27 C
Phnom Penh

លោក ហ៊ុន សែន៖ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​ប្រទាក់​ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ដែល​មាន​ស្រាប់ និង​បង្ការ​ហានិភ័យ​ថ្មីៗ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នេះ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​គ្រោះ​មហន្តរាយ​នៅ​មាន​កម្រិត​ទាប​នៅឡើយ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ដើម្បី​អបអរ​សាទរ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ទៅកាន់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក ដោយ​ឈរ​លើ​ស្មារតី​ជួយ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​រដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​លើ​ប្រជាពលរដ្ឋ។

លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ត្រៀម​បង្ការ និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ពី​ទឹកជំនន់ រដ្ឋាភិបាល​បាន​បង្កើន​សមិទ្ធផល​ជាច្រើន​ដូចជា​ការ​គ្រប់គ្រង​ធនធាន​ទឹក ការ​ស្ដារ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្រេចស្រាប់​ឡើងវិញ ជាដើម។

ដោយឡែក​ក្នុង​អំឡុង​គ្រោះ​មហន្តរាយ​ជំងឺ Covid-19 រដ្ឋាភិបាល​បាន​អនុវត្ត​ចំណុច​យុទ្ធសាស្ត្រ​គន្លឹះ គឺ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​អនុវត្ត​វិធានការ​សុខាភិបាល​ជាបន្តបន្ទាប់​ផង​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក៏​ត្រូវ​បន្ត​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ ថែរក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ ដើម្បី​ធានា​សុខមាលភាព​ជីវភាព​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​បន្ថែម​ទៀត។

កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ឱ្យ​មាន​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​បាន​កំណត់​យក​ថ្ងៃ​ទី​១៣ ខែ​តុលា ជា​រៀងរាល់​ឆ្នាំ រួម​ជាមួយ​ទិវា​អាស៊ាន និង​ទិវា​ពិភពលោក​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​គ្រប់គ្រង និង​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​សម្រាប់​ប្រជាពលរដ្ឋ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ តុលា នេះ​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ផែនការ​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​កន្លងមក​គ្រាន់តែ​ជា​ការ​ជួយ​ដោយ​ពេលៗ​តែប៉ុណ្ណោះ មិនមែន​ជា​វិធានការ​មុតមាំ​ក្នុង​ការ​ធានា​អាយុ​ជីវិត​ពលរដ្ឋ​ពី​គ្រោះ​មហន្តរាយ​ដែល​បាន​កើតមាន​នោះ​ឡើយ។

លោក​អះអាង​ថា ក្នុង​អំឡុង​វិបត្តិ Covid-19 ពិត​មែន​ថា​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​មហន្តរាយ​នេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​តិច​ទេ​ដែល​ជួប​ការ​លំបាក​ដោយ​ការ​ដាច់​ស្បៀង ដោយសារ​គ្មាន​ផែនការ​ច្បាស់លាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​របស់​ខ្លួន បញ្ហា​នេះ​បណ្តាល​ឱ្យ​ពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ធំ​ដែល​ត្រូវ​បិទ​ខ្ទប់​រហូត​ដាច់​បាយ​ក៏​មាន។

លោក មឿន តុលា បញ្ជាក់​ថា ដើម្បី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​បាន​ល្អ រដ្ឋាភិបាល​មិន​អាច​គិត​តែ​ពី​រឿង​ផ្តល់​ជំនួយ ទាំង​ដែល​ជំនួយ​មិន​គ្រប់គ្រាន់​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដូចជា​ករណី​ទឹកជំនន់ ជាដើម រដ្ឋាភិបាល​ត្រូវតែ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​លុប​បឹងបួ​ជាដើម ព្រោះថា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ គឺ​ជា​ដើមចម​មួយ​យ៉ាង​ចម្បង​ក្នុង​ការ​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ទឹកជំនន់​នេះ។

កាលពី​ចុង​ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ទឹកជំនន់​បាន​បង្ក​ឲ្យ​លិចលង់​ខេត្ត​ចំនួន​១៩ ដែល​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ដូចជា​ផ្ទះ​រាប់​ម៉ឺន​ខ្នង និង​ស្រូវ​រាប់​ពាន់​ហិកតារ។

ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ផង​ដែរ ប៉ុន្តែ​ត្រូវ​រង​ការ​រិះគន់​ថា​ការ​ចែក​អំណោយ​នោះ​ធ្វើ​ឡើង​ដោយ​រើសអើង​និន្នាការ​នយោបាយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស