28 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ពលរដ្ឋ​ឈ្វេងយល់​ពី​ខ្លឹមសារ​រូបថត​លើ​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​ដែល​ទើប​ដាក់​ឱ្យ​ប្រើប្រាស់

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ខ្លាច​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​ក្រោយ​សម្រេច​ដាក់​រូប​ខ្លួនឯង​លើ​រូបិយប័ណ្ណ​របស់​ជាតិ ទាំង​ដែល​ខ្លួនឯង​កំពុង​កាន់​អំណាច ដូច្នេះ​លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ឈ្វេងយល់​ខ្លឹមសារ​នៃ​រូបថត​ដែល​មាន​លើ​រូបិយប័ណ្ណ​ជាតិ ៣​ម៉ឺន​រៀល ក្រោយ​មហាជន​សម្ដែង​ការ​មិន​ពេញចិត្ត​កាន់តែ​ច្រើន​ឡើងៗ។

បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​គំរាម​កាន់​អំណាច​អស់​មួយ​ជីវិត លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១ នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន ដោយ​ភ្ជាប់​រូបថត​ដែល​ទើប​នឹង​បោះពុម្ព​លើ​រូបិយប័ណ្ណ​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រូបថត​ដែល​លោក​កាន់​ដៃ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​ខ្មែរ​នេះ គឺជា​រូបថត​ប្រវត្តិសាស្ត្រ​កាលពី ៣០​ឆ្នាំ​មុន ដែល​មនុស្ស​ខ្លះ​មិន​បាន​យល់​ពី​ខ្លឹមសារ​នៃ​រូបថត​នេះ​ទេ ដូច្នេះ​ពួកគេ​គួរតែ​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់​ពី​អត្ថន័យ និង​ខ្លឹមសារ​នៃ​រូប​នេះ។

ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ គឺ​បន្ទាប់ពី​រូបថត​ដែល​បាន​បោះពុម្ព​លើ​ក្រដាសប្រាក់​ខ្មែរ ៣​ម៉ឺន​រៀល​កាល​ពី​ពេល​កន្លងទៅ កំពុង​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​យ៉ាង​ចាស់ដៃ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​គំរូ​ថ្មី គឺ​ក្រដាស​រូបិយប័ណ្ណ ៣​ម៉ឺន​រៀល ដើម្បី​ចូលរួម​អបអរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផង និង​ខួប ៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​ចូល​មាតុប្រទេស​វិញ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ផង។

ក្រដាសប្រាក់​គំរូ​ថ្មី ៣​ម៉ឺន​រៀល

ជុំវិញ​បញ្ហា​នេះ គណនី Facebook ដែល​មាន​ឈ្មោះ​ថា TA META បាន​ចូល​ទៅ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​របស់​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា ប្រសិនបើ​ដើម្បី​រំឭក​អនុស្សាវរីយ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក​គួរ​ដាក់​រូប​គ្រប់​ភាគី​ខ្មែរ​ទាំង​៤ លើ​ក្រដាសប្រាក់​នេះ មិន​គួរ​ដាក់​តែ​រូប​ខ្លួនឯង​បែប​នេះ​ទេ។ ជាង​នេះ​ទៀត បើ​គិត​ថា​កិច្ចព្រមព្រៀង​នេះ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ លោក​គួរតែ​រក្សា​ថ្ងៃ​ទី​២៣ ខែ​តុលា ជា​ថ្ងៃ​បុណ្យ​ជាតិ​សម្រាប់​កម្ពុជា​តែ​ម្តង​ទៅ។

បួន​ភាគី​ធំៗ​ដែល​បាន​ចរចា​ឱ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ១៩៩១ គឺ​ភាគី​រដ្ឋ​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ភាគី​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​សម្ដេច​បវរ​សេដ្ឋា សឺន សាន និង​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​ដែល​ដឹកនាំ​ដោយ​លោក ខៀវ សំផន ដែល​រួម​បញ្ចូល​គ្នា​បង្កើត​ជា​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​របស់​កម្ពុជា​មួយ​នៅ​ពេល​នោះ។

គណនី Facebook ខាង​លើ​រិះគន់​ថា ការ​យក​រូប​ខ្លួនឯង​មក​ដាក់​លើ​រូបិយប័ណ្ណ​របស់​ជាតិ​ទាំង​ដែល​ខ្លួន​កំពុង​កាន់​អំណាច​បែបនេះ គឺ​ពិត​ជា​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះថា​មេដឹកនាំ​ដែល​ត្រូវ​បាន​បោះពុម្ព​លើ​ក្រដាសប្រាក់ ទាល់តែ​បុគ្គល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទទួល​ស្គាល់​ថា​ជា​វីរបុរស​ជាតិ​ពិតប្រាកដ និង​គ្មាន​បាតដៃ​ប្រឡាក់​ឈាម​រាស្ត្រ​ខ្លួនឯង​ក្នុង​អតីតកាល ប៉ុន្តែ​លោក ហ៊ុន សែន គ្មាន​ប្រវត្តិ​ស្អាតស្អំ​កម្រិត​នេះ​ទេ។

ទាក់ទិន​នឹង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​នេះ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រតិកម្ម​ថា អ្នក​ដែល​មិន​ពេញចិត្ត​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​ថ្មី​នេះ សូម​កុំ​ចាយ​អី ប៉ុន្តែ​ការ​លើក​ឡើង​បែប​នេះ ត្រូវ​សកម្មជន​ការពារ​ព្រៃឈើ​ខ្មែរ លោក ហេង ស្រស់ លើក​ជា​សំណួរ​ថា តើ​បក្ស​កាន់​អំណាច​ឈឺ​ចិត្ត​ខ្លាំង​មែន​ទេ ទើប​ឱ្យ​អ្នក​នាំពាក្យ​របស់​ខ្លួន​និយាយ​បែប​នេះ។

ចំណែក​ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុជ លី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ផង​ដែរ ដោយ​ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ថា តើ​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​នេះ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គណបក្ស​កាន់​អំណាច​មែន​ទេ? បើ​ដូច្នោះ​មែន ប្រហែល​ជា​នឹង​មាន​វាសនា​ដូចជា​ក្រដាសប្រាក់ ១៥០០០​រៀល​ជា​មិនខាន ប្រសិនបើ​ប្រជាពលរដ្ឋ​នាំគ្នា​មិន​ប្រើប្រាស់​វា​នៅ​លើ​ទីផ្សារ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ​គ្រាន់តែ​ចង់​អួតអាង​អំពី​គុណសម្បត្តិ​របស់​គាត់​ក្នុង​ការ​ផ្សះផ្សា​ជាតិ រក​សន្តិភាព​តាមរយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​នៅតែ​យល់​ខុស​ចំពោះ​ការ​ដឹកនាំ​ជាតិ​ដដែល ព្រោះថា​លោក ហ៊ុន សែន នៅតែ​រំលោភ​កិច្ចព្រមព្រៀង​នេះ និង​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ជា​សសរស្ដម្ភ​នៃ​លទ្ធិប្រជាធិបតេយ្យ​គ្មាន​ទី​បញ្ចប់​នោះ​ទេ។

លោក​បន្ថែម​ថា ភស្តុតាង​ជាក់ស្តែង​គឺ​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ នៅតែ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​នានា​ជាមួយ​វៀតណាម ដែល​បង្ក​ទំនាស់​ផលប្រយោជន៍​ជាតិ​ខ្មែរ​គ្នា​ឯង ព្រមទាំង​ធ្វើ​ឱ្យ​បាត់បង់​នូវ​បូរណភាព​ទឹកដី​ព្រំដែន​ផ្នែក​ខ្លះ​ទៅ​ឲ្យ​វៀតណាម តាមរយៈ​សន្ធិសញ្ញា​ថ្មីៗ និង​ផែនទី​ព្រំដែន​ថ្មី​ជា​បន្តបន្ទាប់។

លោក ម៉ែន ណាត អះអាង​ថា លោក ហ៊ុន សែន ចង់​តម្កើង​តម្លៃ​ខ្លួន​ឲ្យ​ប្រហាក់ប្រហែល​នឹង​សម្តេច​ព្រះ​នរោត្តម សីហនុ ដូច្នេះ​ហើយ​បាន​ជា​គាត់​ដាក់​រូប​ខ្លួន​ក្នុង​ក្រដាសប្រាក់​ថ្មី​បែប​នេះ។ ប៉ុន្តែ​គាត់​យល់​ខុស​ទាំងស្រុង ព្រោះ​ថា​ដើម្បី​ឱ្យ​គាត់​ក្លាយ​ជា​មេដឹកនាំ​ដែល​មាន​តម្លៃ​សម្រាប់​ជាតិ​ពិតប្រាកដ គឺ​មាន​តែ​ដឹកនាំ​រក​ការ​ផ្សះផ្សា​ជាតិ និង​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ឲ្យ​ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​ចាប់ផ្តើម​បោះ​ជំហាន​ដំបូង​របស់​ខ្លួន​ដើម្បី​ស្ទាបស្ទង់​អារម្មណ៍​មហាជន​ក្នុង​ការ​សម្រេច​ផែនការ​ខ្លួនឯង​ឡើង​ធ្វើជា​ស្តេច និង​ដាក់​កូន​ខ្លួន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ដើម្បី​កាន់កាប់​អំណាច​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស