38 C
Phnom Penh

លោក សម រង្ស៊ី៖ ព្រះមហាក្សត្រ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ច្បាប់​កំណត់​សញ្ជាតិ​ត្រូវ​បាន​អនុម័ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ដែល​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ខ្មែរ​ត្រូវ​បាន​អនុម័ត ដើម្បី​ធ្វើជា​គំរូ​ក្នុង​នាម​ព្រះអង្គ​ជា​ព្រះប្រមុខរដ្ឋ​របស់​ប្រជារាស្ត្រ​ខ្មែរ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​ក៏​បាន​លើកឡើង​នូវ​ទស្សនៈ​ស្រដៀង​គ្នា​ជុំវិញ​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ដែរ។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា លោក​ទទួល​បាន​ប្រភព​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត​ពី​ព្រះបរមរាជវាំង​ថា ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រាប់​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ណា ព្រះអង្គ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​មួយរំពេច​នៅ​ថ្ងៃ​នោះ​តែម្តង ដើម្បី​ធ្វើជា​គំរូ​សម្រាប់​មេដឹកនាំ​របស់​កម្ពុជា។

មេ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ច្បាប់​កំណត់​សញ្ជាតិ​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​ជំរុញ​ឱ្យ​រដ្ឋសភា​អនុម័ត​នោះ គឺ​ច្បាស់​ជា​ចេញ​មិន​រួច​ជាដាច់ខាត ព្រោះថា​ការ​បង្កើត​ច្បាប់​នេះ គឺ​បង្ហាញ​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​ធ្ងន់ធ្ងរ ត្បិត​ព្រះមហាក្សត្រ​ខ្មែរ​មាន​សញ្ជាតិ​រហូត​ដល់​ទៅ​បី​ឯណោះ គឺ​សញ្ជាតិ​ខ្មែរ សញ្ជាតិ​បារាំង និង​សញ្ជាតិ​ឆែក (Tchèque) ផង​នោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា ក្នុង​នាម​ព្រះប្រមុខរដ្ឋ​របស់​កម្ពុជា​ដែល​គង់​លើ​រាជបល្ល័ង្គ គឺ​ព្រះអង្គ​មាន​តំណែង​ខ្ពង់ខ្ពស់​ជាងគេ​បង្អស់ ដូច្នេះ​ព្រះអង្គ​ត្រូវតែ​ផ្តល់​នូវ​ភាព​ជា​គំរូ​ទៅ​ថ្នាក់​ដឹកនាំ​ទាំងអស់​តាម​ច្បាប់​ថ្មី​ដែល​តម្រូវ​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នោះ។

ការ​អះអាង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើត​ឱ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

ទោះជាយ៉ាងណាក៏ដោយ អតីត​លេខា​ផ្ទាល់​របស់​ព្រះមហាវីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ប្រាប់ The Cambodia Daily ថា ព្រះអង្គ​មិន​បាន​ព័ត៌មាន​ណាមួយ​ដែល​បញ្ជាក់​ថា​ព្រះមហាក្សត្រ នរោត្តម សីហមុនី គ្រោង​ដាក់​រាជ្យ​ដោយសារ​បញ្ហា​ច្បាប់​កំណត់​សញ្ជាតិ​មួយ​នោះ​ទេ។ ព្រះអង្គ​មាន​បន្ទូល​ថា ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​មួយ​នេះ​មិន​បាន​ប៉ះទង្គិច​ដល់​អង្គ​ព្រះមហាក្សត្រ​ទេ ដោយសារ​ព្រះអង្គ​មិន​កាន់​អំណាច ហើយ​ច្បាប់​នេះ​ទៀតសោត​ក៏​មិន​បាន​សំដៅ​ដល់​ព្រះមហាក្សត្រ​នោះ​ដែរ។

ព្រះអង្គ​មាន​បន្ទូល​ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី មិន​មាន​សញ្ជាតិ​បី​ដូច​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី នោះ​ទេ។ ព្រះអង្គ​មាន​សញ្ជាតិ​តែ​ពីរ​ប៉ុណ្ណោះ គឺ​សញ្ជាតិ​បារាំង និង​សញ្ជាតិ​ខ្មែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ឯ​វិមាន​សន្តិភាព​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ដែល​នឹង​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន ដូចជា​មាត្រា​១១៩ ជាដើម ដើម្បី​បង្កើត​ឲ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ ដូចជា​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី ក្នុង​បំណង​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​ខ្មែរ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ តុលា នេះ​ថា ដើម្បី​ឲ្យ​មេដឹកនាំ​របស់​ស្ថាប័ន​កំពូលៗ​អាច​ប្រើប្រាស់​អំណាច​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​ពិតប្រាកដ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ប៉ុន្តែ​ត្រូវ​តម្រូវ​ឱ្យ​សមាជិក​នៃ​ស្ថាប័ន​ទាំងនោះ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គ្រប់​គ្នា​ទាំងអស់ បើមិនដូច្នោះទេ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​គ្មាន​ន័យ ឥត​ប្រយោជន៍ និង​គ្មាន​បានការ​អ្វី​ទាំងអស់។

លោក​អះអាង​ថា សូម​កុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​នេះ ព្រោះថា​ច្បាប់​នេះ​កើតឡើង​ដោយសារ​កំហឹង​បុគ្គល និង​បុគ្គល​ប៉ុណ្ណោះ ដែល​មិនមែន​ជា​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ត្បិត​ច្បាប់​ដែល​មាន​ស្មារតី​គតិបណ្ឌិត​ពិតប្រាកដ គឺ​នឹង​មិន​កើត​ឡើង​ដោយសារ​ការ​លោភលន់ ឬ​កំហឹង​របស់​អ្នក​បង្កើត​ច្បាប់​នោះ​ឡើយ។

លោក​បញ្ជាក់​ថា បើ​បង្កើត​ច្បាប់​នេះ​គ្រាន់តែ​ដើម្បី​កុំ​ឱ្យ​អតីត​មេ​បក្ស​ប្រឆាំង​ធ្វើជា​នាយករដ្ឋមន្ត្រី គឺ​មិន​មាន​ការ​ចាំបាច់​ដល់​ម្ល៉ឹង​នោះ​ទេ ព្រោះថា​តាម​ទោស​របស់​លោក សម រង្ស៊ី ដែល​តុលាការ​កម្ពុជា​បាន​ចោទ​ពី​បទ​ព្រហ្មទណ្ឌ​ធ្ងន់ៗ​កន្លងមក នឹង​មិន​អាច​ឲ្យ​គាត់​ទៅ​ធ្វើជា​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​គណបក្ស​នយោបាយ​ណាមួយ​បាន​ទេ ព្រមទាំង​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ដែល​មិន​អាច​ឲ្យ​គាត់​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​ផង​ដែរ ដូច្នេះ កុំ​ថា​ឡើយ​ដល់​ទៅ​ធ្វើ​នាយករដ្ឋមន្ត្រី​នោះ។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ឆ្លង​គណៈរដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ មាន ៦​មាត្រា ក្នុង​នោះ​មាត្រា​១១៩​ថ្មី (មួយ) ចែង​ថា វរជន​ដែល​នឹង​ត្រូវ​ទទួល​បាន​ការ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី ត្រូវតែ​ជា​តំណាងរាស្ត្រ​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ដោយឡែក​មាត្រា​១០៦ មាត្រា​១៣៧ និង​មាត្រា​៨២ ដែល​ចែង​ពី​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏​តម្រូវ​ឲ្យ​ពួកគេ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​តែ​មួយ​គត់​ផង​ដែរ។

គិត​តាំងពី​ឆ្នាំ​១៩៩៤ មក រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ៩​លើក​រួច​មក​ហើយ។ ការ​ធ្វើ​វិសោធនកម្ម​លើកដំបូង គឺ​នៅ​ឆ្នាំ​១៩៩៤ ដើម្បី​ផ្ដល់​សិទ្ធិ​ដល់​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះហត្ថលេខា​លើ​ព្រះរាជក្រម ឬ​ព្រះរាជក្រឹត្យ នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៧ ដែល​គេ​ចាត់ទុក​ថា​ជា​ការ​ធ្វើ​វិសោធនកម្ម​ដ៏​អាក្រក់​មួយ​ក្នុង​ទិសដៅ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​បិទ​សិទ្ធិ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ឲ្យ​ធ្វើ​នយោបាយ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស