32.5 C
Phnom Penh

លោក ផៃ ស៊ីផាន៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ចេញ​មុខ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា លោក ហ៊ុន សែន និង​លោក ស ខេង អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​ដោយ​ផ្ទាល់ ដើម្បី​លើកឡើង​ពី​សេចក្ដី​ត្រូវការ​ជា​ចាំបាច់ ឬ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ខណៈ​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​មិន​ទុកចិត្ត​លើ​ការ​អះអាង​នេះ។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ខ្ពស់​ប្រែ​ក្លាយ​ស្ថាប័ន​រដ្ឋាភិបាល​ទៅជា​អ្នក​ផ្ដល់​សេវា​សាធារណៈ និង​ជា​អ្នក​បម្រើ​រាស្ដ្រ​ប្រកប​ដោយ​ប្រសិទ្ធភាព ឆ្លើយតប​នឹង​តម្រូវការ និង​ផលប្រយោជន៍​សង្គម​ជាតិ​ទាំងមូល។

លោក​អះអាង​ថា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​បម្រើ​រាស្ដ្រ​ប្រកប​ដោយ​ប្រសិទ្ធភាព រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យន្តការ​បង្កើត​អ្នក​នាំពាក្យ​ក្រសួង ស្ថាប័ន រួម​ទាំង​អ្នក​នាំពាក្យ​រាជធានី-ខេត្ត ជាពិសេស​គឺ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ដែល​មាន​ភារកិច្ច​ស្នូល គឺ “ផ្សព្វផ្សាយ និង​ឆ្លើយឆ្លង” ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ការ​អនុវត្ត​នយោបាយ​បើកចំហ​បែប​នេះ បង្ហាញ​ចេញ​នូវ​ភាព​ជិតស្និទ្ធ ការ​យកចិត្ដ​ទុកដាក់ និង​ភក្ដីភាព​របស់​រដ្ឋ​ដើម្បី​ភាព​សុខសាន្ដ និង​សុខដុមរមនា​របស់​រាស្ដ្រ​ក្នុង​ដំណើរការ​កសាង និង​អភិវឌ្ឍ​ជាតិ។

ទោះ​យ៉ាង​ណា អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា ការ​ដោះស្រាយ​កង្វល់​ជូន​ប្រជាពលរដ្ឋ គឺ​រឿង​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ការ​ដោះស្រាយ​កន្លង​មក​របស់​រដ្ឋាភិបាល គឺ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ទេ ដូចជា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស បញ្ហា​ការ​ចាប់​ខ្លួន​សកម្មជន​នានា គឺ​នៅតែ​កើតមាន​ដដែល។

លោក​អះអាង​ថា ការ​បញ្ចេញ​មេដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ឱ្យ​ចេញ​មុខ​ដោះស្រាយ​បែប​នេះ ក៏​ជា​តឹកតាង​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា ប្រព័ន្ធ​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​រដ្ឋាភិបាល គឺ​គាំង​រហូត​ប្រើការ​មិន​កើត​តែម្តង។ ជាង​នេះ​ទៀត ចំពោះ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​នេះ​មិន​ទាន់​គួរ​ឱ្យ​ទុក​ចិត្ត​បាន​នៅឡើយ​ទេ ព្រោះថា​ខាង​សង្គម​ស៊ីវិល​មិនទាន់​បាន​ឃើញ​ពី​យន្តការ​របស់​រដ្ឋាភិបាល​ជាក់លាក់​ណា​មួយ​នៅឡើយ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ មិន​ចាំបាច់​ដល់​ថ្នាក់​បញ្ជូន​រឿង​នៅ​មូលដ្ឋាន​ទៅ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ចេញ​មុខ​ដោះស្រាយ​នោះ​ឡើយ គ្រាន់តែ​ចាត់​វិធានការ​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់​លើ​មន្ត្រី​មូលដ្ឋាន​ឱ្យ​បំពេញ​ការងារ​របស់​ខ្លួន​ស្រប​តាម​តួនាទី​ដែល​ខ្លួន​មាន​នោះ គឺជា​ការ​បម្រើ​សេវា​សាធារណៈ​ដ៏​ល្អ​ណាស់​ហើយ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន។

កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អះអាង​ថា លោក​បាន​ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ចំនួន ៦៩​ករណី និង​ដោះស្រាយ​បាន ៣៦​ករណី ដោយឡែក​ករណី​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​លើក​ជា​មតិ​យោបល់ និង​សំណូមពរ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ ខណៈ​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះ​ទៀត​ត្រូវ​បាន​រក​ឃើញ​ថា ខុស​ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើក​ឡើង​ថា ផែនការ និង​ការ​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​របស់​រដ្ឋាភិបាល​កម្ពុជា ច្រើន​តែ​បំផុសបំផុល​មុន​ការ​បោះឆ្នោត​មក​ដល់ ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​ផែនការ និង​ការ​សន្យា​ទាំងនោះ​នឹង​រលាយ​បាត់​ទៅវិញ​នៅ​ពេល​ដែល​បោះឆ្នោត​បាន​ចប់​សព្វគ្រប់ ដូច្នេះ​ផែនការ​ថ្មី​នេះ​ក៏​ប្រហែល​ជា​មិន​ខុស​ពី​លើក​មុនៗ​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស