28.5 C
Phnom Penh

តុលាការ​ខេត្ត​ពោធិ៍សាត់​កោះហៅ​អភិបាល​រង​ស្រុក​វាលវែង​ចូល​បំភ្លឺ​តាម​បណ្ដឹង​មេបញ្ជាការ​រង​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ដីកា​កោះ​ហៅ​អភិបាល​រង​ស្រុក​វាលវែង ម្នាក់​ឱ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ តាម​បណ្ដឹង​របស់​មេបញ្ជាការ​រង​វរៈ​លេខ​១៤៤ ពាក់ព័ន្ធ​នឹង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ខាំ វណ្ណមុន្នីរ័ត្ន បាន​កោះហៅ​អភិបាល​រង​ស្រុក​វាលវែង លោក ចាន់ វិចិត្រ ឱ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​នេះ​នា​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ថា​បាន «បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ» ប្រព្រឹត្ត​នៅ​ចំណុច​ភ្លុកដំរី ក្នុង​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ដីកា​ដដែល​ឱ្យ​ដឹង​ថា ការ​កោះហៅ​ធ្វើឡើង​តាម​បណ្ដឹង​របស់​មេបញ្ជាការ​រង​វរៈ​លេខ​១៤៤ ចំណុះ​កងពល​តូច​អន្តរាគមន៍​លេខ​១៤ លោក រ៉ាយ កន ដោយ​ចោទ​អភិបាល​រង​ស្រុក​វាលវែង គឺ​លោក ចាន់ វិចិត្រ ថា​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ដី​ចម្ការ​របស់​មេបញ្ជាការ​រង​វរៈ​១៤៤ លោក រ៉ាយ កន ស្ថិតនៅ​ចំណុច​ភ្លុកដំរី ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

ទោះ​យ៉ាងណា សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​ស្រុក​វាលវែង លោក ចាន់ វិចិត្រ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​របស់​មេបញ្ជាការ​រង​វរៈ​១៤៤ លោក រ៉ាយ កន បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស