33 C
Phnom Penh

ត្រីផ្សោត​សមុទ្រ​ធំ​មួយ​ក្បាល​ស្លាប់​អណ្ដែត​មក​លើ​ឆ្នេរ​ព្រែកត្រែង​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​នេសាទ​បាន​ប្រទះឃើញ​ត្រីផ្សោត​សមុទ្រ​ធំ​មួយ​ក្បាល បាន​ស្លាប់​អណ្ដែត​មក​លើ​ឆ្នេរ​ព្រែកត្រែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ។

ប្រជា​នេសាទ​បញ្ជាក់​ថា ពួកគាត់​មិន​ដឹង​ថា ត្រីផ្សោត​ធំ​មួយ​ក្បាល​នេះ​ស្លាប់​តាំងពី​ថ្ងៃ​ណា ឬ​រសាត់​មកពី​ទីកន្លែង​ណា​ទេ ដោយ​បាន​ឃើញ​រសាត់​មក​ទើរ​នៅ​ឆ្នេរ​ព្រែកត្រែង​នៅ​ព្រលឹម​ថ្ងៃ​នេះ ហើយ​ក៏​បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ឲ្យ​ចុះ​មក​ពិនិត្យ។

ទាក់ទិន​បញ្ហា​នេះ លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ត្រូវ​បាន​គេហទំព័រ​ក្នុង​ស្រុក​មួយ​ឈ្មោះ “កម្ពុជា​ថ្ងៃ​នេះ” ដកស្រង់​សម្ដី​មក​ចុះផ្សាយ​ថា តាម​ការ​ពិនិត្យ និង​សាកសួរ​អ្នក​នេសាទ គឺ​ត្រីផ្សោត​ធំ​មួយ​ក្បាល​ដែល​ស្លាប់​អណ្ដែត​មក​ទើរ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ស្ថិត​ក្នុង​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ កាល​ពី​ព្រឹក​មិញ គឺ​បាន​ស្លាប់​មួយ​អាទិត្យ​កន្លងមក​ហើយ។

លោក​បន្ត​ថា ត្រីផ្សោត​នេះ​មាន​ទម្ងន់​ប្រហែល​ជាង ១១០​គីឡូក្រាម ហើយ​មាន​បណ្តោយ ១,៨០​ម៉ែត្រ និង​ទទឹង ០,៨០​ម៉ែត្រ។

លោក ឯម ភា បញ្ជាក់​ថា ត្រីផ្សោត​ខាងលើ​នេះ​ជា​ប្រភេទ​ផ្សោត​ច្រមុះ​ដប​ចំពុះ​វែង (common bottle nose) ហើយ​ត្រីផ្សោត​ប្រភេទ​នេះ​ឃើញ​មាន​រស់នៅ​តំបន់​កោះ​ព្រីង ឆ្នេរ​ខែម មុខ​ឆ្នេរ​រាម និង​នៅ​ប្រជុំ​កោះរ៉ុង ហើយ​ជា​ប្រភេទ​សត្វ​កម្រ​ដែល​ការពារ​ដោយ​អនុក្រឹត្យ។

លោក​បន្ត​ថា តាម​ការ​សន្និដ្ឋាន ត្រីផ្សោត​ដែល​ស្លាប់​នេះ​ដោយសារ​ជាប់​មង​របស់​ប្រជា​នេសាទ ទើប​បណ្តាល​ឲ្យ​ស្លាប់ ហើយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​កប់​ត្រីផ្សោត​នេះ​នៅ​លើ​ឆ្នេរ​ព្រែកត្រែង ជិត​កន្លែង​ប្រទះឃើញ​ត្រីផ្សោត​នោះ​ស្លាប់​រួច​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស