27 C
Phnom Penh

លោក ហ៊ុន សែន ថា​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​គឺ​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បរទេស

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ដែល​ត្រូវ​កាន់​តំណែង​កំពូលៗ​ក្នុង​ស្ថាប័ន​ជាតិ​នេះ គឺ​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋ​បរទេស ដោយ​ការ​បង្កក​ទ្រព្យសម្បត្តិ​មេដឹកនាំ​ធំៗ និង​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ផង និង​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​ខ្លួនឯង​ផង​ដែរ។

បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​រូប​នេះ បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដើម្បី​រៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​សុក្រ ទី​៨ តុលា នេះ​ថា ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​នេះ គឺ​មាន​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់​កម្ពុជា ដែល​អាច​បញ្ចៀស​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស និង​ចៀសវាង​ពី​ការ​កាត់​ពន្ធ​ពី​រដ្ឋ​នៃ​ប្រទេស​ដែល​ខ្លួន​មាន​សញ្ជាតិ​នោះ​ផង​ដែរ​ក្នុង​តំណែង​សំខាន់ៗ​ទាំងនេះ ជាពិសេស​គឺ​តំណែង​ជា​នាយករដ្ឋមន្ត្រី​តែម្តង។

លោក ហ៊ុន សែន បញ្ជាក់​ថា ច្បាប់​នេះ​ត្រូវ​អនុម័ត​ជាបន្ទាន់​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ពី​ឋានៈ​របស់​លោក ដែល​មាន​ការ​ចោទប្រកាន់​ថា​មាន​សញ្ជាតិ​បរទេស។ លោក​បន្ត​ថា បើ​ច្បាប់​នេះ​ចូល​ជាធរមាន លោក​នឹង​ត្រូវ​បញ្ចប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ភ្លាមៗ ប្រសិនបើ​លោក​មាន​សញ្ជាតិ​ពីរ​ដូច​ការ​ចោទប្រកាន់​មែន ប៉ុន្តែ​បើ​លោក​​​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ នោះ​លោក​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។

មេដឹកនាំ​កម្ពុជា​ដែល​ប្ដេជ្ញា​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​គ្មាន​ពេល​កំណត់​រូប​នេះ ព្រមាន​ថា លោក​នឹង​រង់ចាំ​មើល​ថា តើ​អ្នក​ណា​ខ្លះ​ប្រឆាំង​នឹង​ច្បាប់​នេះ ពេល​នោះ​លោក​នឹង​ដឹង​ច្បាស់​ថា អ្នក​ទាំងនោះ​គឺ​មាន​បំណង​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ឬ​គាំទ្រ​អ្នក​ដែល​ត្រៀម​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៨ តុលា នេះ​ថា បុគ្គល​ដែល​ដឹកនាំ​ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​នេះ គឺជា​មនុស្ស​ដែល​លង់​នឹង​អំណាច យកចិត្ត​វៀតណាម ដែល​ឈ្លានពាន​ខ្មែរ ប្រើប្រាស់​ឈ្មោះ​ជាតិ​ខ្មែរ​ជា​ឈ្នាន់ និង​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ជា​ឧបករណ៍​នៃ​នយោបាយ​កុម្មុយនីស្ត​ប្រែ​រូប ដើម្បី​បំភ័ន្ត​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ផែនការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អំពី​បញ្ហា​សញ្ជាតិ​មួយ​នេះ មិន​មាន​ផល​ប្រយោជន៍​អ្វី​បន្តិច​សោះ​សម្រាប់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​វា​នឹង​មាន​ប្រយោជន៍​វែង​ឆ្ងាយ​សម្រាប់​ផែនការ​ផ្ទេរ​អំណាច​បន្ត​វង្ស​ត្រកូល​របស់​គាត់ ដើម្បី​កាន់កាប់​ប្រទេស​កម្ពុជា​ផ្ដាច់មុខ​ទៅ​ថ្ងៃ​ក្រោយ។

ជុំវិញ​បញ្ហា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេលនេះ ព្រោះថា​បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​អ្នក​ដឹកនាំ​ត្រូវតែ​រួម​គ្នា​ដោះស្រាយ​វិបត្តិ​នានា​ជូន​ពលរដ្ឋ ដូចជា​បញ្ហា Covid-19 បញ្ហា​ទឹកជំនន់ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​គ្រឿងញៀន ជាដើម។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​នយោបាយ​ជើងចាស់​ទាំងអស់ បញ្ឈប់​នូវ​ការ​បង្ក​ជម្លោះ​ជា​លក្ខណៈ​បុគ្គល ហើយ​ងាក​ទៅ​ជជែក​គ្នា​លើ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ ដើម្បី​ផ្តល់​ជា​គំរូ​ល្អ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ ក្នុង​ការ​កសាង​ជាតិ​មាតុភូមិ​ឲ្យ​ក្លាយ​ជា​អរិយ​ប្រទេស​នា​ពេល​អនាគត។

ដោយឡែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ តុលា នេះ​ថា លោក ហ៊ុន សែន ខឹងសម្បា​នឹង​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង​ដែល​អនុម័ត​ឲ្យ​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​គាត់ ដូច្នេះ​ដើម្បី​បង្ហាញ​ថា​ខ្លួន​មិន​ស្ថិត​ក្នុង​គំនាប​របស់​អាមេរិក ឬ​ក៏​ខ្លាច​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​នៃ​ច្បាប់​នោះ ក៏​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ឡើង​តែ​ម្តង​ទៅ ប៉ុន្តែ​មិនមែន​ដើម្បី​បញ្ជាក់​ពី​ការ​ស្មោះត្រង់​នឹង​ប្រទេស​ជាតិ​ដូច​គាត់​បាន​អះអាង​នោះ​ទេ។

លោក ម៉ែន ណាត បន្ថែម​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ ដែល​ថា​មេដឹកនាំ​កំពូលៗ​ដែល​មាន​សញ្ជាតិ​ពីរ នឹង​ត្រូវ​បង់​ពន្ធ​ឲ្យ​រដ្ឋ​បរទេស​នោះ គ្រាន់តែ​ជា​ការ​និយាយ​កុហក​ពលរដ្ឋ​ប៉ុណ្ណោះ ព្រោះថា​អ្នក​ដែល​មាន​សញ្ជាតិ​បរទេស​មិន​ត្រូវ​បាន​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​លើ​សញ្ជាតិ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បញ្ហា​ដែល​គួរ​ឲ្យ​ភ័យ​ព្រួយ​នោះ គឺ​មេដឹកនាំ​ដែល​មាន​សញ្ជាតិ​តែ​មួយ ប៉ុន្តែ​ដាក់​ខ្លួន​បម្រើ​បរទេស​ដោយ​ឥត​លក្ខខណ្ឌ នោះ​ទើប​ធ្វើ​ឲ្យ​កម្ពុជា​វិនាស​ពិតប្រាកដ។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ឆ្លង​គណៈរដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ នេះ មាន ៦​មាត្រា ក្នុង​នោះ​មាត្រា​១១៩​ថ្មី (មួយ) ចែង​ថា វរជន​ដែល​នឹង​ត្រូវ​ទទួល​បាន​ការ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី ត្រូវតែ​ជា​តំណាងរាស្ត្រ​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ដោយឡែក​មាត្រា​១០៦ មាត្រា​១៣៧ និង​មាត្រា​៨២ ដែល​ចែង​ពី​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏​តម្រូវ​ឲ្យ​ពួកគេ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​តែ​មួយ​គត់​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស