26 C
Phnom Penh

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​ជំនាញ​ព្រំដែន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត​ឲ្យ​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ក្នុង​មួយ​ថ្ងៃៗ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម ថ្លែង​ហួសចិត្ត​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ដែល​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​ល្មើស​អាច​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ អ្នក​ប្រើប្រាស់​ដែល​កំពុង​មាន​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​ឃ្លាំមើល​សង្គម​បាន​ចាត់ទុក​ការ​នាំចូល​អាល់កុល​ក្លែងក្លាយ​ចូល​មក​នេះ គឺ​លុះណាតែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​ឈ្មួញ ទើប​អាច​ដឹក​អាល់កុល​រាប់​ម៉ឺន​លីត្រ​ដែល​ផ្ទុក​នៅ​លើ​រថយន្ត​ធំៗ​អាច​បើក​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​រលូន។

ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា ក.ប.ប. កាលពី​ថ្ងៃ​ទី​២៥-២៦ ខែ​តុលា បាន​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុក​ទុក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល បាន​ចំនួន​ជិត ១​ម៉ឺន ៦​ពាន់​លីត្រ (១៥៩៦០​លីត្រ) ដែល​ឈ្មួញ​នាំចូល​មក​ស្តុក​ទុក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចែកចាយ​បន្ត​ទៅ​កាន់​ទីផ្សារ​តាម​បណ្តា​រាជធានី-ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។

ករណី​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ក៏​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏ដូចជា​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​ទៅលើ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ពង្រឹង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀសវាង​ការ​ប្រព្រឹត្ត​អំពើពុករលួយ។

ទោះ​យ៉ាងណា មន្ត្រី​ជំនាញ ក.ប.ប. បាន​បញ្ជាក់​ថា កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​រក​ម្ចាស់​អាល់កុល​ក្លែងក្លាយ ដើម្បី​ឈាន​ទៅ​បន្ត​នីតិវិធី​ច្បាប់​ជា​ធរមាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស