26 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​ខ្មែរ​ថាវរៈ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ផ្ដន្ទាទោស​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​សាលក្រម​របស់​តុលាការ​ចំពោះ​សកម្មជន​សង្គម​ទាំងនោះ។

តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ ទី​២៦ តុលា នេះ ដោយ​សម្រេច​កាត់ទោស​សកម្មជន​សង្គម ដូចជា​អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ ជាដើម តម្រូវ​ឱ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី ១៤ ទៅ ១៥​ខែ ខណៈ​ទោស​នៅ​សល់​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យួរ។

ប្រភព​ដដែល​អះអាង​ថា សកម្មជន​សង្គម​ចំនួន ១០​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរ​ទោស​សាកល្បង​រយៈពេល ២​ឆ្នាំ ដែល​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ជា​ប្រចាំ។

ការ​សម្រេច​ផ្ដន្ទាទោស​លើ​សកម្មជន​បរិស្ថាន​នេះ ធ្វើឡើង​ក្រោយ​តុលាការ​បាន​ចោទប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បាន​ឃុំ​ខ្លួន​អ្នក​ទាំងនោះ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។

ចំណែក​ឯ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រួម​មាន​លោក សេង ម៉េងប៊ុនរ៉ុង លោក ហូ វ៉ាន់ លោក អ៊ូ ចាន់រិទ្ធ និង​លោក គង់ សភា ត្រូវ​បាន​ចោទប្រកាន់​ដោយ​កំបាំង​មុខ​ពី​បទ​ញុះញង់ តាម​បញ្ញត្តិ​មាត្រា​២៨ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ឆ្នាំ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៤​លាន​រៀល​ថែម​ទៀត។

ដោយឡែក​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី លោក ហុង លីម ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​រូបលោក ករណី​ផ្ដើម​គំនិត​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​កាលពី​ពេល​កន្លងទៅ។

សកម្មជន​បរិស្ថាន​ដូចជា អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក មាន ព្រហ្មមុនី និង​ព្រះតេជព្រះគុណ កើត សារ៉ាយ ជាដើម ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌ ហើយ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៦ តុលា នេះ​ថា លោក​មាន​ការ​សោកស្តាយ​ណាស់​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​លើ​សកម្មជន​សង្គម​ទាំងនោះ ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​ដែល​ជា​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​បញ្ជាក់​ថា ការ​កាត់ទោស​លើ​សកម្មជន​ដែល​អនុវត្ត​សិទ្ធិ​សេរីភាព​ដោយ​ស្រប​ច្បាប់​បែប​នេះ គឺជា​ការ​បំភិតបំភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​សកម្មជន​សង្គម​ដែល​មាន​បំណង​ចូលរួម​កិច្ចការ​សង្គម​ជាតិ។ ជាង​នេះ​ទៀត វា​ក៏​ជា​ការ​បំបាក់​ស្មារតី​យុវជន​ដែល​ជា​ធនធាន​សំខាន់​របស់​ប្រទេស​ជាតិ ក្នុង​ការ​ចូលរួម​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ក្នុង​សង្គម​ដែល​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​ឡើងវិញ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​ទៅលើ​សកម្មជន​សង្គម​ទាំងនោះ ហើយ​ប្រសិនបើ​រក​មិន​ឃើញ​នូវ​បទល្មើស​ណា​មួយ​លើ​ពួកគេ​ទេ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​មាន​ភាព​ក្លាហាន​លើកលែង​ការ​ចោទប្រកាន់ និង​ផ្តល់​នូវ​សំណង​ផ្សេងៗ​ស្រប​តាម​ច្បាប់ ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ ថា កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដែល​តួលេខ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​រឹត​តែ​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នូវ​ការ​លើក​ស្ទួយ​នីតិរដ្ឋ​របស់​ខ្លួន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស