24 C
Phnom Penh

តៃវ៉ាន់​ព្រមាន​វាយប្រហារ​លើ​ចិន បើ​កងទ័ព​ចិន​មក​កៀក​នឹង​តំបន់​ប្រកាស​អាសន្ន​របស់​តៃវ៉ាន់

បទវិភាគ

រយៈពេល​ជិត ២​សប្ដាហ៍​មក​នេះ ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ១៥២​គ្រឿង ឱ្យ​ហោះ​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ដែន​ការពារ​អាកាស​តៃវ៉ាន់ ដែល​នាំ​ឱ្យ​មេដឹកនាំ​ដែន​កោះ​នេះ​ប្រកាស​ប្រាប់​ពិភពលោក​ថា ការ​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ចិន មក​លើ​តៃវ៉ាន់​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ពេលនេះ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ សង្គ្រាម​វោហារសាស្ត្រ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន។ លោក ស៊ី បាន​ប្រាប់​ទៅ​តៃវ៉ាន់​ឱ្យ​រៀបចំ​ខ្លួន​ឲ្យ​ហើយ​ទៅ​ដើម្បី​មក​រស់នៅ​ក្រោម​ដំបូល​របស់​ក្រុង​ប៉េកាំង ដែល​លោក​ថា​គឺជា​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​ជាមួយ​កោះ​តៃវ៉ាន់​យ៉ាង​ពេញលេញ​ដោយ​សន្តិវិធី។ ប៉ុន្តែ​ការ​ចុះចាញ់ ឬ​ចុះញ៉ម​ដោយ​ស្ម័គ្រចិត្ត​របស់​តៃវ៉ាន់ មើល​ទៅ​ដូចជា​មិន​ទៅ​រួច​ទេ​សម្រាប់​មេដឹកនាំ​តៃវ៉ាន់​ស្ត្រី​ខ្លាំង​រូប​នេះ។ អ្នកស្រី​បាន​ទាត់​ចោល​គំនិត​របស់​លោក ស៊ី ដោយ​ចំអក​ថា តៃវ៉ាន់​គ្មាន​ផ្លូវ​ទៅ​ជ្រក​ក្រោម​ដំបូល​កុម្មុយនីស្ត​នោះ​ទេ។ បើ​ដូចនេះ ទំនង​ជៀស​មិន​រួច​ទេ​នៃ​ការ​ប្រើប្រាស់​កម្លាំង​យោធា​វាយប្រហារ​គ្នា​ដែល​ជា​អំបូរ​សាច់ឈាម​តែ​មួយ។

ក្នុង​ពេល​ដែល​លោក ស៊ី បាន​ថ្លែង​ដូចនេះ ក៏​ស្រាប់​តែ​ចិន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៣​គ្រឿង​ថែម​ទៀត​ឲ្យ​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​ម្ដង​ទៀត​កាលពី​ថ្ងៃ​ទី​១០ តុលា គឺ​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​លោក ស៊ី បាន​ប្រាប់​ទៅ​តៃវ៉ាន់​ឲ្យ​ត្រៀម​ខ្លួន​មក​រួម​រស់​ជាមួយ​ក្រុង​ប៉េកាំង តែ​អ្នកស្រី សាយ អ៊ឹងវិន បដិសេធ។ ចំនួន​យន្តហោះ​ចិន ៣​គ្រឿង​ដែល​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ កត់សម្គាល់​ថា ចាប់តាំង​ពី​ថ្ងៃ​ទី​១ ខែ​តុលា មក​ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា នេះ យន្តហោះ​ចិន​ចំនួន ១៥២​គ្រឿង​បាន​ហោះ​រំលោភ​ចូល​ដែនអាកាស​តៃវ៉ាន់។

ដោយ​មើល​ឃើញ​បែប​នេះ ក្រសួង​ការពារ​ជាតិ​កោះ​តៃវ៉ាន់ បាន​ព្រមាន​អំពី​វិធានការ​ឆ្លើយតប​ខ្លាំងៗ​ទៅ​លើ​ប្រទេស​ចិន ប្រសិនបើ​កងកម្លាំង​របស់​ចិន ខិត​មក​ជិត​ដែន​កោះ ឬ​តំបន់​ប្រកាស​អាសន្ន​របស់​តៃវ៉ាន់។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​ដែល​បាន​អះអាង​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុងតែ​បង្ក​ស្ថានភាព​មួយ​ដ៏​អាក្រក់ និង​ងាយ​គ្រោះថ្នាក់​ទៅ​រក​សង្គ្រាម។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កោះ​តៃវ៉ាន់ ឈៀវ គូ ឈិន ព្យាករ​ថា ចិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​កម្រិត​ពេញលេញ​មួយ​ទៅ​លើ​កោះ​តៃវ៉ាន់​នៅ​ត្រឹម​ឆ្នាំ​២០២៥ ឬ ២០២៧។ តែ​មើល​ទៅ​ស្ថានភាព​ដូច​សព្វថ្ងៃ​នេះ ទំនង​មិន​អាច​ដល់​ឆ្នាំ​២០២៥ នោះ​ទេ បើ​ភាព​តានតឹង​ផ្នែក​យោធា​រវាង​ដែនដី​បងប្អូន​នឹង​គ្នា​មិន​អាច​កាត់បន្ថយ​បាន​នោះ។

កាលពី​ថ្ងៃ​ពុធ ទី​១៣ តុលា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​បញ្ជូន​របាយការណ៍​ទៅកាន់​រដ្ឋសភា​អំពី​ចំនួន​យន្តហោះ​ចិន​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់។ ប៉ុន្តែ​ក្នុង​របាយការណ៍​នេះ ក្រសួង​ការពារ​ជាតិ​បាន​អះអាង​ថា កងកម្លាំង​តៃវ៉ាន់​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មួយ គឺ​ថា​នឹង​ចាត់​វិធានការ​ឆ្លើយតប​វិញ​ឲ្យ​បាន​ខ្លាំងក្លា ប្រសិនបើ​កម្លាំង​របស់​ចិន​ដី​គោក​ខិត​មក​ក្បែរ​ដែន​កោះ​របស់​ខ្លួន ឬ​ចូល​ដែនអាកាស​នៃ​តំបន់​ប្រកាស​អាសន្ន​របស់​តៃវ៉ាន់។

នៅ​ពេល​ដែល​ដែន​កោះ​តៃវ៉ាន់​ត្រៀម​ប្រកាស​អាសន្ន​បែប​នេះ គេ​សង្កេត​ឃើញ​សម្ពន្ធមិត្ត​អាមេរិក​ដាក់​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​របស់​កងទ័ព​ចិន​ដែល​កាន់តែ​គាប​សង្កត់​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក​ប្រកាស​ថ្កោលទោស​ដោយ​ព្រមាន​ក្រុង​ប៉េកាំង​អំពី​ភាព​ងាយ​គ្រោះថ្នាក់​នៃ​សង្គ្រាម។

សហរដ្ឋ​អាមេរិក​តាមរយៈ​ក្រសួង​ការពារ​ជាតិ បាន​ព្រមាន​ថា យុទ្ធនាការ​ដាក់​សម្ពាធ​មិន​បង្អង់​ដៃ​របស់​ចិន​លើ​តៃវ៉ាន់ គឺ​មាន​តែ​បង្កើន​ឱកាស​ឲ្យ​មាន​កំហុស​តែប៉ុណ្ណោះ ហើយ​អាច​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា។

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ បាន​ចោទ​រដ្ឋាភិបាល​ចិន​អំពី​ការ​បង្កើន​ភាព​តានតឹង​នៅ​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់ ដោយ​ព្រមាន​ថា យុទ្ធសាស្ត្រ​បង្ក​រឿង​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​លទ្ធផល​ផ្ទុយពី​ការ​រំពឹង​ទុក​របស់​ក្រុង​ប៉េកាំង។

លោក John Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្កើន​កិច្ចប្រឹងប្រែង​បំភិតបំភ័យ​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ សម្ពន្ធមិត្ត និង​ដៃគូ​ដទៃ​ទៀត​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្កើន​សកម្មភាព​យោធា​របស់​ចិន ដែល​បាន​ធ្វើឡើង​នៅ​ក្បែរ​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង។ សហរដ្ឋ​អាមេរិក​ជឿ​ថា ទង្វើ​របស់​ចិន​ដូចនេះ​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព និង​មាន​តែ​បង្កើន​ហានិភ័យ​នៃ​ការ​ប៉ាន់ស្មាន​ខុស​តែប៉ុណ្ណោះ។

លោក​បាន​ពន្យល់​ដូចនេះ​ថា ក្រុង​វ៉ាស៊ីនតោន មាន​ការ​ចាប់អារម្មណ៍​ជាប់​ជានិច្ច​ចំពោះ​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់។ ហេតុ​នេះ​ហើយ បាន​ជា​អាមេរិក​សន្យា​បន្ត​ជួយ​តៃវ៉ាន់​ក្នុង​ការ​រក្សា​សមត្ថភាព​ការពារ​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់។

តែ​បែប​នេះ​ក្តី លោក​ថា​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គោរព​តាម​ការ​តាំងចិត្ត​របស់​ខ្លួន​ចំពោះ​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​រវាង​ចិន និង​តៃវ៉ាន់។

នៅ​ពេល​ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់​ធ្លាក់​ចុះ​ដុនដាប​ដូចនេះ មាន​ការ​ចោទ​សួរ​ថា បើ​សង្គ្រាម​ផ្ទុះ​ឡើង តើ​អាមេរិក​ពិត​ជា​លើក​ទ័ព​ជួយ​កោះ​តៃវ៉ាន់​ដែរ​ឬ​ទេ។ លោក Kirby បាន​បញ្ជាក់​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់ គឺ​នៅតែ​រឹងមាំ​ដូច​ថ្ម​ដដែល​នៅ​ពេលនេះ។ យោង​តាម​សន្ធិសញ្ញា​ការពារ​ជាតិ​ជាមួយ​កោះ​តៃវ៉ាន់ នៅ​ឆ្នាំ​១៩៧៩ គឺ​អាមេរិក​មិន​ត្រឹមតែ​ជួយ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​នោះ​ទេ គឺ​អាមេរិក​ជួយ​តៃវ៉ាន់​លើស​ពី​នេះ​ទៅ​ទៀត ដូចជា​ការ​ហ្វឹកហាត់​កងទ័ព​តៃវ៉ាន់​ជាដើម ហើយ​ត្រៀម​ជួយ​តៃវ៉ាន់​ករណី​គ្រា​មាន​អាសន្ន។

ជាមួយ​នឹង​ស្ថានការណ៍​ច្រកសមុទ្រ​តៃវ៉ាន់​ធ្លាក់​ធ្ងន់ធ្ងរ​បែប​នេះ បាន​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្រេច​បង្កើត​ការិយាល័យ​ស៊ើប​អង្កេត និង​វាយតម្លៃ​ស្ថានការណ៍​យោធា​របស់​ចិន​លើ​ដែន​កោះ​តៃវ៉ាន់។ ការិយាល័យ​នេះ​នៅ​ក្រោម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA។

អង្គភាព​ថ្មី​មួយ​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​បេសកកម្ម​ចិន ឬ China Mission Center។ ភារកិច្ច​ដ៏​សំខាន់​របស់​អង្គភាព​មួយ​នេះ នោះ​គឺ​កំណត់​ឱ្យ​ច្បាស់​ពី​ចេតនា​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់។

មក​ដល់​ពេលនេះ អាមេរិក​បាន​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​ធំៗ​ចំនួន ២​គ្រឿង​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួច​ហើយ គឺ​កង​នាវា USS Ronald Regan និង USS Carl Vinson។ នាវា​នីមួយៗ​នេះ​ផ្ទុក​យន្តហោះ​ពី ៥០ ទៅ ៦០​គ្រឿង។ នាវា​ទាំង​ពីរ​គ្រឿង​នេះ អម​ដោយ​នាវាពិឃាត​ជាង ១០​គ្រឿង។ នាវា​ទាំងនេះ​ត្រូវ​បាន​រាយការណ៍​មក​ថា ត្រៀម​ធ្វើ​ដំណើរ​ទៅកាន់​ច្រកសមុទ្រ​តៃវ៉ាន់​នៅ​ពេល​ឆាប់ៗ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស