29 C
Phnom Penh

មន្ត្រី​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​និយាយ​ឌឺដង​លោក រ៉ុង ឈុន ករណី​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ក្រោយ​ពី​មាន​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន អស់​រយៈពេល​ជាង​ប្រាំ​ម៉ោង​ក្នុង​រដ្ឋសភា។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ​ថា អ្នក​សារព័ត៌មាន​ខ្លះ​បាន​ដកស្រង់​យក​សម្ដី​មួយ​ម៉ាត់​យក​ទៅ​ធ្វើការ​ចុះផ្សាយ​តាម​គំនិត​របស់​ខ្លួន ដែល​បង្កើត​ទៅ​ជា​បញ្ហា​ខុស​ពី​ខ្លឹមសារ​ដើម ព្រោះតែ​ពួកគេ​មិន​បាន​ស្តាប់​ប្រធានបទ​នៃ​សាច់រឿង​ទាំងមូល។

ការ​អះអាង​របស់​លោក កែវ រ៉េមី ក្នុង​គោលបំណង​បញ្ជាក់​ទៅកាន់​សាធារណជន ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ថា ព្រំដែន​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិតខាង​គ្មាន​បញ្ហា​នោះ​ទេ ក្រោយ​ការ​បកស្រាយ​របស់​មេ​បក្ស​កាន់​អំណាច​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នោះ។

កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​អំពី​បញ្ហា​ព្រំដែន​ទឹក និង​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម​តែ​ម្នាក់​ឯង​រយៈពេល​ជាង ៥​ម៉ោង ដោយ​អះអាង​ថា កម្ពុជា​មិន​មាន​ការ​បាត់បង់​ទឹកដី​ទៅ​វៀតណាម​នោះ​ទេ ទាំង​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​អះអាង​ក្នុង​បទសម្ភាសន៍​របស់ VOA កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិនបើ​ព្រំដែន​កម្ពុជា​បាន​បាត់បង់​មែន​នោះ មេដឹកនាំ​បក្ស​កាន់​អំណាច គឺ​លោក ហ៊ុន សែន នឹង​ត្រូវ​ប្រឈម​មុខ​ដោយ​ផ្ទាល់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ តុលា នេះ​ថា លោក​ឯកភាព​នឹង​ការ​លើកឡើង​របស់​លោក កែវ រ៉េមី ថា​លោក ហ៊ុន សែន នឹង​ប្រឈម​មុខ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​ពេល​ព្រំដែន​កម្ពុជា​បាត់បង់ ប៉ុន្តែ​លោក​ច្រានចោល​នូវ​ការ​លើកឡើង​ក្នុង​រដ្ឋសភា​ជាតិ​អំពី​ការ​បកស្រាយ​លើ​បញ្ហា​ព្រំដែន​របស់​លោក ហ៊ុន សែន ទាំងស្រុង។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី

លោក​រិះគន់​ថា លោក កែវ រ៉េមី គាំទ្រ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ដើម្បី​ផលប្រយោជន៍​ក្នុង​ការ​រក្សា​តំណែង​តួនាទី​របស់​ខ្លួន ប៉ុន្តែ​ទឹកដី​ខ្មែរ​នឹង​បាត់បង់​បន្តិច​ម្តងៗ​ដោយសារតែ​កម្ពុជា​មាន​មន្ត្រី​បែប​នេះ។ លោក ម៉ែន ណាត បាន​បញ្ជាក់​ថា ក្នុង​ប្រវត្តិសាស្ត្រ​គ្មាន​មេដឹកនាំ​ណា​អះអាង​ថា​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ជា​ទឹកដី​របស់​វៀតណាម​នោះ​ទេ គឺ​មាន​តែ​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប​ឆ្នាំ​១៩៨៥ ប៉ុណ្ណោះ ដែល​ចេញ​មុខ​មក​អះអាង​បែប​នេះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដោយសារតែ​មេដឹកនាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ ដែល​សុទ្ធសឹងតែ​ជា​សន្ធិសញ្ញា​កាត់​ទឹកដី​ឱ្យ​ប្រទេស​វៀតណាម ដូចជា៖

  • កិច្ចព្រមព្រៀង​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២
  • សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៣
  • ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជាដើម

ដូច្នេះ លោក ហ៊ុន សែន មាន​តែ​ចូល​ទៅ​បកស្រាយ​ក្នុង​រដ្ឋសភា ដើម្បី​បិទ​បាំង​អំពើ​ក្បត់​របស់​ខ្លួន​ពី​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ចាប់តាំង​ពី​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥ មក មេដឹកនាំ​ខ្មែរ​រូប​នេះ​ព្រម​ទទួល​ផែនការ​ពី​វៀតណាម ដើម្បី​បំផ្លាញ​ទឹកដី​ខ្មែរ​ដោយ​ឥត​ងាករេ​គ្រប់​បែប​យ៉ាង ដូចជា៖

  • ការ​ចេញ​សារាចរ​បង្ហូរ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ឱ្យ​ទៅ​រស់នៅ​កម្ពុជា កាលពី​ឆ្នាំ​១៩៨៦
  • ការ​កែប្រែ​ផែនទី​របស់​កម្ពុជា​ខុស​ពី​រដ្ឋធម្មនុញ្ញ​ខ្លួនឯង​តាម​ការ​ណែនាំ​របស់​វៀតណាម
  • និង​ការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ដោយ​ស្ងាត់ៗ​ជាមួយ​វៀតណាម ដោយ​គ្មាន​ការ​ដឹង​ឮ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ជាដើម។

ប្រភព​ដដែល​ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​មិន​ខាន​ឡើយ ត្បិត​កម្ពុជា​មិន​ត្រឹមតែ​រង​នូវ​វិបត្តិ​ខ្សែ​ព្រំដែន​មិន​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប្រឈម​នឹង​ការ​បាត់​ប្រទេស​ទាំងមូល​ថែម​ទៀត​ផង ព្រោះ​លោក ហ៊ុន សែន ប្រឹង​លុប​ដាន​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ខ្លួន​បាន​ឃុបឃិត​ដើម្បី​លួច​បង្កើត​ខ្សែបន្ទាត់​ព្រំដែន​ថ្មី ដោយ​រំលោភ​បំពាន​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស