26 C
Phnom Penh

អ្នកវិភាគ៖ ការ​អះអាង​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​អះអាង​របស់​រដ្ឋាភិបាល​កម្ពុជា ថា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ហើយ​កិច្ចព្រមព្រៀង​នេះ​ស្លាប់​បាត់​ទៅ​ហើយ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នៅតែ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​គ្មាន​សុពលភាព​សម្រាប់​ប្រទេស​កម្ពុជា​ទៀត​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា តាម​ពិត​បើ​ឈរ​លើ​មូលដ្ឋាន និង​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​អន្តរជាតិ គេ​មិន​អាច​បញ្ចូល​ស្មារតី​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ ២៣ តុលា ១៩៩១ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ទេ ព្រោះ​វា​ជា​កាតព្វកិច្ច​នៃ​ប្រទេស​ដទៃ និង​អង្គការ​សហប្រជាជាតិ។

លោក​អះអាង​ថា រដ្ឋធម្មនុញ្ញ​ប្រទេស​មួយ​មាន​វិសាលភាព​អាច​អនុវត្ត​ត្រឹមតែ​ក្នុង​ព្រំដែន​ប្រទេស​របស់​ខ្លួន​ប៉ុណ្ណោះ តែ​គ្មាន​អំណាច​ទប់ស្កាត់​ពី​ការ​រំលោភបំពាន​ពី​ប្រទេស​ដទៃ​លើ​អធិបតេយ្យ​របស់​ខ្លួន​ឡើយ។ ក្រៅពី​នេះ​ទៀត ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​អស់​ដែរ ជាពិសេស​ការ​ធានា​ជា​អន្តរជាតិ​ចំពោះ​កម្ពុជា​ពី​សំណាក់​ប្រទេស​ហត្ថលេខី​ដទៃ​ទៀត​ដែល​បាន​ចែង​ទាក់ទិន​ទៅ​នឹង​អធិបតេយ្យ​ជាតិ ឯករាជ្យ បូរណភាព អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​ទាំងមូល​នៃ​ប្រទេស​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា កាតព្វកិច្ច​នៃ​ម្ចាស់​ហត្ថលេខី​ដទៃ​ទៀត​មិន​ទាន់​បាន​ឃើញ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ដូចជា​កាតព្វកិច្ច​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នឹង​នៅតែ​បន្ត​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​មាន​ចែង​ក្នុង​មាត្រា​៣ នៃ​កិច្ចព្រមព្រៀង​នេះ ជាដើម។

ការ​លើកឡើង​ពី​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើង​មុន​ថ្ងៃ​ប្រារព្ធ​ទិវា​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១ ដើម្បី​រំឭក​ដល់​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៩១ កន្លងទៅ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជ​ភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន​១៩ លើ​សកលលោក។ ជម្លោះ​នៅ​ប្រទេស​កម្ពុជា តភ្ជាប់​ពី​ការ​វាយ​ទន្រ្ទាន​ឈ្លានពាន​ទឹកដី​នេះ​ពី​សំណាក់​កងទ័ព​យៀកណាម ជាង ១​សែន​នាក់ ដើម្បី​រំលំ​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត។

ចាប់តាំង​ពី​ឆ្នាំ​១៩៩១ នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​នោះ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បាន​ដាក់​កិច្ចព្រមព្រៀង​នេះ​ទៅ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ឬ​ថ្ងៃ​ពិសេស​សម្រាប់​កម្ពុជា​ណា​មួយ ដើម្បី​រំឭក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើយ។ ជាង​នេះ​ទៀត មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​រំឭក​នោះ​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ កន្លង​ទៅ​ថា ដើម្បី​ចូលរួម​អបអរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាសប្រាក់​រៀល​គំរូ​ថ្មី​ដែល​មាន​រូបលោក និង​សម្តេច​ព្រះ​នរោត្តម សីហនុ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​គេ​រិះគន់​ថា លោក ហ៊ុន សែន មិនមែន​មាន​បំណង​រំឭក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ដោយ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ដាក់​រូប​ខ្លួនឯង​ក្នុង​ក្រដាសប្រាក់​ថ្មី​ក្នុង​ចេតនា​លើក​តម្លៃ​ខ្លួន​ឱ្យ​ស្មើ​នឹង​សម្តេច​ព្រះ​នរោត្តម សីហនុ តែប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​អះអាង​កាលពី​ពេល​ថ្មី​នេះ​ថា ប្រទេស​កម្ពុជា​ទើប​តែ​បាន​អនុវត្ត​បាន​មួយ​ចំណុច​ប៉ុណ្ណោះ ដែល​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ការ​បញ្ចប់​សង្គ្រាម ប៉ុន្តែ​ការ​រក្សា​អព្យាក្រឹតភាព អធិបតេយ្យ​ជាតិ និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ គឺ​មិនទាន់​អាច​អនុវត្ត​បាន​ល្អ​នៅឡើយ​ទេ។

ដោយឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដើម្បី​ចូលរួម​អបអរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២២ ខែ​តុលា នេះ​ថា ថ្ងៃ​ទី​២៣ តុលា គួរតែ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​នៅ​ប្រទេស​កម្ពុជា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ អំពាវនាវ​ឱ្យ​ភាគី​នយោបាយ​ខ្មែរ​ទាំងអស់​បញ្ឈប់​ការ​ធ្វើ​នយោបាយ​ដោយ​ការ​បណ្ដុះ​កំហឹង គំនុំ​គុំកួន​សងសឹក​គ្នា​ទៅវិញ​ទៅមក​រវាង​ខ្មែរ និង​ខ្មែរ​បន្ត​ទៀត ដើម្បី​កែលំអ​នូវ​បរិយាកាស​នយោបាយ​បច្ចុប្បន្ន ជាពិសេស​ការគោរព​នូវ​សិទ្ធិ​សេរីភាព​នយោបាយ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សកម្មភាព​នយោបាយ​របស់​ខ្លួន​ដោយ​គ្មាន​ការ​រារាំង ការ​រើសអើង និង​ការ​បំភិតបំភ័យ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​មាន​សន្តិភាព​យូរ​អង្វែង កម្ពុជា​ត្រូវតែ​លើក​ស្ទួយ​សេរីភាព ជីវភាព និង​យុត្តិធម៌​សង្គម​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ទាំងអស់។

ទាក់ទិន​នឹង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ថា ការ​បដិសេធ​ការ​រំលោភបំពាន ឬ​ការ​មិន​គោរព​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាពិសេស​ពី​សំណាក់​ប្រទេស​កម្ពុជា គឺជា​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត​របស់​ទឹកដី​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​បរទេស​ឈ្លានពាន​កំពុងតែ​រង់ចាំ​ឱកាស​ដើម្បី​លេប​ត្របាក់​កម្ពុជា​រហូត​មក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស