-Anderson បានជម្រាបជូនថា រង្វាន់នេះជូនចំពោះការប្រយុទ្ធដ៏អង់អាចដើម្បីការពារសិទ្ធិបញ្ចេញមតិនៅប្រទេសហ្វីលីពីន និងរុស្ស៊ី។
ក្នុងពេលជាមួយគ្នានេះដែរ គណៈកម្មការណូបែលសន្តិភាពក៏ឱ្យដឹងថា ពានរង្វាន់នេះក៏ត្រូវបានគណៈកម្មការប្រកាសថាជាការតំណាងសម្រាប់អ្នកសារព័ត៌មានដែលងើបឡើងដើម្បីប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន ក្នុងការប្រឈមនឹងស្ថានភាពគ្រោះថ្នាក់នៃរដ្ឋអំណាចផ្ដាច់ការ។
ប្រធានគណៈកម្មការបញ្ជាក់ថា សារព័ត៌មានបម្រើដល់ការការពារប្រជាជនពីការរំលោភអំណាចនៃមេដឹកនាំផ្ដាច់ការ។
ពានរង្វាន់សម្រាប់អ្នកសារព័ត៌មាននេះ ទើបតែដល់ជំនាន់ទីពីរប៉ុណ្ណោះ ខណៈគេបានដឹងថា ពានរង្វាន់សារព័ត៌មានលើកដំបូង គឺបានទៅលើអ្នកសារព័ត៌មានអាល្លឺម៉ង់ឈ្មោះថា Carl von Ossietzky នៅឆ្នាំ១៩៣៥ ចំពោះការដែលលោកហ៊ានទម្លាយកម្មវិធីអាវុធសម្ងាត់អាល្លឺម៉ង់ក្រោយសង្គ្រាមលោកលើកទី១។
អ្នកឈ្នះរង្វាន់សន្តិភាពណូបែលនេះ នឹងធ្វើបទបង្ហាញនៅថ្ងៃទី១០ ធ្នូ គឺក្នុងខួបនៃការស្លាប់របស់ជើងឯកឧស្សាហកម្មស៊ុយអែតម្នាក់ ដែលជាអ្នករៀបចំណូបែលសន្តិភាពនេះឡើងនៅឆ្នាំ១៨៩៥៕