27 C
Phnom Penh

គ្រូបង្រៀន​ដែល​រិះគន់​ស្តូប​វៀតណាម​ក្នុង​ខេត្ត​ប៉ៃលិន​បន្ត​ស្វែងរក​យុត្តិធម៌​នៅ​តុលាការ​កំពូល​បន្ទាប់ពី​ចាញ់​ក្ដី​នៅ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្វែងរក​យុត្តិធម៌​ផ្ទាល់ខ្លួន បន្ទាប់ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​លោក​ចាញ់​ក្ដី​ក្នុង​ករណី​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​ចោទប្រកាន់​លោក​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​លោក​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​សង់​ស្តូប​វៀតណាម ក្នុង​ខេត្ត​ប៉ៃលិន។

លោក យួង សូដា ដែល​ជា​គ្រូបង្រៀន​សាលា​បឋមសិក្សា​នៅ​ខេត្ត​ប៉ៃលិន អះអាង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​ស្វែងរក​យុត្តិធម៌​លើ​ករណី​នេះ ព្រោះថា​ទាំង​មន្ត្រី​តុលាការ និង​ពលរដ្ឋ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា ដូច្នេះ​ហេតុ​អ្វី​គ្រាន់តែ​យុវជន​ខ្មែរ​ចូលរួម​កិច្ចការ​សង្គម​ដើម្បី​ជាតិ​មាតុភូមិ​របស់​ខ្លួន ត្រូវ​ទទួល​ទោស​បែប​នេះ​ទៅវិញ។

លោក យួង សូដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា ជន​រងគ្រោះ​ស្លូតត្រង់​ដែល​បាន​ធ្លាក់​ចូល​ដល់​ដៃ​តុលាការ​ហើយ គឺ​ពិតជា​ពិបាក​នឹង​ទទួល​បាន​យុត្តិធម៌​ណាស់ ជាក់ស្តែង​ករណី​របស់​លោក​ផ្ទាល់ គ្រាន់តែ​បញ្ចេញ​មតិ​យោបល់​ដើម្បី​ជាតិ​មាតុភូមិ​ខ្លួនឯង​សោះ បែរជា​រង​ការ​ចោទ​ប្តឹង​ទាំង​អយុត្តិធម៌​ទៅវិញ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​ល្មម​ស្គាល់​តុលាការ​កម្ពុជា​បច្ចុប្បន្ន​នេះ​គ្រប់គ្រាន់​ដែរ​ហើយ​ថា ពួកគេ​បម្រើ​ប្រជាជន ឬ​បម្រើ​អ្នក​មាន​អំណាច​នោះ។

សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង បាន​ចេញ​សាលដីកា​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​ថា តុលាការ​បាន​សម្រេច​ចោទ​លោក យួង សូដា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញត្តិ​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​សាមី​ខ្លួន​បាន​ប្រព្រឹត្ត​លើ​បណ្ដាញ​សង្គម Facebook កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ។

ប្រភព​ដដែល​អះអាង​ថា ការ​ចោទប្រកាន់​តាម​មាត្រា​ខាងលើ​នេះ គឺ​ដោយសារ​លោក យួង សូដា បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ដោយ​ប្រើ​ពាក្យ​ញុះញង់ ក្នុង​ចេតនា​ទុច្ចរិត​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​នឹង​ឈាន​ទៅ​រក​ការ​បង្កើត​បទឧក្រិដ្ឋ​ផ្សេងៗ ប្រសិនបើ​មិន​មាន​ការ​ទប់ស្កាត់​ទាន់​ពេល​ទេ​នោះ។

ការ​សម្រេច​នេះ ធ្វើឡើង​ក្រោយ​លោក យួង សូដា បាន​ដាក់​ពាក្យ​ប្តឹង​ទៅកាន់​សាលា​ឧទ្ធរណ៍ ដើម្បី​ជំទាស់​ទៅ​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​បាន​ចោទ​រូប​លោក​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ។

កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២០ លោក យួង សូដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ដែល​មាន​ខ្លឹមសារ​ថា៖ «អ្នក​ប៉ៃលិន ពេល​ទំនេរ​ជិះ​កាត់​ស្ពាន​ស្ទឹង​តារៀប សូម​ក្រឡេក​មើល​ទៅ​ទិស​ខាងលិច​ផង»។ លោក​បន្ត​ថា៖ «ឥឡូវ​នេះ​យើង​មាន​ស្តូប​សឹង​គ្រប់​ខេត្ត​ក្រុង​ហើយ អ៊ីចឹង​សង្ឃឹម​ថា យើង​នឹង​មាន​ទង់ជាតិ​ពីរ​បង្ហូត​ឡើង​ក្នុង​ពេល​តែ​មួយ​ដូច​ប្រទេស​ឡាវ ដែរ»

ទោះ​យ៉ាងណា លោក យួង សូដា អំពាវនាវ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ គួរ​តែ​ប្រើ​វិជ្ជាជីវៈ​របស់​ខ្លួន​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់ ជាជាង​ធ្វើ​តាម​តែ​បញ្ជា​របស់​អ្នក​មាន​អំណាច។ លោក​ថា អ្នក​អនុវត្ត​ច្បាប់​គប្បី​ប្រើ​វិជ្ជាជីវៈ​ស្របតាម​មនសិការ​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​របស់​រដ្ឋ​ការពារ​យុត្តិធម៌​ជូន​សង្គម​ជាតិ បើ​មិន​ដូច្នោះ​ទេ ប្រព័ន្ធ​យុត្តិធម៌​នេះ​នឹង​នៅតែ​ទទួល​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​មាត្រា​៤៩៤ និង ៤៩៥ គឺ​ក្នុង​ចេតនា​ដើម្បី​បំបិទ​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង ដែល​ជា​ច្បាប់​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន ធ្លាប់​បាន​រិះគន់​នៅ​ក្នុង​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ចុង​ឆ្នាំ​២០២០ ថា ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា​លើ​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​អហិង្សា គឺជា​ការ​ប្រើប្រាស់​បទបញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ​មិន​ត្រឹមត្រូវ ដើម្បី​តែ​ការពារ​រដ្ឋាភិបាល ជាជាង​ការ​ធានា​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស