26 C
Phnom Penh

អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 បាន​កើន​ឡើង​ដល់ ២៥​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ តុលា

បទវិភាគ

អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 បាន​កើន​ឡើង​ដល់ ២៥​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ជា​តួលេខ​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​ជាង​សព្វ​មួយ​ដង​នៃ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយសារ​ជំងឺ Covid-19 បើ​ទោះបីជា​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​បាន​ថយ​ចុះ​ពី​ជិត ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ មក​នៅ​ជាង ២០០​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​ហើយ​ក្តី។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​នៃ​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ២៥​នាក់ និង​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ២៦៨​នាក់ ខណៈ​អ្នក​ដែល​បាន​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៣៥៩​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ស្លាប់​ដោយសារ​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ទៅ ២៥៨៤​នាក់ ខណៈ​អ្នក​ឆ្លង​សរុប​បាន​កើន​ឡើង​ជាង ១​សែន ១​ម៉ឺន​នាក់ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ១​សែន ៩​ពាន់​នាក់​ផង​ដែរ។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ពី​បច្ចុប្បន្នភាព​នៃ​អ្នក​ស្លាប់ អ្នក​ឆ្លង និង​អ្នក​ជាសះស្បើយ​ពី​ជំងឺ Covid-19 ប្រចាំ​ថ្ងៃ បើ​ទោះបី​ក្រសួង​សុខាភិបាល​នៅតែ​បន្ត​រឹត​បន្តឹង​វិធានការ​របស់​ខ្លួន​ជាបន្តបន្ទាប់​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ទទួល​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ប្រជាពលរដ្ឋ​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង​ភាគច្រើន​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19 គឺ​ដោយសារ​ពួកគេ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នេះ​បញ្ជាក់​ថា ករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ចំនួន ១៥​នាក់​កាលពី​ថ្ងៃ​ពុធ ១៤​នាក់​មិន​បាន​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ក្រសួង​បាន​ចាក់​វ៉ាក់សាំង Covid-19 ដល់​មនុស្ស​ពេញវ័យ​ដូស​ទី​១ បាន​ជាង ១៣​លាន ៥​សែន​នាក់​ហើយ រីឯ​ដូស​ទី​២ បាន​ជាង ១២​លាន ១​សែន​នាក់ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ១​លាន ១​សែន​នាក់​ផង​ដែរ។ ដោយឡែក​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ ចាក់​បាន ៩០,០៧% និង​កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​ចាក់​បាន​ដល់​ទៅ ៩៧,០៨% ឯណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស