31 C
Phnom Penh

ក្រុម​សង្គម​ស៊ីវិល​បន្ត​ធ្វើ​យុទ្ធនាការ​សប្តាហ៍​ទី​១២​ដើម្បី​សុំ​ឱ្យ​ដោះលែង​យុវជន​ការពារ​បរិស្ថាន​៦​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​នៅ​សប្តាហ៍​ទី​១២ លើ​បណ្តេញ​សង្គម​បន្ត​ទៀត នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​យុវជន​ការពារ​បរិស្ថាន ៦​នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​លើ​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

ប្រភព​ដដែល​អះអាង​ថា សកម្មជន​បរិស្ថាន​ទាំងនោះ​គ្រាន់តែ​លើកឡើង​ពី​បញ្ហា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​ចង់​ឱ្យ​ពលរដ្ឋ​គ្រប់​គ្នា​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​សម្រាប់​កម្ពុជា​ឱ្យ​បាន​ល្អ​តែប៉ុណ្ណោះ មិន​គួរ​អាជ្ញាធរ​ចាប់​ខ្លួន​ពួកគេ​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ ព្រោះ​សកម្មភាព​របស់​សកម្មជន​ទាំងនោះ​កន្លងមក​មិន​បាន​ល្មើស​ទៅ​នឹង​មាត្រា​ណា​មួយ​របស់​កម្ពុជា​ឡើយ។

អង្គការ​សមាគម​ជាច្រើន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចូលរួម​លើក​ទឹកចិត្ត​ដល់​សកម្មជន និង​សកម្មភាព​ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​តាម​គ្រប់​រូបភាព ដើម្បី​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ ជាជាង​ការ​បំភិតបំភ័យ និង​ការ​គំរាម​ចាប់​ខ្លួន​ដូច​ពេល​កន្លងមក​ដែល​ធ្វើ​ឱ្យ​សកម្មជន​នានា​រង​ការ​ភ័យខ្លាច និង​ជា​ការ​គំរាមកំហែង​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សង្គម​បរិស្ថាន​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

ក្រុម​អង្គការ​សមាគម​ទាំងនេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​លីកាដូ និង​អង្គការ​ជាច្រើន​ទៀត​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន ៦​នាក់ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​គិត​មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជិត ៤០០​ថ្ងៃ​ហើយ។

សកម្មជន​បរិស្ថាន​ទាំងនោះ​រួម​មាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី។ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ១៨​ខែ​ទៅ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ៤​លាន​រៀល​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា តើ​ចៅក្រម​នៅ​កម្ពុជា​មាន​សម្បជញ្ញៈ​ដែរ​ឬ​ទេ ដែល​នាំគ្នា​កាត់ទោស​សកម្មជន​បរិស្ថាន​ដែល​គ្រាន់តែ​ប្រើប្រាស់​សេរីភាព​ខាង​បញ្ចេញ​មតិ ខាង​សារព័ត៌មាន ខាង​ការ​ប្រជុំ​ដោយ​សន្តិវិធី និង​ក្នុង​ព្រំដែន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ?

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​មាត្រា ៤៩៤ និង ៤៩៥ ដែល​បាន​ប្រើ​មាត្រា​ទាំងនេះ​ចោទប្រកាន់​សកម្មជន​បរិស្ថាន​កន្លងមក គឺ​ដើម្បី​បិទ​បាំង​អំពើ​ទុច្ចរិត​របស់​ខ្លួន និង​មាន​គោលបំណង​បំបិទ​សិទ្ធិ​មូលដ្ឋាន និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស