26 C
Phnom Penh

នាយករដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​និង​ឯកជន​ឡើងវិញ​ទាំងអស់

បទវិភាគ

ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន រួម​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ឡើងវិញ​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តទៅ ដោយ​មិន​បិទ​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ​ទៀត​ទេ ទោះបី​មាន​ការ​ឆ្លង​ក្នុង​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ​ក៏ដោយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា ការ​ស្លាប់​ដោយសារ​សេដ្ឋកិច្ច គឺជា​ការ​ស្លាប់​ដែល​ពិបាក​ជាង​ការ​ស្លាប់​ដោយសារ​ជំងឺ Covid-19 ទៅ​ទៀត ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​កុមារ​ថ្នាក់​បឋមសិក្សា ដែល​មិន​ទាន់​ចេះ​ការពារ និង​រក្សា​អនាម័យ​បាន​ត្រឹមត្រូវ។

មេដឹកនាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​នានា ដោយសារតែ​កម្ពុជា​បាន​គ្រប់គ្រង​ជំងឺ Covid-19 បាន​យ៉ាង​ល្អ ខណៈ​ដំណើរការ​ចាក់​វ៉ាក់សាំង​ក៏​ទទួល​បាន​ជោគជ័យ​ថែម​ទៀត ប៉ុន្តែ​ក្នុង​ករណី​មាន​ការ​ឆ្លង​ក្នុង​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ ត្រូវ​តែ​យក​អ្នកជំងឺ​ដែល​ឆ្លង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា អ្នកស្រី ឱ វណ្ណឌីន ធ្លាប់​បាន​អះអាង​ថា បញ្ហា​ក្រពះ​ជា​រឿង​សំខាន់​ហើយ ប៉ុន្តែ​សូម​កុំ​ភ្លេច​ពី​បញ្ហា​សួត​ផង​ដែរ ព្រោះ​ថា​ប្រសិនបើ​គិតតែ​ពី​បញ្ហា​ក្រពះ ហើយ​មិន​គិត​ពី​បញ្ហា​សួត នោះ​ពិត​ជា​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ។

ទាក់ទង​នឹង​រឿង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ណែនាំ​ស្ដី​អំពី​ការ​បង្រៀន និង​រៀន​ជា​បណ្ដុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់​កម្រិត ទាំង​សាធារណៈ ទាំង​ឯកជន ដែល​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ​តទៅ​ទូទាំង​ប្រទេស ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ជាប់​ជា​ប្រចាំ។

ក្រសួង​បញ្ជាក់​ថា ករណី​រក​ឃើញ​ការ​ឆ្លង​វីរុស Covid-19 នៅ​ក្នុង​ក្រុម​សិស្ស ឬ​ក្នុង​ថ្នាក់រៀន មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ត្រូវ​ផ្អាក​ដំណើរការ​តែ​ក្រុម​សិស្ស ឬ​ថ្នាក់រៀន​នោះ​តែប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​យក​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​ព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ ខណៈ​សាលារៀន​នៅតែ​បន្ត​ដំណើរការ​បង្រៀន និង​រៀន​ជា​ធម្មតា។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា សេដ្ឋកិច្ច​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ដូច្នេះ​ការ​ទាមទារ​ស្បៀងអាហារ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​បិទ​ខ្ទប់ គឺ​ដោយសារ​ពួកគាត់​ភ័យ​ព្រួយ​ដូច​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ដែរ ដែល​ថា​ការ​ស្លាប់​ដោយសារ​សេដ្ឋកិច្ច គឺជា​ការ​ស្លាប់​ដែល​ពិបាក​ជាង​ការ​ស្លាប់​ដោយសារ​ជំងឺ Covid-19 នៅ​ពេល​នេះ​យ៉ាង​ដូច្នេះ​ដែរ។

លោក​លើកឡើង​ថា ដោយឡែក​វិធានការ​បើក​គ្រឹះស្ថាន​សិក្សា​ឡើងវិញ រដ្ឋាភិបាល​គួរតែ​ធ្វើ​តាម​ដំណាក់​ពី​កម្រិត​ឧត្ដមសិក្សា​បន្ត​ចុះ​មក​បឋមសិក្សា​តាម​ដំណាក់កាល ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​ជំងឺ Covid-19 ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ថា​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​បឋមសិក្សា​នៅ​មាន​កម្រិត​នៃ​ការ​ថែរក្សា​អនាម័យ និង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ទាប​នៅឡើយ ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ទៅ​ថ្ងៃ​ក្រោយ។

លោក មឿន តុលា អំពាវនាវ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា គួរតែ​ណែនាំ​ទៅ​គ្រឹះស្ថាន​ទាំងអស់​ឱ្យ​មាន​បរិក្ខារ​សុខាភិបាល​ត្រៀម​បម្រុង​ឱ្យ​បាន​ត្រឹមត្រូវ ឧបករណ៍​លាងដៃ អាល់កុល ឬ​សាប៊ូ ការ​រក្សា​គម្លាត ការ​ពិនិត្យ​កម្តៅ និង​ការ​តាមដាន​សុខភាព​របស់​សិស្ស​ប្រចាំ​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជា​យថាហេតុ​ណា​មួយ​ដែល​អាច​នាំ​ឱ្យ​ផ្ទុះ​ក្នុង​សហគមន៍​ឡើងវិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស