តើបក្សប្រជាជនកម្ពុជា បង្កើតបណ្ដាញសាខាយុវជនបក្សក្រៅប្រទេស យកធនធានបានមកពីអ្វីទៅជួយឧបត្ថម្ភ? ក្នុងភាគទី៩ លោក ហាស់ សាន សូមពិនិត្យមើលរបៀបរៀបចំនៅអាស៊ី និងអាស៊ីអគ្នេយ៍ ហើយមនុស្សបែបណាគ្រប់គ្រងត្រួតត្រាបណ្ដាញក្រៅប្រទេសទាំងនោះ។
គណបក្សប្រជាជនកម្ពុជា បានពង្រីកបណ្ដាញសាខារបស់ខ្លួនទៅខាងក្រៅប្រទេស ដោយប្រើធនធានបានមកពីការគ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងសេដ្ឋកិច្ចក្នុងផ្ទៃប្រទេស ហើយបែងក្រឡាចែកចាយទៅឲ្យកូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បីរកប្រយោជន៍ចែកគ្នា។
ក្នុងរយៈកាលរាប់ទសវត្សកន្លងមកនេះ បក្សក្តោបក្តាប់អំណាចផ្ដាច់មុខនេះ បានជាប់ឈ្មោះអាស្រូវទាក់ទងនឹងអំពើពុករលួយ គ្រឿងញៀនរត់ពន្ធឆ្លងកាត់ប្រទេស ការបំផ្លាញធនធានធម្មជាតិក្នុងទឹក លើដី ក្រោមដី រួមនឹងរឿងរំលោភសិទ្ធិមនុស្ស។
រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា បានបណ្តោយឲ្យពួកឈ្មួញទុច្ចរិតជិតស្និទ្ធនឹងលោក រួមដៃជាមួយនាហ្មឺន មន្ត្រី ឧត្តមសេនីយ៍ពុករលួយមួយចំនួន ធ្វើអាជីវកម្មរកផលចំណេញយកទៅពង្រឹងបក្ស និងពួកក្តាប់អំណាច ដើម្បីពង្រឹង ហើយពង្រីកអំណាច (political patronage)។ មានធនធានខ្លះបានមកពីការរកស៊ីរត់ពន្ធ គេចពន្ធ លាងលុយកខ្វក់តាមបនល្បែងស៊ីសង កាស៊ីណូ ទិញ លក់ ដោះដូរអចលនទ្រព្យ ដូចជាដីធ្លី ផ្ទះសម្បែង ជាដើម។ ធនធានទាំងអស់នេះរួមនឹងវិភាគទានពីពាណិជ្ជករធំៗមានខ្សែជិតស្និទ្ធនឹងអ្នកមានអំណាច ដែលគណៈអចិន្ត្រៃយ៍បក្សប្រើប្រាស់ដើម្បីឧបត្ថម្ភក្រុមយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបង្កើតជាក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស។ ក្រៅពីធនធានទាំងនោះ មានធនធានបានមកពីពាណិជ្ជករ អាជីវកររស់នៅបរទេសដែលស្ម័គ្រចិត្តបម្រើបក្ស។
ឥទ្ធិពលនៃបក្សប្រជាជនកម្ពុជា បានរាតត្បាតទៅដល់ទឹកដីអាមេរិកខាងជើង ដូចជាសហរដ្ឋអាមេរិក និងកាណាដា ទឹកដីសហភាពអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ អង់គ្លេស ស្វីស បែលហ្សិក ហុឡង់ដ៍ ជាដើម។ នៅតំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ មានដូចជាកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ជាដើម ហើយនិងទ្វីបអូសេអានី មានអូស្ត្រាលី និងនូវែលហ្សេឡង់។
នៅប្រទេសថៃឡង់ដ៍ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា កូនប្រុសលោក ហ៊ុន សែន ម្នាក់ទៀត គឺលោក ហ៊ុន ម៉ានី ដែលគ្រប់គ្រងសហភាពសហព័ន្ធយុវជនកម្ពុជា បានព្យាយាមបង្កើតសហជីពក្នុងប្រទេសថៃឡង់ដ៍ ថាដើម្បីការពារសិទ្ធិកម្មករពលករខ្មែរធ្វើចំណាកស្រុក ដែលធ្វើការតាមរោងកាប់មាន់ ទា សាច់ជ្រូកដាក់កេះក្នុងខេត្តមួយចំនួន។ រដ្ឋាភិបាលថៃ មិនអនុញ្ញាតឲ្យបង្កើត ពីព្រោះ ហ៊ុន ម៉ានី ជាសមាជិករដ្ឋសភា ជាកូនប្រមុខរដ្ឋាភិបាល មិនមែនជាជនស៊ីវិល។
ក្រៅពីប្រទេសថៃឡង់ដ៍ ក្រុមយុវជនបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបង្កើតក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស នៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ី។ គេប្រសិទ្ធិនាមជាពាក្យហៅកាត់ថា កូចាម៉ា (KOJAMA) ឬ កូរ៉េ ជប៉ុន ម៉ាឡេស៊ី។ អ្នកជួយជ្រោមជ្រែងប្រមែប្រមូលយុវពលករចូលរួមគាំទ្រ គឺឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ឡុង ឌីម៉ង់ កូនប្រុសលោក ឡុង វិសាលោ មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កូចាម៉ា ស្ថិតក្រោមការទទួលខុសត្រូវឈ្មោះ ហេង សួរ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ហេង សួរ ជាសមាជិកគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្សប្រជាជនកម្ពុជា (CPP Central Committee) និងជាប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅកូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ី។ សមាជិកក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសកូចាម៉ា មានពលករ សិស្ស និស្សិត ដែលឧស្សាហ៍ចូលរួមប្រជុំតាមប្រព័ន្ធហ៊្សូម (ZOOM)។ កិច្ចប្រជុំថ្ងៃទី២៩ កក្កដា ២០២១ ធ្វើឡើងក្រោមអធិបតីភាពឈ្មោះ សេង សក្តា អនុប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅកូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ី។ អ្នកគ្រប់គ្រងក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា ដូចជាឈ្មោះ ហេង សួរ ជាដើម មិនបានធ្វើឲ្យឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឬនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឈ្មោះល្បីល្អនោះទេ ទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយនៅក្រៅប្រទេស។
មកទល់នឹងដើមឆ្នាំ២០២១ ក្រោយពីចុះកិច្ចព្រមព្រៀងជាមួយគ្នារវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង មានចំនួនប្រមាណ ៧ម៉ឺននាក់ ហើយក្នុងចំនួននេះមាន ១ម៉ឺន ៥ពាន់នាក់ជានារីភេទ។ ក្នុងកិច្ចប្រជុំមួយរៀបចំដោយឯកអគ្គរាជទូត ឡុង ឌីម៉ង់ តាមប្រព័ន្ធហ៊្សូម រវាងពលករ និស្សិត ស្ត្រីរៀបការប្តីកូរ៉េនៅកូរ៉េខាងត្បូង នាថ្ងៃទី២៦ មិថុនា ២០២១ និងឈ្មោះ ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា ហើយជាប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី គឺ៖ «ពិភាក្សាការងារជាមួយប្រធាន និងអនុប្រធានក្រុមការងារទទួលបន្ទុកនៅតាមតំបន់នៃសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េខាងត្បូង ក្រុមការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ប្រធានសមាគមគាំពារពលករខ្មែរនៅតាមតំបន់អំពីផែនការសកម្មភាពការងារ និងបានលើកឡើងពីចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួនក្នុងការរក្សាទំនាក់ទំនងជាមួយសមាជិកបក្សចាស់ និងចងក្រងកសាងសមាជិកថ្មីក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ–១៩ ដើម្បីក្រុមការងារថ្នាក់កណ្ដាលធ្វើការជួយសម្របសម្រួល និងដោះស្រាយ។»។
អ្នកចូលរួមប្រជុំតាមប្រព័ន្ធហ៊្សូមខ្លះចេញមុខ ខ្លះលាក់មុខ មានដូចជាឈ្មោះ៖
- អុល ពេជ្រចរិយា
- ជា សុខនី
- តាំង ផេង រិទ្ធី
- ឃឹម សូសម្រេច
- បញ្ញា
- ឡោ សុភារិទ្ធ
- សុផាណារិទ្ធ
- ជា ចិនចិន
- អ៊ូច ស៊ិមពេជ្រកន្និកា
- អាន ប៊ុណ្ណា
- ម៉ៅ ស្រីដានុត
- សេរី វិបុល
- ហៃ ហ៊ុនឡេង
- អំ សុផល
- ញ៉ុត ឧត្តម
- ទុយ ដារិទ្ធ
- សុខ សាន
- ជុំ ធីតា
- អ៊ុង សៀងរិទ្ធី
- អាន ប៊ុនហាក់
- ឈុន ធាវី
- កែវ រស្មី
- ទូច ដាណា
- ហុង ជឿន
- ឃុន ចណ្ណារិទ្ធ
- និង ភឹម សេរីរតន៍ ជាដើម។ល។
សកម្មភាពពីក្រុមមន្ត្រីក្រសួងនៃរាជរដ្ឋាភិបាល សឲ្យដឹងថា បក្សប្រជាជនកម្ពុជាតាមរយៈបណ្ដាញសាខាក្រុមការងាររបស់គេ ត្រួតត្រា ក្តោបក្តាប់ តាមដានពលករខ្មែរនៅបរទេសឥតឈប់ឈរក្នុងន័យក្លែងបំភ័ន្តថា គេយកចិត្តទុកដាក់នឹងពលករចំណាកស្រុក។
ចំណុចសំខាន់ដែលសាធារណជនមិនបានដឹង តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូនសមាជិកបក្សរបស់ខ្លួនទៅធ្វើពលករក្រៅស្រុក ឬបញ្ជូនពលរដ្ឋខ្មែរទៅធ្វើការដោយមិនប្រកាន់បក្សពួក?
ទោះជាបែបណាក៏ដោយ ពលករខ្មែរចំណាកស្រុកបានបញ្ជូនរូបិយប័ណ្ណរាប់រយលានដុល្លារក្នុងមួយឆ្នាំៗឲ្យគ្រួសារ ដែលរាប់បញ្ចូលជាផលទុនសរុបជាតិ (GNP)។
ធនាគារជាតិនៃកម្ពុជា រាយការណ៍ក្នុងឆ្នាំ២០១៩ ថា ចំណូលបានពីពលករផ្ញើលុយមកស្រុកខ្មែរមានចំនួនពី ១២០០លាន ទៅ ១៥០០លានដុល្លារអាមេរិក៖
- ពីកូរ៉េខាងត្បូងចំនួនប្រមាណ ២៤០លានដុល្លារ
- ពីរាជាណាចក្រថៃឡង់ដ៍ ប្រមាណជិត ១១០០លានដុល្លារ
- ពីជប៉ុនប្រមាណ ៩០លានដុល្លារ
- ពីម៉ាឡេស៊ីប្រមាណ ២១លានដុល្លារ។
ក្នុងឆ្នាំ២០២០ ចំណូលបានពីពលករចំណាកស្រុកទាំងអស់ធ្លាក់ចុះប្រមាណជិត ២០%។
ទោះជាយ៉ាងណាក៏ដោយ ពលករខ្មែរទាំងអស់នោះគួរតែទទួលបានសេរីភាព គ្មានការគាបសង្កត់ផ្លូវចិត្តពីរដ្ឋាភិបាលរបស់ខ្លួន។ ផ្ទុយពីនោះទៅវិញ មានសេចក្តីរាយការណ៍នៅក្នុងឆ្នាំ២០១៥ ហេង សួរ បានគំរាមពលករខ្មែរនៅប្រទេសថៃឡង់ដ៍ កូរ៉េខាងត្បូង និងជប៉ុន ដែលធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ដោយនិយាយផ្ទាល់មាត់ថា នឹងរកជនអន្ធពាល អ្នកលេងវាយសំពង ឬប្រើវិធីបង្កគ្រោះថ្នាក់ចរាចរណ៍ដើម្បីបំបាក់ស្មារតីអ្នកប្រឆាំងទាំងនោះ ហើយពេលគេវិលទៅស្រុកខ្មែរវិញ ខ្លួននឹងផ្តល់កម្រៃផ្គត់ផ្គង់អ្នកដៃដល់នោះមិនឲ្យខកចិត្ត។ ប្រទេសអូស្ត្រាលី ក៏មានឮរឿងគំរាមដូចគ្នានេះដែរ ប៉ុន្តែនៅសហរដ្ឋអាមេរិក ឬអឺរ៉ុប មិនទាន់ឮសម្ដីទុយ៌សបែបហ្នឹងនៅឡើយទេ។
សម្ដីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឈ្មោះ ហេង សួរ បង្កការបំភិតបំភ័យបន្លាចពលករខ្មែរឯក្រៅប្រទេសឲ្យតក់ស្លុត ដែលរស់គ្មានការការពារតាមផ្លូវច្បាប់ពេញលេញ។
តើមានអង្គការខ្មែរការពារសិទ្ធិមនុស្សណាមួយចេញមុខការពារពលករខ្មែរក្រៅប្រទេស ដែលរកចំណូលមកជួយសេដ្ឋកិច្ចជាតិប្រទេសកម្ពុជាវិញនោះដែរឬទេ?
ចំណែកឯពលរដ្ឋខ្មែរនៅបរទេសក៏ស្ងាត់ មិនរួបរួមគ្នាជួយមួយដៃមួយជើង មិនចង់ចំណាយពេលជួយពលករខ្មែរទាំងនោះដែរ ប៉ុន្តែឮតែថាចង់ជួយសង្គ្រោះខ្មែរ។ ផ្ទុយទៅវិញ គេប្រឹងនាំគ្នាចំណាយធនធានដូចជាពេលវេលា ថវិកា កម្លាំងកាយ កម្លាំងចិត្ត ខុសអន្លើទៅបង្កើតបក្សនយោបាយ និងទៅកែទៅដូររបៀបគ្រប់គ្រងលោក ហ៊ុន សែន។
សំណួរចម្ងល់៖ ម្នាក់ៗទៅសុំសិទ្ធិធ្វើនយោបាយពីរដ្ឋអំណាច ហ៊ុន សែន នៃបក្សប្រជាជនកម្ពុជា ហើយថានឹងទៅកែទៅដូររដ្ឋាភិបាលនៃបក្ស ហ៊ុន សែន។ សំណួរថាតើដូរបានឬអត់? អ្វីដែលខ្មែររស់នៅបរទេសមិនបានគិតនោះ គឺជាតិខ្មែររស់ក្រោមការគំរាមកំហែង ការភ័យខ្លាចទាំងក្នុង ទាំងក្រៅប្រទេស។
ភាគបន្តសប្តាហ៍ក្រោយ សូមជូនអំពីសកម្មភាពក្រុមការងារបក្សប្រជាជនកម្ពុជានៅតំបន់អូសេអានី គឺអូស្ត្រាលី និងនូវែលហ្សេឡង់៕