38.1 C
Phnom Penh

ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ​រង​ការ​ចោទ​ថា​យក​លុយ​ជា​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាណាព្យាបាល​មួយ​ចំនួន​បាន​ចោទ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​បាន​ឃុបឃិត​គ្នា​បង្កើត​កម្មវិធី​ប្រមូល​លុយ​ពី​អាណាព្យាបាល​ជា​សាធារណៈ លើ​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដល់​កុមារ ដែល​ប្រាសចាក​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

អាណាព្យាបាល​ម្នាក់​មាន​វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ខណ្ឌ​សែនសុខ ដែល​នាំ​កូនស្រី​ទៅ​ចាក់​វ៉ាក់សាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដឹង​តាម Messenger Facebook នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​តុលា នេះ​ថា រូបភាព​នៃ​ការ​ប្រមូល​លុយ​ពី​អាណាព្យាបាល​កុមារ​របស់​ក្រុម​គ្រូពេទ្យ​នោះ ធ្វើឡើង​ដោយ​យក​ប្រអប់ ឬ​កេស​សម្រាប់​ដាក់​ម៉ាស់ យក​ទៅ​ដាក់​តាំង​នៅ​លើ​តុ​ដើម្បី​ទុក​ឱ្យ​អាណាព្យាបាល​របស់​កុមារ​ដែល​នាំ​កូនៗ​ទៅ​ចាក់​វ៉ាក់សាំង​ទាំងនោះ ដាក់​លុយ​ចូល​ក្នុង​ប្រអប់​នោះ​ចាប់ពី ៥​ពាន់​រៀល​ទៅ ១០​ដុល្លារ​អាមេរិក ជា​ថ្នូរ​ឲ្យ​កូនៗ​របស់​ពួកគាត់​អាច​ឆាប់​បាន​ចាក់​វ៉ាក់សាំង មិន​រង់ចាំ​យូរ។

ប្រភព​បន្ត​ទៀត​ថា ភាព​មិន​ប្រក្រតី​ទាំងនេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ក្នុង​អាសយដ្ឋាន​ដី​ឡូត៍​លេខ​៣២៨ ផ្លូវ​សែនសុខ៥ ភូមិ​សែនសុខ៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​ជួរ​មុខ ឬ​បុគ្គលិក​ដែល​ជា​កន្លែង​ផ្ដល់​លេខ​រៀង និង​បំពេញ​ប្រវត្តិរូប​ឱ្យ​កុមារ​នៅ​ទីតាំង​ខាងលើ មាន​គ្នា​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​បុរស ៣​នាក់ និង​ស្ត្រី ២​នាក់។ ប្រភព​ដដែល​បញ្ជាក់​ថា ប្រសិនបើ​មិន​ដាក់​លុយ​ចូល​ប្រអប់​នេះ​ទេ នោះ​ក្រុម​គ្រូពេទ្យ​នឹង​ប្រើ​ពាក្យ​សម្ដី​មិន​សូវ​ពីរោះ ឬ​មាន​អាកប្បកិរិយា​មិន​សមរម្យ​មក​លើ​អាណាព្យាបាល​ទាំងនោះ។

បន្ថែម​លើ​នេះ នៅ​ពេល​អាណាព្យាបាល​បាន​បំពេញ​បែបបទ​រួច​ហើយ គឺ​កុមារ​ត្រូវ​ទៅ​អង្គុយ​រង់ចាំ​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​មួយ​ដែល​បាន​រៀបចំ​ទុក​នៅ​ផ្នែក​ខាង​ក្នុង។ ប៉ុន្តែ​ជា​រឿយៗ គេ​តែង​សង្កេត​ឃើញ​ក្រុម​គ្រូពេទ្យ​បាន​លើក​យក​ថ្នាំ​វ៉ាក់សាំង​ទៅ​ចាក់​ឱ្យ​ក្មេងៗ​អ្នក​មាន​ខ្សែ និង​បក្ខពួក​របស់​គេ ដោយ​ទុក​ឲ្យ​ក្រុម​កុមារ​គ្មាន​ខ្សែ ឬ​គ្មាន​បក្ខពួក​ទាំងនោះ​អង្គុយ​រង់ចាំ​អូស​បន្លាយ​ពេល​រាប់​ម៉ោង។

ករណី​ស្រដៀង​គ្នា​នេះ មាន​អាណាព្យាបាល​ផ្ញើ​សារ​មក​កាន់​សារព័ត៌មាន The Cambodia Daily ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​ផង​ដែរ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នក​នាំពាក្យ ដើម្បី​បំភ្លឺ​ជុំវិញ​ភាព​មិន​ប្រក្រតី​ខាងលើ​បាន​ទេ នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ។ ប៉ុន្តែ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក បាន​ដកស្រង់​សម្ដី​អ្នកស្រី ឱ វណ្ណឌីន ផ្សាយ​ថា អ្នកស្រី​មិន​បាន​ដឹង​រឿង​ខាងលើ​នេះ​ទេ។

ប៉ុន្តែ​អ្នកស្រី ឱ វណ្ណឌីន ទទួលស្គាល់​ថា កន្លងមក​មាន​អាណាព្យាបាល​ខ្លះ​ជូន​កូនៗ​មក​យឺត និង​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជាដើម ដោយ​ស្នើសុំ​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សម្រួល ហើយ​អាណាព្យាបាល​មួយ​ចំនួន​នោះ​ក៏​បាន​ជូន​លុយកាក់​តិចតួច​ទៅ​ក្រុម​គ្រូពេទ្យ​ទាំងនោះ តែ​នេះ​វា​ជា​រឿង​ពួកគាត់​ថ្លែង​អំណរគុណ​ពេទ្យ​តែប៉ុណ្ណោះ។ អ្នកស្រី ឱ វណ្ណឌីន បាន​សន្យា​ថា​នឹង​ឱ្យ​ខាង​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល ចុះ​ស្រាវជ្រាវ​លើ​ករណី​មិន​ប្រក្រតី​ទាំងនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស