27 C
Phnom Penh

ពលរដ្ឋ​ខេត្ត​កោះកុង​ព្រួយបារម្ភ​អំពី​បទល្មើស​គ្រឿងញៀន​នាំចូល​ពី​ថៃ​តាម​ច្រក​លំហ​សមុទ្រ

បទវិភាគ

ពលរដ្ឋ​ខេត្ត​កោះកុង បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​បទល្មើស​នាំចូល​គ្រឿងញៀន​ជិត ៣០០​គីឡូក្រាម ដែល​ជនល្មើស​បន្ត​លួច​នាំចូល​តាម​ច្រក​លំហ​សមុទ្រ​ចូល​មក​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ខណៈ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ប្រចាំ​ច្រក​លំហ​សមុទ្រ​ហាក់​មិន​សូវ​រវល់​អើពើ​ពី​ការ​នាំចូល​គ្រឿងញៀន​ឆ្លងដែន​នេះ​ទេ។

ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ទៅលើ​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​លើ​លំហ​សមុទ្រ​ថា ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​សំណូក​ពុករលួយ​ពី​ក្រុម​ជនល្មើស ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំចូល​គ្រឿងញៀន​ជាបន្តបន្ទាប់ មុន​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្រែអំបិល ចុះ​បង្ក្រាប​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ការ​ព្រួយបារម្ភ​ជា​ថ្មី​របស់​ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​អាណាព្យាបាល​ខាងលើ​នេះ បាន​កើត​មាន​ជា​ថ្មី​ទៀត​ក្រោយ​ពេល​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រែអំបិល បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​រឹបអូស​បាន​ជិត ៣០០​គីឡូក្រាម ដែល​ជនល្មើស​ដឹក​តាម​ទូក​ចូល​មក​ដល់​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។

យុទ្ធនាការ​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ០៦​នាក់​នៅ​លើ​ទូក​ខ្នាត​ធំ​មួយ​គ្រឿង​របស់​ជនជាតិ​ថៃ ដែល​ចូល​ចត​ក្នុង​ផែ​ជលផល​នៅ​ចំណុច​មាត់ពាម​ស្រែអំបិល។

ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ជនល្មើស​លួច​នាំចូល​គ្រឿងញៀន​ជិត ៣០០​គីឡូក្រាម​ចូល​តាម​ច្រក​លំហ​សមុទ្រ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ថា​តើ​មាន​មន្ត្រី​ស្ថាប័ន​ណា​ខ្លះ​បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​លួច​ឆ្លងដែន​ជាបន្តបន្ទាប់​មក​នេះ។

ទាក់ទិន​បញ្ហា​នេះ លោក ហួន នុន អធិការ​នគរបាល​ស្រុក​ស្រែអំបិល បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា របស់​កម្លាំង​ជំនាញ បាន​ធ្វើឡើង​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា ស្ថិត​ក្នុង​ឃុំ​ស្រែអំបិល និង​ឃុំ​ជ្រោយស្វាយ។

យុទ្ធនាការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ៦​នាក់ និង​រឹបអូស​គ្រឿងញៀន​ចំនួន ៩​កញ្ចប់​ធំ​មាន​ទម្ងន់​ជិត ៣០០​គីឡូក្រាម នៅ​លើ​ទូក​កាណូត​ខ្នាត​ធំ​របស់​ជនជាតិ​ថៃ ដែល​ចូល​ចត​ក្នុង​ផែ​ជលផល​ត្រង់​ចំណុច​មាត់ពាម​ស្រែអំបិល។

បច្ចុប្បន្ន ទាំង​ជន​សង្ស័យ និង​ភស្តុតាង ត្រូវ​នគរបាល​ស្រុក​ស្រែអំបិល បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ដើម្បី​សាកសួរ និង​ឈាន​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កោះកុង បន្ត​នីតិវិធី​តាម​ច្បាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស