28 C
Phnom Penh

អាវុធ​ជាច្រើន​ដើម​ត្រូវ​បាន​ស្នងការ​ខេត្ត​បាត់ដំបង​ប្រមូល​បាន ខណៈ​ចុះ​ល្បាត​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ

បទវិភាគ

វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ប្រទះ​ឃើញ​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បាន​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​ជាច្រើន​ដើម ខណៈ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ល្បាត និង​ប្រទះ​ឃើញ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១។

យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា បាន​ឱ្យ​ដឹង​ថា អាវុធ​ដែល​ប្រមូល​បាន​ទាំងនេះ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​ទីតាំង​អូរ​ព្រំដែន​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ លោក ម៉ង់ ស៊ី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដកស្រង់​សម្ដី​មក​ចុះផ្សាយ ដោយ​បញ្ជាក់​ថា អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ប្រមូល​បាន​នៅ​ពេល​នេះ គឺ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​អំឡុង​ពេល​កម្លាំង​ចម្រុះ​ចុះ​ល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ស្រុក​កំរៀង។

ប្រភព​បន្ត​ថា អាវុធ​ដែល​ប្រទះ​ឃើញ និង​ប្រមូល​យក​មក​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​កងពល​លេខ​៥៣ នេះ​មាន​ដូច​ជា អាវុធ AK47 ចំនួន ៥០​ដើម បង់​ថ្មី​ចំនួន ៥២​បង់ អាវុធ​ប្រភេទ​១២,៧ មួយ​ដើម កាណុង​ត ១២,៧​ចំនួន​១ និង​ជើងទ្រ​អាវុធ ១២,៧ ចំនួន​១ និង​គ្រាប់ ១២,៧ ចំនួន ៥០៨​គ្រាប់។

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន បញ្ជាក់​ប្រាប់ The Cambodia Daily យ៉ាង​ខ្លី​ថា ចំពោះ​មុខ​នៅ​ពេល​នេះ មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​នៅឡើយ​ទេ​ទាក់ទិន​អាវុធ​ជាតិ​ផ្ទុះ​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​អំឡុង​ពេល​ចុះ​ប្រតិបត្តិការ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ។

បើ​តាម​មេបញ្ជាការ​រូប​នេះ កម្លាំង​ជំនាញ​កំពុង​សិក្សា និង​វាយតម្លៃ​ទៅលើ​ភស្តុតាង​ទាំងនេះ​នៅឡើយ។ លោក​បន្ត​ថា «មិន​ទាន់​អាច​និយាយ​បាន​នៅឡើយ​ទេ គេ​កំពុង​ពិនិត្យ​សិន»

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស