31 C
Phnom Penh

អ្នកវិភាគ​និង​មន្ត្រី​បក្ស​នយោបាយ​យល់​ថា​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​គឺជា​ការ​បន្លំ​ភ្នែក​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ ចាត់ទុក​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​របស់​រដ្ឋាភិបាល ដើម្បី​យក​លុយ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​ក្រសួង​មហាផ្ទៃ នា​ពេល​ថ្មីៗ​នេះ​ថា​ជា​ការ​បន្លំ និង​បោកប្រាស់​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​គ្មាន​រដ្ឋាភិបាល​ណា​ដែល​សង់​អគារ​ធំ​ស្កឹមស្កៃ ហើយ​មិន​ដឹង​ខ្លួនឯង​គ្មាន​លុយ​នោះ​ទេ។

ការ​លើកឡើង​របស់​អ្នកវិភាគ និង​សង្គម​ស៊ីវិល បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ដោយ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​គ្រប់គ្រង​ចំណូល​ដែល​បាន​មកពី​ការ​ផ្ទេរ​ដី​ទំហំ ១០០​ហិកតារ​ស្ថិតនៅ​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ សម្រាប់​ចំណាយ​លើ​ការងារ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ។

បើ​តាម​អនុក្រឹត្យ​ឱ្យ​ដឹង​ថា គណៈកម្មការ​នេះ​មាន​តួនាទី និង​ភារកិច្ច​ចុះ​ពិនិត្យ​វាស់វែង​តម្លៃ​ដី ១០០​ហិកតារ ហើយ​ស្វែងរក និង​កំណត់​បុគ្គល ឬ​ក្រុមហ៊ុន ឬ​វិស័យ​ឯកជន​ដែល​មាន​សក្ដានុពល​ធ្វើជា​ដៃគូ​ក្នុង​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី ១០០​ហិកតារ​ខាងលើ ដើម្បី​យក​ថវិកា​មក​ចំណាយ​លើ​ការងារ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​ក្រសួង​មហាផ្ទៃ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​វីអូឌី (VOD) កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១ ថា មូលហេតុ​ដែល​ក្រសួង​ប្រកាស​លក់​ដី​បឹង​តាមោក ១០០​ហិកតារ​នោះ ដោយសារ​ខ្វះ​ប្រាក់​សម្រាប់​កសាង​អគារ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា រដ្ឋាភិបាល​ចាប់ផ្ដើម​សាងសង់​ទីស្ដីការ​ថ្មី​ក្រសួង​មហាផ្ទៃ នៅ​ចុង​ឆ្នាំ​២០២១ ខាងមុខ​នេះ បន្ទាប់ពី​ទទួល​បាន​ថវិកា ខណៈ​បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​ពិភាក្សា​ថ្លៃ និង​មើល​ប្លង់​ដី​ឡើងវិញ។

នាយក​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ យល់​ថា ការ​ប្រកាស​លក់​ដី​បឹង​តាមោក​ដោយសារ​ខ្វះ​ប្រាក់ ធ្វើឡើង​មិន​សម​ទំនង​ឡើយ។ លោក​បាន​ដាក់​ជា​សំណួរ​ថា តើ​ក្រសួង​ពិតជា​ខ្វះ​អគារ​ធ្វើការ​មែន​ឬ​ទេ? បើ​ត្រូវការ​អគារ តើ​សម្រាប់​បម្រើ​ការ​អ្វី? ដាក់​មន្ត្រី​ប៉ុន្មាន​នាក់? ត្រូវការ​ថវិកា​ប៉ុន្មាន​ដែរ? ចុះ​ឯណា​ថវិកា​ជាតិ​ដែល​គ្រោង​ជាង ៨​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ? ហើយ​បើ​សិន​លក់​ដី​បឹង​នោះ តើ​បាន​ប៉ុន្មាន​ដែរ? និង​សំណួរ​ថា ហេតុ​អ្វី​មិន​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​លក់ ហើយ​ចាត់ចែង​ចូល​ថវិកា​ជាតិ?

លោក​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​បន្ត​លក់ និង​លុប​បឹង​តាមោក ខណៈ​ការ​ចាត់ចែង​ថវិកា​ជាតិ​មកពី​ការ​លក់​បឹង​ធម្មជាតិ​មួយ​នេះ​នៅ​ខ្វះ​តម្លាភាព​នៅឡើយ។

ផ្ទៃដី​បឹង​តាមោក មាន​ទំហំ ៣២៣៩​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន បឹង​ធម្មជាតិ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ពុះ និង​កាត់​បែងចែក​ទៅ​ឱ្យ​ឧត្ដមសេនីយ៍​ធំៗ​នៅ​កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​ផ្សេងៗ​ទៀត ព្រមទាំង​ឧកញ៉ា និង​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើជា​កម្មសិទ្ធិ។

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ចាត់ទុក​ការ​លើកឡើង​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ ថា​ជា​ការ​បន្លំ និង​បោកប្រាស់​ពលរដ្ឋ ព្រោះ​ថា​គ្មាន​រដ្ឋាភិបាល​ណា​ដែល​សាងសង់​អគារ​ធំ​មួយ​ហើយ ដោយ​មិន​ដឹង​ខ្លួនឯង​គ្មាន​លុយ​សម្រាប់​សាងសង់​ឡើយ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​មិន​មាន​ប្រាក់​មែន គួរតែ​ប្រកាស​ជា​សាធារណៈ​មុន​ពេល​ចេញ​គម្រោង ដើម្បី​រក​លទ្ធភាព ឬ​មធ្យោបាយ​ក្នុង​ការ​រក​ប្រាក់​សង់​អគារ​ថ្មី​នោះ។

លោក​បន្ត​ថា មូលហេតុ​ដែល​រូបលោក​ចាត់ទុក​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ថា​ជា​ការ​បន្លំ និង​បោកប្រាស់​ពលរដ្ឋ​នោះ ដោយសារតែ​លុយ​ដែល​បម្រុង​សម្រាប់​សាងសង់​អគារ​ថ្មី​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ចាយ​អស់ ព្រោះ​រដ្ឋាភិបាល​កំពុង​ជួប​វិបត្តិ​អត់​លុយ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ខណៈ​ដែល​ខ្ចី​លុយ​ពី​បរទេស​មិន​បាន។

លោក​លើកឡើង​ថា ជាក់ស្ដែង​កាលពី​ចុង​ឆ្នាំ​២០១៩ នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​គម្រោង​ខ្ចី​លុយ​ពី​បរទេស​រហូត​ជិត ២​ពាន់​លាន​ដុល្លារ ប៉ុន្តែ​មិន​មាន​ប្រទេស​ណា​ឱ្យ​ខ្ចី​ឡើយ សូម្បីតែ​ប្រទេស​ចិន ក៏ដោយ។

លើស​ពី​នេះ លោក​ថា​ការ​បោះពុម្ព​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​នា​ពេល​ថ្មីៗ​នេះ អាច​ជា​ល្បិច​មួយ​ដើម្បី​យក​លុយ​នោះ​ធ្វើជា​មធ្យោបាយ​សម្រាប់​សាងសង់​អគារ​ក្រសួង​មហាផ្ទៃ ហើយ​យក​រឿង​នេះ​ទៅ​ប្រកាស​ប្រាប់​ពលរដ្ឋ​ថា លុយ​ដែល​សាងសង់​អគារ​ជា​លុយ​លក់​ដី​បឹង​តាមោក ១០០​ហិកតារ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ខ្ចី​លុយ​ពី​បរទេស និង​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ជាង ២២៦០​លាន​ដុល្លារ​អាមេរិក ដើម្បី​បំពេញ​កង្វះខាត​ក្នុង​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០២២ ប្រមាណ ៨,៥​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក គឹម សុខ អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​នយោបាយ​កម្រិត​ជ្រៅ​ក្នុង​ការ​ពុះ​ច្រៀក​ដី​ចែក​ទៅ​ឱ្យ​អ្នក​មាន​ឥទ្ធិពល​រដ្ឋ​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុង​នោះ​មាន​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន ពួក​ឧកញ៉ា​មួយ​ចំនួន​តូច​ដែល​នៅ​ជុំវិញ​គ្រួសារ​ត្រកូល ហ៊ុន ជាពិសេស​នៅ​ឧត្ដមសេនីយ៍​ធំៗ​នៅ​ក្រសួង​ការពារ​ជាតិ ក្រុម​មេ​ប៉ូលិស​ដែល​មាន​អំណាច​ចាត់ចែង​កម្លាំង​នៅ​ក្រសួង​មហាផ្ទៃ។

លោក​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ធ្លាក់​ចុះ​នៃ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន មេទ័ព​សំខាន់ៗ​នៅ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ បាន​បាត់បង់​ប្រយោជន៍​ច្រើន​ណាស់ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាច​រក្សា​ប្រយោជន៍​ធំៗ​បាន​នោះ គឺ​មាន​តែ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ប៉ុណ្ណោះ។ ករណី​នេះ លោក​ថា​មេទ័ព​ធំៗ​មិន​សប្បាយ​ចិត្ត​ចំពោះ​អំណាច​នៃ​ការ​ទទួល​បាន​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​ប្រតិកម្ម ហើយ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន បារម្ភ ហើយ​ឈាន​ទៅ​កាត់​ដី​ចែក​ឱ្យ ដើម្បី​លួង​ចិត្ត​ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស