38 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បើ​ច្បាប់​សញ្ជាតិ​មួយ​បង្ហាញ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ រដ្ឋាភិបាល​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម និង​នយោបាយ អះអាង​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​តម្រូវ​ឲ្យ​មេដឹកនាំ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដែល​ជា​ការ​បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​មែន​នោះ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពីព្រោះ​គាត់​មិន​មាន​សញ្ជាតិ​ឯណា​ផ្សេង​ក្រៅពី​សញ្ជាតិ​ខ្មែរ​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​បែប​នេះ ស្រប​ពេល​រដ្ឋសភា​ដែល​មាន​តែ​បក្ស​កាន់​អំណាច បាន​នាំគ្នា​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​កំណត់​សញ្ជាតិ​មេដឹកនាំ​តាម​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៨ តុលា ថា បើ​រដ្ឋាភិបាល​កំណត់​ថា​មេដឹកនាំ​ខ្មែរ «មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ» គឺ «បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការ​ជ្រៀតជ្រែក​ពី​បរទេស» ពិតជា​ត្រឹមត្រូវ​មែន​នោះ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​លើកលែង​ការ​ចោទប្រកាន់​ទៅលើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​នោះ​ទៅ ព្រោះ​លោក កឹម សុខា មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​តាំងតែ​ពី​ដើម​មក​ម្ល៉េះ។

លោក​អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា «ជនជាតិ​ខ្មែរ» មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ ដែល​ស្មោះត្រង់​ចំពោះ​ជាតិ និង​មិន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ជាមួយ​រដ្ឋ​បរទេស​ណា​ដូច​តុលាការ​បាន​ចោទប្រកាន់​នោះ​ឡើយ។ ដូច្នេះ ទណ្ឌកម្ម និង​ការ​បិទ​សិទ្ធិ​សេរីភាព​លើ​រូប​គាត់​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល​ទាំងអស់​នៅ​ពេលនេះ។

កាល​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា ដើម្បី​បង្ហាញ​នូវ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការ​ជ្រៀតជ្រែក​ពី​បរទេស ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​តម្រូវ​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ។

ជុំវិញ​ការ​ប្រកាស​ឲ្យ​មាន​ច្បាប់​សញ្ជាតិ​តែ​មួយ​នេះ ត្រូវ​បាន​អ្នកវិភាគ និង​អ្នក​ឃ្លាំមើល​សង្គម​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​ពី​គ្នា ដូចជា​អ្នក​ខ្លះ​សង្ឃឹម​ថា ច្បាប់​នេះ​អាច​នឹង​ជួយ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​តុលាការ​ពី​បទ​ក្បត់​ជាតិ ប៉ុន្តែ​មតិ​ខ្លះ​មើលឃើញ​ថា ច្បាប់​នេះ​នឹង​បង្ខាំង ឬ​រារាំង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មិន​ឲ្យ​ចូលរួម​ឆាក​នយោបាយ​កម្ពុជា​វិញ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ លោក លីម គឹមយ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ ថា បើ​គ្រាន់តែ​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី ចូលរួម​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា មិន​ចាំបាច់​ដល់​ថ្នាក់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើត​ច្បាប់​តម្រូវ​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ ព្រោះថា​គ្រាន់តែ​ទោស​ដែល​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ក៏​មិន​អាច​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​អ្វី​បាន​តទៅទៀត​ទៅ​ហើយ​នោះ។

លោក​បញ្ជាក់​ថា ច្បាប់​នេះ​មិន​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៃ​អ្នក​មាន​សញ្ជាតិ​មួយ និង​សញ្ជាតិ​ពីរ​ថា​ជា​មនុស្ស​ស្នេហា​ជាតិ ឬ​ក៏​អត់​នោះ​ទេ ពីព្រោះ​មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​មិន​តិច​រូប​ទេ​ដែល​នាំគ្នា​រត់​ទៅ​សុំ​សញ្ជាតិ​ពី​ប្រទេស​ដទៃ ប៉ុន្តែ​ការ​ស្នើសុំ​សញ្ជាតិ​របស់​ពួកគេ​មិនមែន​ដើម្បី​រត់​គេច​ពី​របប​ខ្មែរក្រហម​នោះ​ឡើយ គឺ​ដើម្បី​រក្សា​ទ្រព្យសម្បត្តិ​ដែល​ពួក​មន្ត្រី​ខូចៗ​ទាំងនោះ​រក​បាន​ពី​អំពើពុករលួយ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ជា​របស់​ខ្មែរ​ទាំងអស់​គ្នា មិនមែន​សម្រាប់​តែ​ខ្មែរ​ណា​ដែល​មាន​សញ្ជាតិ​តែ​មួយ ឬ​អ្នក​មាន​សញ្ជាតិ​លើស​ពី​មួយ​មិន​អាច​ចូលរួម​កសាង​កម្ពុជា​បាន​នោះ​ទេ។

ចំណែក​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៨ តុលា នេះ​ថា អ្នកស្រី​សង្ឃឹម​ថា​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នឹង​រួច​ផុត​ពី​បទ​ចោទ​ថា​ក្បត់​ជាតិ ព្រោះថា​យោង​តាម​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ​បាន​បង្ហាញ​ថា លោក កឹម សុខា គឺជា​មនុស្ស​ដែល​ស្មោះត្រង់​ចំពោះ​ជាតិ មិនមែន​ដូច​ការ​ចោទប្រកាន់​នា​ពេល​កន្លងមក​នោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង អស់​រយៈពេល ១​ឆ្នាំ បើ​ទោះបីជា​លោក​មិន​មាន​សញ្ជាតិ​ផ្សេង​ពី​សញ្ជាតិ​ខ្មែរ​ក៏ដោយ។

បន្ទាប់​មក​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​ឡើយ។ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទើប​លោក កឹម សុខា ត្រូវ​បាន​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត គឺ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​ហាមប្រាម​ការ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយ រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​នោះ។ ដោយឡែក​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២៤ បន្ទាប់ពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ រួច។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ក៏​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​៨ តុលា នេះ​ផង​ដែរ​ថា រឿង​សញ្ជាតិ​មួយ ឬ​សញ្ជាតិ​ពីរ​មិន​សំខាន់​នោះ​ទេ សំខាន់​ខ្មែរ​គ្រប់​ភាគី​អាច​រួបរួម​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​សម្រាប់​ទឹកដី និង​ប្រជាជន​ខ្លួនឯង​បាន ឬ​អត់​ប៉ុណ្ណោះ ដើម្បី​ធានា​អធិបតេយ្យ​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក​បន្ត​ថា បើ​មេដឹកនាំ​ខ្មែរ​នៅតែ​យក​ឈ្នះ​ចាញ់​រវាង​ជាតិ​សាសន៍​ខ្លួនឯង​ដូច​សព្វថ្ងៃ​នេះ វាសនា​ប្រទេស​ជាតិ​ដ៏​កម្សត់​កម្រ​មួយ​នេះ នឹង​ជួប​គ្រោះថ្នាក់​រហូត​ដល់​អាច​រលត់​រលាយ​ជាតិ​ជាក់​ជាមិនខាន ដូច្នេះ​ដើម្បី​ជាតិ​រីកចម្រើន និង​ពលរដ្ឋ​ខ្លួនឯង​មាន​សុភមង្គល មេដឹកនាំ​ទាំងអស់​ត្រូវតែ​បញ្ចប់​គំនុំ​ផ្ទាល់​ខ្លួន និង​ងាក​ទៅ​រក​ការ​ចរចា​ជាមួយ​គ្នា​ដើម្បី​សាង​កិត្តិយស​របស់​កម្ពុជា​ឡើងវិញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន តាំង​ខ្លួន​ជា​មេដឹកនាំ​ល្អ ហើយ​មិន​ចង់​និយាយ​ជាមួយ​លោក សម រង្ស៊ី ដោយសារ​មូលហេតុ​ផ្ទាល់​ខ្លួន​យ៉ាងណា​នោះ គាត់​ក៏​អាច​និយាយ​ជាមួយ​លោក កឹម សុខា ដែល​តែងតែ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ប្រកាន់​ធម៌​អហិង្សា មិន​យក​ជាតិ​ឯង​ជា​សត្រូវ និង​រក​ការ​រួបរួម​រវាង​ខ្មែរ​និង​ខ្មែរ​កន្លងមក​បាន​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​ធ្វើ​អ្វីៗ​គឺ​ដើម្បី​ខ្មែរ ដោយ​មិន​គិតតែ​បក្ខពួក​ស្វែងរក​បុណ្យ​ស័ក្តិ​លាភសក្ការៈ មិន​ក្បត់​ឆន្ទៈ​រាស្ត្រ មិន​បង្ក​ជម្លោះ មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ឡើយ។ ជាក់ស្តែង លោក​បាន​ធ្វើ​ទំនាក់ទំនង​ការទូត និង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ខ្មែរ​កន្លងមក គឺ​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ទាំងស្រុង។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ដោយសារ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​ពលរដ្ឋ​ខ្មែរ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធ្វើ​ឲ្យ​លោក​បាត់បង់​សេរីភាព​ផ្ទាល់​ខ្លួន​ទាំងស្រុង ដោយសារតែ​ការ​តវ៉ា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ជូន​ពលរដ្ឋ ប៉ុន្តែ​លោក​នៅតែ​មិន​រាថយ​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស