26 C
Phnom Penh

រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​៣០​ហិកតារ​ប្រគល់​ទៅ​ឧត្ដមសេនីយ៍​ធំៗ​នៅ​កងយោធពល​ខេមរភូមិន្ទ

បទវិភាគ

លោក ហ៊ុន សែន បាន​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ជិត ៣៦​ហិកតារ ប្រគល់​ទៅ​ឱ្យ​ឧត្ដមសេនីយ៍​ធំៗ​នៅ​ក្នុង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ធ្វើ​កម្មសិទ្ធិ ខណៈ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​ទទួល​បាន​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​កន្លែង​ផង​ដែរ​នោះ។

យោង​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​ទំហំ​ជាង ៣៥​ហិកតារ​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​កាត់​ប្រគល់​ទៅ​ឱ្យ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

អនុក្រឹត្យ​ដដែល​បញ្ជាក់​ថា ផ្ទៃដី​បឹង​តាមោក ជាង ៣៥​ហិកតារ​នេះ​មិន​ត្រឹមតែ​បាន​កាត់​ឲ្យ​លោក វង្ស ពិសេន និង​លោក សៅ សុខា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បឹង​នេះ​ក៏​បាន​កាត់​ទៅ​ឲ្យ​ឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ប៉ោ ម៉េង ក៏​ទទួល​បាន​ដែរ។

កាលពី​ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​ដាច់ដោយឡែក​ពី​គ្នា​ចំនួន​ពីរ​ទៀត ដោយ​កាត់​ផ្ទៃ​បឹង​តាមោក​ទំហំ​ជាង ១៨​ហិកតារ (១៨២៣៧២​ម៉ែត្រ​ក្រឡា) ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រគល់​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ខណៈ​ផ្ទៃ​បឹង​ទំហំ​ជាង ១៥​ហិកតារ (១៥០៦៥១​ម៉ែត្រ​ក្រឡា) ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ប្រគល់​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ធ្វើ​កម្មសិទ្ធិ​កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១។

ក្រៅពី​មន្ត្រី​ធំៗ​នោះ រដ្ឋាភិបាល​ក៏​បាន​កាត់​ដី​នៅ​តំបន់​បឹង​ធម្មជាតិ​មួយ​នេះ ប្រគល់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​ទាំង​ក្រសួង​មួយ​ចំនួន​ទៀត។

បឹង​តាមោក មាន​ផ្ទៃដី​សរុប​ជាង ៣២០០​ហិកតារ (៣២៣៩​ហិកតារ) ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ប៉ុន្តែ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជាបន្តបន្ទាប់ ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០២១ ផ្ទៃ​បឹង​តាមោក ដែល​ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ជាង ១​ពាន់​ហិកតារ​ទៅ​ហើយ។

ពាក់ព័ន្ធ​នឹង​ការ​កាត់​ផ្ទៃ​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ លោក សុខ ទូច បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កាល​ពី​មុន បឹង​ធម្មជាតិ​មាន​ច្រើន នៅ​ពេល​លុប​តិចតួច មិន​សូវ​មាន​បញ្ហា​នោះ​ឡើយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បឹង​តាមោក​ដែល​ជា​បឹង​ធម្មជាតិ​ចុងក្រោយ​នោះ ត្រូវ​បាន​លុប​អស់​ខ្ទេចខ្ទី​ទៀត។

លោក​បន្ត​ថា រាល់​ថ្ងៃ​មិន​មោទកភាព​អ្វី​ទៀត​ឡើយ ដោយសារតែ​បឹង​ធម្មជាតិ​ដែល​នៅ​សេសសល់​តិចតួច ត្រូវ​បាន​លុប​ជាបន្តបន្ទាប់​ដែល​បន្សល់​ទុក​ការ​លំបាក​យ៉ាង​ច្រើន​នៅ​ខាងក្រោយ។

បឹង​ធម្មជាតិ​ធំៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​បឹងកក់ បឹងជើងឯក បឹងទំពុន និង​បឹង​តាមោក ជាដើម​នោះ ជា​កន្លែង​ស្តុក​ទឹក​ស្អុយ និង​រំដោះ​ទឹក​ហូរ​ចេញពី​ទីក្រុង​ភ្នំពេញ អំឡុង​ពេល​ភ្លៀង​ធ្លាក់​នៅ​រដូវវស្សា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​កាត់​ឱ្យ​ក្រុមហ៊ុន បុគ្គល​មាន​អំណាច និង​ស្ថាប័ន​រដ្ឋ ដើម្បី​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។ ការ​លុប​បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ទីក្រុង​ភ្នំពេញ​តែងតែ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ជាបន្តបន្ទាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស