26 C
Phnom Penh

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ខេត្ត​ចាត់​វិធានការ​ច្បាប់​លើ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កំពត

បទវិភាគ

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​លោក ដាញ់ សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពត ដែល​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​រំលោភ​ដី​បរិវេណ​អាង​ទឹក​ដងទង់ និង​ដី​កម្មសិទ្ធិ​ពលរដ្ឋ ១៩​គ្រួសារ​លក់​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ក្នុង​ពេល​វិវាទ​មិន​មិន​ទាន់​ដោះស្រាយ​ចប់។

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សេង សម្បត្តិ បាន​ចោទ​លោក ដាញ់ សារី ថា​បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្ថិតនៅ​ភូមិ​សុភី ឃុំ​ស្រែជាងខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត មាន​ទំហំ​ផ្ទៃដី​ជាង ១០​ហិកតារ នៅ​លើ​ដី​កំពុង​មាន​ទំនាស់។ មិន​ត្រឹម​តែប៉ុណ្ណោះ បាន​កែប្រែ​ដី​កសិកម្ម​ទៅជា​ដី​សាងសង់ ដើម្បី​បំពេញ​បំណង​ឲ្យ​លោក សេង សម្បត្តិ កាល​ថ្ងៃ​ទី​២៣ ខែ​សីហា។

វិវាទ​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រមាណ​ចំនួន ៦​គ្រួសារ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា កន្លងទៅ ដើម្បី​ជំទាស់​នឹង​ការ​ឃុបឃិត​តាម​លំដាប់​អាជ្ញាធរ​ចេញ​ប្លង់​លក់​ដី​ទាំងនោះ និង​ស្នើ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​ករណី​នេះ។

ទាក់ទិន​វិវាទ​នេះ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​រវាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សេង សម្បត្តិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា កន្លងមក​នេះ​ថា លោក​ព្រួយបារម្ភ​ចំពោះ​ការ​បាត់បង់​ដី​អាង​ទឹក​ដងទង់​នេះ ដោយសារតែ​ការ​ឃុបឃិត​របស់​មន្ត្រី​មួយ​ចំនួន។ ចំណែក​ឯ​ភាគី​លោក សេង សម្បត្តិ បាន​ឆ្លើយតប​ក្នុង​វេទិកា​សាធារណៈ​នោះ​ដែរ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ ១៩​គ្រួសារ គឺ​ខាង​ក្រុមហ៊ុន​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​រួច​ហើយ គឺ​ផ្ទុយពី​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ទៅវិញ។

ទោះ​ជា​បែប​នេះ អភិបាល​ខេត្ត​កំពត បាន​ព្រមាន​ថា នឹង​មាន​វិធានការ​រដ្ឋបាល និង​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​លួចលាក់ ឬ​ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​លក់​ដី​អាងទឹក និង​ដី​របស់​ប្រជាពលរដ្ឋ ដោយ​បំប្លែង​ពី​ដី​កសិកម្ម​ទៅជា​ដី​សាងសង់​នេះ។ លោក​បញ្ជាក់​ថា រាល់​ការ​ទិញ​ដី​នៅ​អាងទឹក​ដងទង់​ខាងលើ​នេះ គឺ​មាន​ក្នុង​ទម្រង់​ខុស​ច្បាប់​ស្ទើរតែ​ទាំងស្រុង។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក ដាញ់ សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពត ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចេញ​ប្លង់​ទៅ​លោក សេង សម្បត្តិ នៅ​លើ​ដី​កំពុង​មាន​វិវាទ​ខាងលើ​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២១។

តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ខេត្ត​កំពត ស្នើ​មិន​បង្ហាញ​ឈ្មោះ ឲ្យ​ដឹង​ថា ករណី​ឃុបឃិត​គ្នា​លក់​ដី​នេះ គឺ​មាន​មន្ត្រី​នៅ​តាម​មន្ទីរ​ស្ថាប័ន​ជំនាញ​ជាច្រើន​រូប​បាន​ជាប់​ពាក់ព័ន្ធ និង​ទទួល​សំណូក​ពុករលួយ​ពី​លោក សេង សម្បត្តិ នៅ​ក្នុង​អាណត្តិ​លោក ជាវ តាយ ដឹកនាំ​ជា​អភិបាល​ខេត្ត​កំពត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​នោះ​រួម​មាន​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត ជា​មេ​ចំណែក លោក ប៉ិល កុសល អភិបាល​រង​ខេត្ត លោក ដាញ់ សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត និង​មាន​មន្ត្រី​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ថែម​ទៀត​ផង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស