37 C
Phnom Penh

ចលនា​ពលរដ្ឋ​នៅ​ឯនាយ​សមុទ្រ​គាំទ្រ​របាយការណ៍​ដែល​បង្ហាញ​ថា​នីតិរដ្ឋ​របស់​កម្ពុជា​អន់​ថយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ដែល​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ស្រប​ពេល​ដែល​ភាគី​រដ្ឋាភិបាល​កម្ពុជា​សម្ដែង​ការ​មិន​ពេញចិត្ត​លើ​របាយការណ៍​នេះ​យ៉ាង​ខ្លាំង។

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ចំណុច​ជា​បទដ្ឋាន​វិនិច្ឆ័យ​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​អាស្រ័យ​លើ​មាត់​មេដឹកនាំ​តែ​ម្នាក់ ជាជាង​ច្បាប់​របស់​ប្រទេស​កន្លងមក និង​តាមរយៈ​ល្បែង​នយោបាយ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ជាតិ​ទាំងមូល​ស្ថិតនៅ​ក្រោម​កណ្ដាប់ដៃ​អ្នក​នយោបាយ​ដែល​មាន​អំណាច​ទាំងស្រុង។

ប្រភព​ដដែល​អះអាង​ថា ការ​បង្ហាញ​ពី​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ គឺ​ពិតជា​ត្រូវ​នឹង​ទិដ្ឋភាព​ជាក់ស្តែង​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ខ្លាំង ព្រោះថា​កន្លងមក រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​បំពាន​ច្បាប់​លើ​ពលរដ្ឋ​ខ្លួនឯង ដូចជា​ការ​ចាប់​ខ្លួន​ទាំង​បំពាន​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ការ​រំលាយ​គណបក្ស​ប្រឆាំង ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ទៅលើ​សកម្មជន​សង្គម សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស ដូចជា​លោក រ៉ុង ឈុន ជាដើម។

ចលនា​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក​នេះ​បន្ថែម​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អនុញ្ញាត​ឱ្យ​មាន​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជា​ហូរហែ​ថែម​ទៀត ដូចជា​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព អ្នកកាសែត​ឆ្នើមៗ និង​សកម្មជន​សង្គម​ល្បីៗ ដូចជា​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ជាដើម។

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) អះអាង​ថា បន្ថែម​ពី​លើ​ការ​គាបសង្កត់​លើ​សកម្មជន​សង្គម រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ផង​ដែរ​លើ​ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​ជាតិ ដែល​បាន​ប្រើប្រាស់​សម្រាប់​តែ​បុព្វហេតុ​ប្រយោជន៍​នយោបាយ​គ្រួសារ​មេដឹកនាំ​ដែល​បណ្តាល​ឱ្យ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​វិនាស​អន្តរាយ​យ៉ាង​ធំធេង។

ចលនា​ដដែល​នេះ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​ទៅ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ឡើងវិញ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ស្ដារ​មុខមាត់​កិត្តិយស​ប្រទេស​ជាតិ​ឱ្យ​ដើរ​លើ​ផ្លូវ​នីតិរដ្ឋ​ថ្លៃថ្នូរ ជាជាង​ប្រតិកម្ម​ខឹងសម្បា​នឹង​របាយការណ៍​វាយតម្លៃ​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​ដែល​មាន​ភាព​ត្រឹមត្រូវ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដែល​តួលេខ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​រឹត​តែ​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត បើ​ប្រៀបធៀប​ទៅ​នឹង​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២០ កន្លងទៅ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ស្ថានភាព​នីតិរដ្ឋ​កម្ពុជា​អន់​បំផុត បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៦៨ ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​ទី​៨០ ប្រទេស​វៀតណាម មាន​ចំណាត់ថ្នាក់​ទី​៨៨ និង​ប្រទេស​ហ្វីលីពីន ស្ថិត​ក្នុង​លេខ​រៀង​ទី​១០២ ខណៈ​ប្រទេស​ភូមា ជាប់​ចំណាត់​ទី​១២៨។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​នេះ​បញ្ជាក់​ថា កត្តា​ដែល​ជំរុញ​ឱ្យ​កម្ពុជា​ធ្លាក់​ដល់​កម្រិត​ទាប​បែប​នេះ គឺ​បណ្តាល​មកពី​ការ​ជ្រៀតជ្រែក​លើ​ប្រព័ន្ធ​រដ្ឋបាល​ជាតិ​របស់​អំណាច​រដ្ឋាភិបាល ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​ដឹកនាំ​ជាតិ​ដោយ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម។

កាលពី​អំឡុង​ឆ្នាំ​២០២០ គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ក៏​បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា​ផង​ដែរ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ាលីន បាន​ប្រតិកម្ម​លើ​របាយការណ៍​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា កន្លងទៅ​ថា ពិតជា​ចម្លែក​ណាស់ ពិន្ទុ​នីតិរដ្ឋ​របស់​កម្ពុជា​បែរជា​ស្ថិតនៅ​ក្រោម​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​មួយ​ចំនួន​ដែល​ដឹកនាំ​ដោយ​របប​យោធា​ទៅ​វិញ ក្នុង​នោះ ប្រទេស​ខ្លះ​កំពុងតែ​ច្បាំង​គ្នា និង​ឡើង​កាន់​អំណាច​ដោយ​កម្លាំង​យោធា​ផង​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​បក្ស​កាន់​អំណាច រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​យោធា​របស់​ខ្លួន​ដឹកនាំ និង​អនុវត្ត​គ្រប់​បែប​យ៉ាង ក្នុង​នោះ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ជាដើម។

ប្រភព​ដដែល​រិះគន់​ថា ក្រៅពី​ការ​រំលោភ​ច្បាប់​របស់​ខ្លួន មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន តែង​គំរាមកំហែង និង​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ជា​ប្រចាំ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ឯក​បក្ស​នេះ​តែង​បើក​ផ្លូវ​ឱ្យ​មាន​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ជាច្រើន​ករណី​រហូត​ដល់​បច្ចុប្បន្ន​នេះ ហើយ​អំពើ​ឃាតកម្ម​បែប​នេះ គេ​រំពឹង​ថា​នឹង​កើតមាន​ជា​បន្ត​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស