38 C
Phnom Penh

ចិន​បន្ត​ផ្ទេរ​រូបភាព​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សំណង់​ថ្មីៗ​ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក អំពី​អនាគត​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា ដែល​បាន​កើតឡើង​ជាច្រើន​ឆ្នាំ​មក​នេះ ដែល​ថា​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន ត្រូវ​បាន​គេហទំព័រ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សមុទ្រ​អាស៊ី បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​ទី​១២ តុលា នេះ។

យោង​តាម​ប្រភព​នេះ គឺ​រូបភាព​ផ្កាយរណប​នៃ​ក្រុមហ៊ុន Maxar Technologies and Planet Labs បង្ហាញ​ថា យ៉ាង​តិច​មាន​សំណង់​ថ្មី ៣​កន្លែង​ទៀត​កំពុង​ពន្លឿន​ការ​ស្ថាបនា​នៅ​ក្នុង​រវាង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ហើយ​ជាមួយ​គ្នា​នេះ មាន​ផ្លូវ​មួយ​ខ្សែ​ថ្មី​ត្រូវ​បាន​ស្ថាបនា ខណៈ​ទីតាំង​ច្រើន​ទៀត​មាន​ការ​ផ្លាស់ប្ដូរ។

ផ្កាយរណប​របស់​ក្រុមហ៊ុន Maxar Technologies បាន​បង្ហាញ​ទៀត​ថា ក្នុង​រវាង​ថ្ងៃ​ទី​៩ សីហា ដល់​ថ្ងៃ​ទី​២២ ខែ​សីហា សំណង់​ចំនួន​ពីរ​ថ្មី​ក្នុង​ចំណោម​បី ស្ថិត​ក្នុង​ទីតាំង​ថ្មី​នៅ​ភាគ​ខាងជើង​មូលដ្ឋាន​ឆ្នេរ​រាម ហើយ​សំណង់​ពីរ​នេះ​កំពុង​ស្ថាបនា​ដែល​អាច​ស្ថាបនា​ហើយ​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នា​ពេល​ខាងមុខ​នេះ។

កាលពី​ចុង​ខែ​សីហា ផ្លូវ​ថ្មី​មួយ​ខ្សែ​ចេញពី​ទ្វារ​មូលដ្ឋាន​រាម​នៅ​ភាគ​ខាងត្បូង​ឆ្ពោះ​ទៅ​តំបន់​ឆ្នេរ ក៏​កំពុង​ស្ថាបនា ហើយ​ទីនោះ​ជា​សំណង់​ថ្មី​ច្រើន​ថែម​ទៀត​អាច​នឹង​ត្រូវ​ស្ថាបនា​ហើយ​នៅ​ខែ​តុលា នេះ។

ចំណែក​ការងារ​បោស​សម្អាត​ព្រៃ និង​ផ្លូវ​បាន​រួចរាល់​ហើយ​តាំងពី​ខែ​សីហា ប៉ុន្តែ​នៅ​ខាងក្រោយ​មូលដ្ឋាន​នេះ​មាន​អគារ​មន្ទីរពេទ្យ​មួយ​ស្ថាបនា​ដោយ​មូលនិធិ​របស់​ប្រទេស​វៀតណាម ក៏​ឃើញ​មាន​នៅ​ទីនោះ​ដែរ។ គេហទំព័រ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សមុទ្រ​អាស៊ី ឱ្យ​ដឹង​ថា ចាប់តាំង​ពី​ខែ​សីហា មក គឺ​សំណង់​ជាច្រើន​ត្រូវ​បាន​ស្ថាបនា​រួច​ហើយ។ ចំណែក​ឯ​ទីបញ្ជាការ​បច្ចេកទេស​មួយ​ដែល​គាំទ្រ​ដោយ​មូលនិធិ​អាមេរិក នៅតែ​ដួល​នៅឡើយ តែ​ដើមឈើ​ធំៗ​នៅ​ក្បែរ​អគារ​នោះ​ត្រូវ​បាន​កាប់​ផ្ដួល​រលំ និង​បោស​សម្អាត។

កាលពី​អំឡុង​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman មក​កាន់​កម្ពុជា នៅ​ថ្ងៃ​ទី​១ មិថុនា អ្នកស្រី​បាន​លើកឡើង​នូវ​ក្ដី​បារម្ភ​អំពី​អនាគត​មូលដ្ឋាន​ឆ្នេរ​រាម​ថា​អាច​ជា​ទីតាំង​របស់​កងទ័ព​ចិន។ ប៉ុន្មាន​ថ្ងៃ​មក មន្ត្រី​យោធា​កម្ពុជា​ដឹកនាំ​មន្ត្រី​សេនានុព័ន្ធ​យោធា​អាមេរិក​ទៅ​ពិនិត្យ​មើល​ទីតាំង​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ តែ​អាមេរិក​ខកចិត្ត ព្រោះ​ទីតាំង​មួយ​ចំនួន​ដែល​ចង់​ទៅ​មើល​ផ្ទាល់​ត្រូវ​បាន​កម្ពុជា​ហាមឃាត់។

ក្រោយ​ពី​ត្រឡប់​ពី​ទស្សនកិច្ច​វិញ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​បាន​លើកឡើង​ថា នៅ​ក្នុង​ពេល​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​សេនានុព័ន្ធ​យោធា​ទៅ​មើល​គ្រប់​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នោះ​ទេ។ នៅ​ពេល​ដឹង​ច្បាស់​ថា លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន​អស់ គឺ​លោក​វរសេនីយ៍ឯក Ferrara បាន​បញ្ចប់​ការ​ដើរ​មើល ហើយ​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​កំណត់​ពេល​ទស្សនកិច្ច​ឡើងវិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​មើល​គ្រប់​កន្លែង​នៅ​ក្នុង​ពេល​ខាងមុខ។

សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ជាច្រើន​ដង​ថា វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ឆ្នេរ​រាម ឬ​នៅ​លើ​ទឹកដី​កម្ពុជា ទោះ​ជា​នៅ​ទីណា​ក៏ដោយ អាច​ជា​ការ​បង្ក​អស្ថិរភាព​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។

ដោយ​ឆ្លើយតប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក ឧត្ដមនាវីទោ ម៉ី ឌីណា នាយសេនាធិការ​មូលដ្ឋាន​សមុទ្រ​រាម​កម្ពុជា​បាន​លើកឡើង​ថា ពុំ​មាន​កន្លែង​ណា​ដែល​មន្ត្រី​ទ័ព​ជើងទឹក​កម្ពុជា​ហាម​លោក​វរសេនីយ៍ឯក Marcus Ferrara ទៅ​មើល​នោះ​ទេ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក។ លោក ទៀ បាញ់ បាន​ហៅ​អាមេរិក​ថា​ជា​ប្រទេស​មួយ​ដែល​ព្យាយាម​ប្រើ​ឥទ្ធិពល​លើ​កម្ពុជា គឺ​ចង់​ឱ្យ​កម្ពុជា​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​គេ​គិត​ថា​ល្អ និង​ត្រឹមត្រូវ តែ​លោក​ថា​មិន​ចេះ​តែ​អនុវត្ត​តាម​នោះ​ទេ ព្រោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ។

តែ​យ៉ាងណា លោក​រដ្ឋមន្ត្រី​អះអាង​ថា ទោះ​ជា​ចិន​បញ្ជូន​អ្នកជំនាញ​របស់​ខ្លួន​មក​ជួយ​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម​របស់​កងទ័ព​ជើងទឹក​ក្នុង​ខេត្ត​ព្រះសីហនុ នេះ គឺ​ពុំ​មែន​ជា​ជំនួយ​ដើម្បី​ឱ្យ​កម្ពុជា​ធ្វើ​តាម​ចិន​នោះ​ទេ ហើយ​សំណង់​នោះ​ក៏​មិន​ធ្វើឡើង​សម្រាប់​កងទ័ព​ចិន​នោះ​ដែរ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក៏​បាន​ជួប​នឹង​លោក​នាយករដ្ឋមន្ត្រី​ផង​ដែរ។

ក្នុង​ជំនួប​នោះ អ្នកស្រី Wendy Sherman បាន​ស្នើ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​លើ​ចំណុច​កណ្ដាល​នៃ​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​លម្អៀង​ជ្រុល​ខ្លាំង​ពេក​នាំ​ឱ្យ​មាន​បញ្ហា​ដល់​កម្ពុជា​ផង និង​តំបន់​ផង។

មិន​ត្រឹមតែ​លើក​បញ្ហា​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នោះ​ទេ គឺ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ដែល​បាន​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើកឡើង​អំពី​តួនាទី​សំខាន់​របស់​អាមេរិក និង​ដៃគូ​ផ្សេង​ទៀត​ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ជំនួយ​របស់​អាមេរិក​ដែល​បាន​ផ្តល់​ដល់​កម្ពុជា​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស និង​សេដ្ឋកិច្ច​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ មក​នោះ។

តែ​អ្នកស្រី​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំងក្លា​ចំពោះ​អនាគត​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា និង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មើល​ទៅ​អ្នកស្រី​ចង់​ប្រាប់​លោក ហ៊ុន សែន អំពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅ​ឆ្នាំ​១៩៩៣ ដែល​កើត​រូបរាង​តាមរយៈ​កិច្ចព្រមព្រៀង​អន្តរជាតិ​សម្រាប់​សន្តិភាព​នៅ​កម្ពុជា ឆ្នាំ​១៩៩១ ដែល​រដ្ឋធម្មនុញ្ញ​នេះ​ហាម​កម្ពុជា​ក្លាយ​ជា​ទីតាំង​នៃ​កងទ័ព​បរទេស។

ដោយ​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​សួរ​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ហ៊ុន សែន បាន​អះអាង​ថា កំពង់ផែ​រាម​គឺ​ប្រទេស​ណា​មួយ​ក៏​អាច​ឆ្លងកាត់​ទីនោះ​បាន​ដែរ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ត្រូវ​បាន​ចោទ​សួរ​ផង​ដែរ​ដោយ​មេដឹកនាំ​វៀតណាម កាលពី​ឆ្នាំ​២០១៩ នៅ​ពេល​មេដឹកនាំ​កម្ពុជា​រូប​នេះ​ទៅកាន់​វៀតណាម។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ពិត​ណាស់​មិន​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​មាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្ដី សម្រាប់​អាមេរិក​ទំនង​មិន​អស់​ចិត្ត​ឡើយ។

អ្វី​ជា​ការ​កត់សម្គាល់ គឺ​គេហទំព័រ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សមុទ្រ​អាស៊ី បែរជា​បាន​បង្ហើប​ថា មាន​សំណង់​មន្ទីរពេទ្យ​មួយ​ក្នុង​បរិវេណ​ឆ្នេរ​រាម​ស្ថាបនា​ដោយ​មូលនិធិ​របស់​ប្រទេស​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស