29 C
Phnom Penh

អាជ្ញាធរ​ចោទ​ពលរដ្ឋ​ដែល​ដាក់​ស៊ង​ចិញ្ចឹម​ត្រី​លើ​បឹង​តាមោក​ថា​ទន្ទ្រាន​កាន់កាប់​ផ្ទៃដី​បឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​ឱ្យ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​ធ្លាប់​អាស្រ័យផល​ពី​បឹង​តាមោក ត្រូវ​រុះរើ​ស៊ង​ចិញ្ចឹម​ត្រី និង​រោង​ខ្ទម​ចេញពី​បឹង​ធម្មជាតិ​មួយ​នេះ ដោយ​អាជ្ញាធរ​ចោទ​ពួកគេ​ថា​កំពុង​រំលោភ​ទន្ទ្រាន​កាន់កាប់​ផ្ទៃដី​បឹង​មួយ​នេះ។

ក្នុង​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ ចុះ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​កំពុង​ដាក់​ស៊ង​ចិញ្ចឹម​ត្រី​ក្នុង​បឹង​តាមោក និង​បាន​សាងសង់​រោង​ខ្ទម​រស់នៅ​លើ​ទំនប់​ក្នុង​ផ្ទៃ​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​បច្ចុប្បន្ន គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បន្ត​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​ផ្ទៃ​បឹង។

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ដដែល​ថា បឹង​តាមោក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដូច្នេះ​ដើម្បី​រក្សា​ការពារ​កុំ​ឱ្យ​មាន​ការ​ទន្ទ្រាន​កាន់កាប់​នោះ អាជ្ញាធរ​ឱ្យ​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យផល​លើ​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ ត្រូវ​រុះរើ​ស៊ង​ចិញ្ចឹម​ត្រី និង​រោង​ខ្ទម​ដែល​អាជ្ញាធរ​ថា​ពលរដ្ឋ​បាន​ទន្ទ្រាន​កាន់កាប់​ពី​ផ្ទៃ​បឹង​នេះ​ជាបន្ទាន់ ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ។

អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​ទុក​ពេល​ឲ្យ​ពលរដ្ឋ​រយៈពេល ១​សប្ដាហ៍ ដើម្បី​រុះរើ​ស៊ង​ចិញ្ចឹម​ត្រី និង​រោង​ឬ​ខ្ទម​ទាំងនោះ​ចេញ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​ចុះ​រុះរើ​ដោយ​ផ្ទាល់ ហើយ​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត និង​បាត់បង់​សម្ភារៈ​ឡើយ។

បើ​តាម​ឈ្មោះ Davy Sea ដែល​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​ឲ្យ​ដឹង​ថា បើសិនជា​រដ្ឋាភិបាល​មិន​ឱ្យ​ពួកគាត់​ដាក់​ស៊ង​ចិញ្ចឹម​ត្រី តើ​ពួកគាត់​បាន​អ្វី​ចិញ្ចឹម​ក្រពះ​ទៀត? លើស​ពី​នេះ ការ​ឱ្យ​រុះរើ​ស៊ង​ចិញ្ចឹម​ត្រី​នេះ នឹង​ធ្វើ​ឱ្យ​ជីវិត​ពួកគាត់​វេទនា និង​ដុនដាប​ជាង​មុន។

អ្នកស្រី​ចាត់ទុក​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ថា​ធ្វើឡើង​ដើម្បី​អភិវឌ្ឍ​ឲ្យ​តែ​អ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អ្នក​ក្រ​វិញ គឺ​ត្រូវ​បង្ខិតបង្ខំ​ឲ្យ​រស់​ទាំង​ត្រដរ​ខ្យល់។

បឹង​តាមោក​មាន​ទំហំ ៣២៣៩​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន បឹង​ធម្មជាតិ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុះ​និង​កាត់​បែងចែក​ទៅ​ឱ្យ​ឧត្ដមសេនីយ៍​ធំៗ​នៅ​កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​ផ្សេងៗ​ទៀត ព្រមទាំង​ឧកញ៉ា និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើជា​កម្មសិទ្ធិ​អស់​ជាង ១​ពាន់​ហិកតារ​ហើយ ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស