35 C
Phnom Penh

ទូត​ខ្មែរ​នៅ​អាមេរិក​អះអាង​ថា​អន្តរជាតិ​គ្មាន​កាតព្វកិច្ច​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៀត​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ដែល​បាន​ចែង​ថា កម្ពុជា​បន្ទាប់ពី​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់ នឹង​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អន្តរជាតិ​នោះ​ឡើយ ខណៈ​ក្រុម​អ្នកវិភាគ​រិះគន់​ថា ការ​អះអាង​បែប​នេះ គឺជា​ការ​បំភ្លៃ​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ​របស់​ខ្លួន​តែប៉ុណ្ណោះ។

ឯកអគ្គរាជទូត​វិសាមញ្ញ​របស់​កម្ពុជា លោក ជុំ សុន្ទរី បាន​អះអាង​ក្នុង​ព្រឹត្តិការណ៍​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ ដោយ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​បាន​លើកឡើង​ស្ដីពី​កាតព្វកិច្ច​បច្ចុប្បន្ន​របស់​ម្ចាស់​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា ពួកគេ​គ្មាន​កាតព្វកិច្ច​បច្ចុប្បន្ន​បន្ថែម​ទៀត​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​បន្ត​ទៀត​នោះ​ទេ។

ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ភាព​មិន​អាច​រំលោភ​បំពាន​បាន ភាព​អព្យាក្រឹត និង​ឯកភាព​ជាតិ​របស់​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​នឹង​រក្សា​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ខ្លួន​នៅ​ពេល​ដែល​គោលការណ៍​ទាំងនេះ​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣។

ឯកអគ្គរាជទូត​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​ថា ភាគី​កម្ពុជា​មាន​ការ​ទទួល​ខុសត្រូវ​ជា​ចម្បង​ចំពោះ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ទៅ​អនាគត ដោយ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទាល់ ដូច្នេះ​បញ្ហា​នេះ លោក ជុំ សុន្ទរី គូស​បញ្ជាក់​ថា ខ្លឹមសារ​នៃ​របាយការណ៍​នេះ គឺ​មាន​ន័យ​ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​កម្ពុជា សម្រេច​ថា​តើ​ត្រូវ​អនុវត្ត​យ៉ាង​ដូចម្តេច​តែប៉ុណ្ណោះ ហើយ​មិន​ពាក់ព័ន្ធ​នឹង​ប្រទេស​ហត្ថលេខី​ទាំងនោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​ឱកាស​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ព្រហស្បតិ៍ ថ្ងៃ​ម្សិលមិញ​នេះ។

ឯកអគ្គរាជទូត​វិសាមញ្ញ​របស់​កម្ពុជា លោក ជុំ សុន្ទរី បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​ក្នុង​ឱកាស​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ ដោយ​អះអាង​ថា ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា គឺ​ដោយសារ​ការ​ដឹកនាំ​រក​ការ​បង្រួបបង្រួម​ជាតិ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ទើប​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ​នេះ មិន​មែន​ដូច​ក្រុម​ប្រឆាំង​ចេះ​តែ​លើក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​បកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ គ្រាន់តែ​ជា​ការ​ព្យាយាម​បន្សាប​ឥទ្ធិពល​ច្បាប់​អន្តរជាតិ ដើម្បី​ប្រយោជន៍​នយោបាយ​របស់​ពួក​អ្នក​កាន់​អំណាច​ផ្ដាច់ការ​តែប៉ុណ្ណោះ។

លោក​អះអាង​ថា បន្ទាប់ពី​ដំណាក់កាល​អន្តរកាល បេសកកម្ម​របស់ UNTAC ដែល​រៀបចំ​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​កាលពី​ខែ​ឧសភា ឆ្នាំ​១៩៩៣ នោះ គឺ​បាន​បញ្ចប់​មែន ប៉ុន្តែ​តួនាទី និង​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ និង​បណ្ដា​ប្រទេស​ហត្ថលេខី​ទាំងនោះ នៅតែ​មាន​សុពលភាព យ៉ាងហោចណាស់​ក៏​នៅ​តាម​ឃ្លាំមើល និង​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​លើ​ទឹកដី​កម្ពុជា និង​ការ​បាត់បង់​ពូជ​សាសន៍​ខ្មែរ​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា សហគមន៍​អន្តរជាតិ និង​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​សន្ធិសញ្ញា​អន្តរជាតិ​នេះ ព្រោះ​ថា​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ មិនមែន​ត្រឹមតែ​ជា​ផលប្រយោជន៍​របស់​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផលប្រយោជន៍​នៃ​ការ​រក្សា​សន្តិសុខ​ក្នុង​តំបន់ និង​សន្តិសុខ​អន្តរជាតិ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ​និង​សង្គម​រូប​នេះ​សង្កត់​ធ្ងន់​ថា សហគមន៍​អន្តរជាតិ និង​បណ្ដា​ប្រទេស​ហត្ថលេខី​ដែល​មាន​ស្មារតី​គោរព​ច្បាប់​អន្តរជាតិ ពិត​ជា​ចង់​ជួយ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ពិតប្រាកដ និង​ចង់​ឃើញ​សន្តិភាព​ក្នុង​តំបន់ ព្រមទាំង​សន្តិសុខ​អន្តរជាតិ​ថែម​ទៀត ដូច្នេះ​ពួកគេ​មិន​អាច​បោះបង់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នេះ​ចោល​ដូច​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

ជាង​នេះ​ទៀត ទោះបីជា​សហគមន៍​អន្តរជាតិ និង​បណ្ដា​ប្រទេស​ហត្ថលេខី​ពុំ​មាន​សិទ្ធិ​ត្រួតត្រា​បញ្ជា​ប្រតិបត្តិ​លើ​អាជ្ញាធរ​កម្ពុជា​ដោយ​ផ្ទាល់​ក៏​ពិត​មែន ប៉ុន្តែ​ពួកគេ​នៅតែ​មាន​កាតព្វកិច្ច​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​របស់​កម្ពុជា​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ដដែល។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មិន​មែន​ជា​កិច្ចព្រមព្រៀង​តែ​មួយ​នោះ​ទេ គឺ​មាន​កិច្ចព្រមព្រៀង​ពីរ និង​សេចក្តី​ថ្លែងការណ៍​មួយ។ កិច្ចព្រមព្រៀង​ទី​១ គឺ​ស្តី​អំពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា ហើយ​កិច្ចព្រមព្រៀង​ទី​២ គឺ​ស្តី​អំពី​ការ​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​អព្យាក្រឹត្យ​របស់​កម្ពុជា ដោយឡែក​សេចក្តី​ថ្លែងការណ៍ គឺជា​ការ​លើកឡើង​អំពី​ការ​កសាង​កម្ពុជា​ឡើងវិញ។

មាត្រា​២៩ នៃ​កិច្ចព្រមព្រៀង​ទី​១ ស្ដីពី​ការ​ដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​របស់​កម្ពុជា បាន​ចែង​ថា អ្នក​ដែល​អាច​កោះ​ប្រជុំ​បាន គឺ​សហប្រធាន​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស គឺ​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី ក៏ប៉ុន្តែ​ការ​កោះ​ប្រជុំ​នេះ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មាន​សំណើ​ពី​អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​ទី​២ ស្ដីពី​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អព្យាក្រឹត្យ​របស់​កម្ពុជា ចែង​ថា ក្នុង​ករណី​មាន​ការ​រំលោភ ឬ​គំរាម​រំលោភ​អធិបតេយ្យ ឯករាជ្យ បូរណភាព ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ធ្វើការ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ចាត់​វិធានការ​សមស្រប​របស់​ខ្លួន។ វិធានការ​សមស្រប​ដែល​អនុម័ត​ឡើង អាច​ជា​ការ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឬ​វិធានការ​ផ្សេង​ទៀត​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ ដែល​មាន​យន្តការ​ផ្សេងៗ ដូចជា​ការ​ចរចា ការ​ស៊ើបអង្កេត ការ​សម្របសម្រួល ការ​ផ្សះផ្សា ឬ​ត្រូវ​រក​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ​ជាដើម។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​ច្បាប់​អន្តរជាតិ​មួយ​ដែល​អាច​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា​បាន​បែប​នេះ ហើយ​ត្រូវ​អស់​សុពលភាព​ទៅ​នោះ រដ្ឋអំណាច​កម្ពុជា​គួរតែ​ខំប្រឹង​ស្វះស្វែង​រក​ផ្លូវច្បាប់ និង​ដៃគូ​អន្តរជាតិ​ជួយ​ធានា​សុពលភាព​របស់​សន្ធិសញ្ញា​នេះ​ឡើងវិញ មិន​គួរ​នាំគ្នា​ព្យាយាម​បោះបង់​កិច្ចព្រមព្រៀង​ដែល​មាន​ប្រយោជន៍​ចំពោះ​ជាតិ​នេះ​ចោល​ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា បញ្ហា​មិន​មែន​ស្ថិតនៅ​លើ​កិច្ចព្រមព្រៀង​នេះ​អស់​សុពលភាព ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​ស្ថិតនៅ​ត្រង់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​បំណង​ថែរក្សា​ច្បាប់​អន្តរជាតិ​មួយ​នេះ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ពី​ប្រទេស​វៀតណាម ដែល​តែង​ឈ្លានពាន​កម្ពុជា​កន្លងមក​ឬ​អត់​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស