30 C
Phnom Penh

ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ​ត្រូវ​សមត្ថកិច្ច​កម្ទេច​ចោល​ដោយ​គ្មាន​សំណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លំនៅឋាន​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ តាម​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ឬ​មហាវិថី​វិមាន​ឈ្នះៗ​ក្នុង​ភូមិ​ចែងម៉ែង និង​ភូមិ​សំរោងក្រោម សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​កម្ទេច​ដោយ​គ្មាន​សំណង និង​ចាប់​ម្ចាស់​ផ្ទះ​ឃុំ​ខ្លួន​ថែម​ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ជា​ទង្វើ​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ពលរដ្ឋ​រងគ្រោះ​បាន​ថត​វីដេអូ​ផ្ទះ​របស់​ខ្លួន​ដែល​សមត្ថកិច្ច​បាន​វាយកម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ ដោយ​រៀបរាប់​ថា សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ​មក​បញ្ឈរ​រង់ចាំ​ធ្វើ​សកម្មភាព​តាំងពី​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ប្រហែល​ម៉ោង ៣​ទៀបភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា សមត្ថកិច្ច​ក៏​បាន​ធ្វើ​សកម្មភាព​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋ​ស្លូតត្រង់​ដែល​រងគ្រោះ​ទាំងនោះ​បាន​ត្រឹមតែ​ស្រែក​យំ និង​នាំគ្នា​អង្វរ​អាជ្ញាធរ​ទាំងនោះ​តែប៉ុណ្ណោះ ហើយ​ទីបំផុត ផ្ទះ​របស់​ពួកគាត់​ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី​ដដែល។

ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រោយ​អាជ្ញាធរ​ទាំងនោះ​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​នាំគ្នា​ចាប់​សមាជិក​ប្រុសៗ និង​អ្នក​ដែល​បាន​ថត​សកម្មភាព​របស់​ពួកគេ​ទៅ​ឃុំ​ទុក និង​បាន​ប្លន់​យក​គ្រឿងអលង្ការ​របស់​ពលរដ្ឋ​ទាំងនោះ​គ្មាន​សល់​ថែម​ទៀត ខណៈ​លុយកាក់​ដែល​មាន​នៅ​ក្នុង​ផ្ទះ ក៏​ត្រូវ​បាន​អាជ្ញាធរ​មិន​ឱ្យ​ម្ចាស់​ផ្ទះ​ចូល​ទៅ​យក​ថែម​ទៀត។ ជាង​នេះ​ទៅទៀត អ្នក​សារព័ត៌មាន​ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ចូល​ទៅ​ផ្សព្វផ្សាយ ហើយ​ផ្លូវ​ឆ្លងកាត់​ទៅ​កាន់​តំបន់​នោះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​បិទ​ចរាចរណ៍​ទាំងស្រុង​តែម្តង។

ពលរដ្ឋ​រងគ្រោះ​លើកឡើង​ថា ពួកគេ​ចំណាយ​ពេលវេលា​ស្ទើរតែ​កន្លះ​ជីវិត​ទៅ​ហើយ​ទម្រាំ​តែ​អាច​ឈរ​ដល់​ចំណុច​នេះ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដីធ្លី​ត្រូវ​រលាយ​សាបសូន្យ​ទៅវិញ​ដោយសារតែ​អំពើពុករលួយ និង​ភាព​សាហាវ​យង់ឃ្នង​របស់​អ្នក​មាន​អំណាច ទោះ​ជា​ដី​របស់​ពួកគាត់​មាន​ប្លង់​រឹង​បញ្ជាក់​កម្មសិទ្ធិ​ស្រប​ច្បាប់​កាន់កាប់​អចលនទ្រព្យ​នោះ​គ្រប់គ្រាន់ និង​មាន​ច្បាប់​សាងសង់​លំនៅឋាន​ត្រឹមត្រូវ​ក៏ដោយ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ តុលា នេះ​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ​កម្ពុជា​លើ​ករណី​នេះ គឺ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​នានា​ដែល​ចែង​អំពី​សិទ្ធិ​កាន់កាប់​លំនៅឋាន​ដោយ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​គួរតែ​ចាត់​វិធានការ​ច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា និង​គំរាម​យក​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ឲ្យខាងតែ​បាន ព្រោះ​ថា​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​ប្រទេស​ត្រូវតែ​ធានា​ទៅលើ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​នូវ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​របស់​ខ្លួន​ជាដាច់ខាត។

លោក ស៊ឹង សែនករុណា ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បណ្តែត​បណ្តោយ​ឱ្យ​ធ្វើ​អំពើ​បែប​នេះ​កើតឡើង ហើយ​មិន​បាន​វែក​មុខ​ជន​ដៃដល់ និង​អ្នក​បញ្ជា​ពីក្រោយ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ទេ​នោះ ភាព​អយុត្តិធម៌​នេះ​ច្បាស់​ជា​នឹង​កើតឡើង​ជាបន្តបន្ទាប់​ទៅលើ​ពលរដ្ឋ​បន្ថែម​ទៀត​ជា​មិន​ខាន ខណៈ​ពលរដ្ឋ​ក៏​នឹង​អស់​ជំនឿ​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កាន់តែ​ច្រើន​ទៅៗ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស