28.4 C
Phnom Penh

លោក ហ៊ុន សែន មាន​មោទកភាព​ដែល​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល​សរសើរ​ថា​ជា​មេដឹកនាំ​មាន​បេះដូង​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្ដែង​មោទកភាព​ចំពោះ​ការ​កោតសរសើរ​របស់​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF) លោក យុង យ៉ុងហូ ដែល​បាន​លើកឡើង​ថា លោក​ជា​មេដឹកនាំ​ខ្មែរ​ដែល​មាន​បេះដូង​សន្តិភាព​របស់​ប្រជាជន​កម្ពុជា និង​ពិភពលោក ខណៈ​សកម្មជន​បក្ស​ប្រឆាំង​ប្រតិកម្ម​ថា សន្តិភាព​លើ​ការ​ឈឺចាប់​របស់​ពលរដ្ឋ គឺ​គ្រាន់តែ​ជា​ភាសា​ប៉ុណ្ណោះ តែ​មិនមែន​ជា​សន្តិភាព​ពិត​នោះ​ទេ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា នេះ​ថា លោក​ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF) លោក យុង យ៉ុងហូ នៅ​ថ្ងៃ​ពុធ នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF) លោក យុង យ៉ុងហូ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា មុន​នឹង​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ស្ដីពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ដើម​ឆ្នាំ​២០២២ ខាងមុខ​នេះ។

អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF) លោក យុង យ៉ុងហូ បាន​លើកឡើង​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​របស់​កម្ពុជា​ដែល​មាន​បេះដូង​សន្តិភាព​ក្នុង​កែវភ្នែក​របស់​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក ហើយ​មេដឹកនាំ​ខ្មែរ​រូប​នេះ​ក៏​ជា​អ្នក​ដឹកនាំ​សន្តិភាព​សកល​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ដោយសារ​កិច្ចប្រឹងប្រែង​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​កម្ពុជា​បញ្ចប់​នូវ​វិបត្តិ​សង្គ្រាម​រ៉ាំរ៉ៃ ហើយ​អាច​កសាង​នូវ​សុខ​សន្តិភាព​សម្រាប់​កម្ពុជា និង​ប្រជាជន​ខ្មែរ​ទាំងមូល​ដែល​ធ្លាប់​តែ​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ភ្លើង​សង្គ្រាម​ពី​អតីតកាល​ក្នុង​រយៈពេល ២​ទសវត្ស​ចុងក្រោយ​នេះ។

កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក​ទទួល​បាន​មេដាយ​សន្តិភាព​មួយ​តាមរយៈ​ការ​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២១ (World Summit Peace) ពី​មហាសន្និបាត​នៃ​ក្ដី​សង្ឃឹម​លើក​ទី​៧ ក្រោម​ប្រធានបទ​ស្ដីពី​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ទោះជាយ៉ាងណាក៏ដោយ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ តុលា នេះ​ថា កម្ពុជា​កំពុងតែ​បែក​សាមគ្គី​ផ្ទៃក្នុង​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារតែ​ការ​រំលាយ​គណបក្ស​ប្រឆាំង បិទ​សិទ្ធិ​នយោបាយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព និង​សកម្មជន​សង្គម​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ ដូច្នេះ​បេះដូង​សន្តិភាព​របស់​មេដឹកនាំ​ខ្មែរ​នៅ​ពេលនេះ គឺ​សម្រាប់​តែ​ក្រុម​អ្នក​កាន់​អំណាច​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

លោក​អះអាង​ថា ភាព​ច្របូកច្របល់​នៅ​កម្ពុជា​កើតមាន​រាប់​មិន​អស់ ដោយសារ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​នេះ ដូចជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ពលរដ្ឋ​តូចតាច​ទន់ខ្សោយ​តែង​រង​ភាព​អយុត្តិធម៌ និង​ជា​អ្នក​ចាញ់ ចំណែក​អ្នក​ប្រព្រឹត្តិ​អំពើពុករលួយ អ្នក​រំលោភ​ដីធ្លី​ធំៗ ឈ្មួញ​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ លុប​បឹង លុប​ទន្លេ ជា​អ្នក​ឈ្នះ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ លុះណាតែ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ពេញលេញ គឺ​មេដឹកនាំ​ទាំងអស់​គោរព​ច្បាប់​ដូច​គ្នា​នឹង​ពលរដ្ឋ​ទូទៅ​ដែរ ប៉ុន្តែ​បើ​អំណាច​ស្ថិត​លើ​បុគ្គល​តែ​ម្នាក់ ហើយ​ប្រើ​ច្បាប់​ជាតិ​ធ្វើជា​ឧបករណ៍​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួន​ដើម្បី​ការពារ​អំណាច​នោះ កម្ពុជា​នឹង​គ្មាន​សន្តិភាព​ពិត ហើយ​មេដឹកនាំ​បែប​នេះ​ក៏​មិនមែន​ជា​មេដឹកនាំ​មាន​បេះដូង​សន្តិភាព​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ក្រោម​ការ​ដឹកនាំ​របស់​អតីត​គណបក្ស​កុម្មុយនីស្ត​ជាង ៤០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន មិន​ទាន់​អាច​រក​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ​បាន​នៅឡើយ​ទេ ខណៈ​សន្តិភាព​ដែល​បក្ស​កាន់​អំណាច​តែង​ប្រកាស «អរគុណ​សន្តិភាព» កន្លងមក គឺជា​សន្តិភាព​ក្រោម​ការ​ភ័យខ្លាច​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ការ​គំរាម​ចាប់​ខ្លួន​ពី​សំណាក់​មេដឹកនាំ​អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ​តែប៉ុណ្ណោះ។

ចាប់តាំង​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់កាប់​អំណាច​ពី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​តែ​ការ​បែកបាក់​សាមគ្គី​រវាង​ជាតិ​ឯង​កាន់តែ​ធំ​ទៅៗ​តាំងពី​ដើម​រហូត​មក ក្នុង​នោះ​ព្រឹត្តិការណ៍​បែកបាក់​ជាតិ​ធំៗ​ដែល​គេ​បាន​កត់សម្គាល់ គឺ​ការ​ផ្ដួល​រំលំ​ដៃគូ​នយោបាយ​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ រួម​មាន​ការ​ផ្ដួល​រំលំ​កម្លាំង​នយោបាយ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដោយ​ការ​បង្កើត​ឱ្យ​មាន​រដ្ឋប្រហារ​បង្ហូរ​ឈាម ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ ចុងក្រោយ​នេះ ដើម្បី​រំលាយ​កម្លាំង​បក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​មាន​ប្រៀប​ជាង​ខ្លួន បក្ស​កាន់​អំណាច​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ឆាក​នយោបាយ​ក្នុង​បំណង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស