31 C
Phnom Penh

ខេត្ត​មួយ​ចំនួន​និង​រាជធានី​ភ្នំពេញ​ប្រឈម​ជំនន់​ទឹកភ្លៀង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត​បន្ត​ហក់​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​នោះ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយសារតែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​បន្តបន្ទាប់​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ទៅ​ខ្លាំង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ហក់​ឡើង។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា រាជធានី-ខេត្ត​ចំនួន​១៤ ប្រឈម​ជំនន់​ទឹកភ្លៀង ដោយសារតែ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​សម្ពាធ​ទាប និង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ខ្ពស់។

ក្រសួង​បន្ត​ថា រាជធានី-ខេត្ត​ទាំងនោះ​រួម​មាន​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​មណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ខេត្ត​កំពត ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។

ក្រសួង​បញ្ជាក់​ថា ការ​ទទួល​រង​ឥទ្ធិពល​ជាបន្តបន្ទាប់​នេះ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់ ដែល​បង្ក​ឱ្យ​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង ខណៈ​ភូមិសាស្ត្រ​ខេត្ត​កំពត ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ នៅ​លើ​ផ្ទៃ​សមុទ្រ នឹង​អាច​មាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់​ដែរ។

ករណី​នេះ ក្រសួង​ធនធាន​ទឹក អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ជាយថាហេតុ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នឹង​ទឹកជំនន់​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​សង្កាត់​ចំនួន​១០ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ឱ្យ​ប្រុងប្រយ័ត្ន ដោយសារ​ទឹក​ស្ទឹង​ព្រែកត្នោត កំពុង​ហក់​ឡើង​ខ្លាំង។ ក្រៅពី​អំពាវនាវ អាជ្ញាធរ​ក៏​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញ ខណៈ​ទឹក​បន្ត​ឡើង​លិច​ចូល​ភូមិ និង​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​ដង្កោ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស