26 C
Phnom Penh

អ្នក​មាន​អចលនទ្រព្យ​សម្រាប់​ជួល​ឲ្យ​ចិន កំពុង​ទន្ទឹង​រង់ចាំ​អ្នក​វិនិយោគ​ចិន​វិល​ចូល​ខេត្ត​ព្រះសីហនុ​វិញ

បទវិភាគ

អ្នកជំនួញ​អចលនទ្រព្យ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​អគារ ផ្ទះ និង​ដី ត្រៀម​បម្រុង​ទុក​ជួល បាន​បង្ហាញ​ក្តី​អស់សង្ឃឹម ខណៈ​ការ​ទន្ទឹង​រង់ចាំ​អ្នក​វិនិយោគទុន​ចិន វិល​ចូល​ក្រុង​ព្រះសីហនុ​ជា​ថ្មី​ហាក់ដូចជា​មិនទាន់​មាន​ដំណឹង​នៅឡើយ។

ប្រជាពលរដ្ឋ អាជីវករ ឈ្មួញ​ភាគច្រើន​បាន​ត្អូញត្អែរ​ថា ពួកគេ​បាន​ជំពាក់​លុយ​ធនាគារ​ដោយសារ​យក​ប្រាក់​មក​វិនិយោគ​លើ​សំណង់ ឬ​អចលនទ្រព្យ​សម្រាប់​ជួល ឬ​លក់​ឲ្យ​អ្នកជំនួញ​ជនជាតិ​ចិន គឺ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រក​ចំណូល​សង​ដោះ​បំណុល​ត្រឡប់​ទៅវិញ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ ដែល​មាន​អចលនទ្រព្យ អគារ ផ្ទះ និង​ដី​សម្រាប់​ទុក​ជួល និង​លក់​ឲ្យ​អ្នក​វិនិយោគទុន​ចិន បាន​បង្ហាញ​អារម្មណ៍​ជ្រួលជ្រើម​កាន់តែ​ខ្លាំង​ក្រោយពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា ឆ្នាំ​២០២១ បើក​ឲ្យ​ដំណើរការ​សេដ្ឋកិច្ច សាលារៀន ទីផ្សារ ទេសចរណ៍ និង​ត្រៀម​បើក​ប្រទេស​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​ធម្មតា។ ក្នុង​អំឡុង​ពេល​ប្រទេស​រាតត្បាត​ដោយ​ជំងឺ Covid-19 អ្នក​វិនិយោគ​ជនជាតិ​ចិន បាន​ត្រឡប់​ទៅ​ប្រទេស​ចិន វិញ​ផង និង​ការ​បិទ​ខ្ទប់​ប្រទេស​ផង​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​លក់​ឡាយឡុង​អចលនទ្រព្យ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ដើម្បី​ប្រមូល​លុយ​បង់​ការប្រាក់​ជូន​ធនាគារ ដោយ​ទន្ទឹង​រង់ចាំ​អ្នក​វិនិយោគទុន​ចិន វិល​ចូល​ក្រុង​ព្រះសីហនុ មាន​ចរាចរ​សេដ្ឋកិច្ច​ឡើងវិញ។

ទោះជាយ៉ាងណា​មិញ បន្ទាប់ពី​អ្នក​វិនិយោគទុន​ចិន បាន​ចាកចេញ​ពី​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​យ៉ាង​គំហុក​កាលពី​ចុង​ឆ្នាំ​២០១៩ មក បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​សំណង់​អគារ​រាប់​ពាន់​ខ្នង​ដែល​បាន​ផ្អាក​សកម្មភាព​សាងសង់​ទាំងស្រុង​នោះ បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ជា​បណ្តើរៗ​ឡើងវិញ​ហើយ។ វិនិយោគទុន​ចិន ឬ​ជនជាតិ​ចិន ក៏​មាន​វត្តមាន​បើក​ដំណើរការ​អាជីវកម្ម​ផ្សេងៗ​ដូចជា កាស៊ីណូ ភោជនីយដ្ឋាន និង​លក់​គ្រឿង​សង្ហារិម​ផ្សេងៗ​ជាដើម​ជា​បណ្តើរៗ​វិញ​ហើយ​ដែរ។

ចំណែក​ប្រជាពលរដ្ឋ ឬ​អាជីវករ​ដែល​គេ​ធ្លាប់​បាន​ជួល​ផ្ទះ អគារ និង​ដី ក៏​បាន​ងាក​ទៅ​ចាប់​បើក​របរ​ទទួលទាន​របស់​ខ្លួន​ដូច​ដើម​វិញ​ជា​បណ្តើរៗ​ហើយ​ដែរ ដោយ​ពួកគេ​សង្ឃឹម​ថា ចរន្ត​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​ពី​មុន​មក នឹង​វិល​មក​សភាព​ដើម​វិញ​ក្នុង​ពេល​ដ៏​ឆាប់​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស