31.8 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​កសិករ​ចូលរួម​លើកស្ទួយ​អង្ករ​ស្តង់ដារ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ខាង​ផ្នែក​កសិកម្ម និង​ជា​អ្នក​នយោបាយ​ផង​នោះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​កសិករ​ខ្មែរ​ចូលរួម​លើកស្ទួយ​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ ដែល​នៅ​មាន​ជាតិ​កន្ទក់​លាយ​អង្ករ​សំរូប ថា​ជា​ប្រភេទ​អង្ករ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​សុខភាព​អ្នក​ប្រើប្រាស់ ខណៈ​អ្នកជំនាញ​ផ្នែក​សុខភាព​បង្ហាញ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​អ្នក​ដែល​បាន​បរិភោគ​អង្ករ​ប្រភេទ​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ​ថា ការ​ទទួលទាន​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ នឹង​ជួយ​ឱ្យ​សុខភាព​អ្នកប្រើប្រាស់​កាន់តែ​ល្អ ដោយសារតែ​អង្ករ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់ ដូចជា​សារធាតុ​សរសៃ ឬ Fibre និង​វីតាមីន​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ឈឺ​សន្លាក់​ដៃ សន្លាក់​ជើង និង​ជំងឺ​ផ្សេង​ទៀត​យ៉ាង​មាន​ប្រសិទ្ធភាព។

មន្ត្រី​បក្ស​រូប​នេះ​អះអាង​ថា អត្ថប្រយោជន៍​របស់​អង្ករ​ប្រភេទ​នេះ​មាន​រសជាតិ​ឆ្ងាញ់ អាច​រក្សា​ទុក​បាន​យូរ​ដោយ​មិន​ឆាប់​ផ្អូម​ក្រោយ​ពេល​ចម្អិន ព្រមទាំង​មាន​តម្លៃ​ទាប​ផង​ដែរ ខណៈ​អង្ករ​ដែល​ប្រើ​ម៉ាស៊ីន​ប៉ូលា ឬ​ស្រិត​ឲ្យ​មាន​ពណ៌​ស​រលោង​ស្អាត​ដោយ​ការ​ប្រើ​ត្បាល់​ដុស​ខាត់​ច្រើន​ប្រភេទ​មាន​តម្លៃ​ខ្ពស់​ជាង ប៉ុន្តែ​គុណភាព​មិន​មាន​កម្រិត​ស្តង់ដារ​សម្រាប់​សុខភាព​ដូច​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ​សម្រាប់​អ្នក​បរិភោគ​នោះ​ឡើយ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​លើកស្ទួយ​អង្ករ​ខ្មែរ​បុរាណ​អាច​ជួយ​ឱ្យ​គ្រួសារ​កសិករ​ខ្មែរ​ប្រើ​ម៉ាស៊ីន​តូចៗ​ដែល​មាន​ត្បាល់​កែច្នៃ​សម្រាប់​កិន​អង្ករ ១ ឬ ២ នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ការ​ធ្វើ​បែប​នេះ កសិករ​នឹង​មិន​ចំណាយ​ដើមទុន​ច្រើន​នោះ​ទេ​សម្រាប់​ផលិត​អង្ករ​ប្រភេទ​នេះ ដែល​ល្អ​ជាង​ក្នុង​ការ​ចំណាយ​លុយ​ច្រើន​ទៅ​ទិញ​អង្ករ​ពណ៌​ស ហើយ​មាន​គុណភាព​អន់​ទៀត​នោះ។

លោក​គូស​បញ្ជាក់​ថា បើ​ទោះបីជា​អង្ករ​ស្តង់ដារ​ខ្មែរ​បុរាណ​មើល​ពី​ខាងក្រៅ​មិន​សូវ​ស​រលូន​ស្អាត និង​មិន​ទាក់ទាញ​ដូច​អង្ករ​ដែល​ប៉ូលា ឬ​ស្រិត​តាម​បច្ចេកទេស​របស់​រោងម៉ាស៊ីន​ក៏ដោយ ប៉ុន្តែ​ខាងក្នុង​អង្ករ​នេះ​ពោរពេញ​ទៅ​ដោយ​គុណភាព​សម្រាប់​សុខភាព​ដែល​មិន​អាច​កាត់ថ្លៃ​បាន។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​អង្ករ​ស្តង់ដារ​បុរាណ​ខ្មែរ​ដែល​ជា​ប្រភេទ​អង្ករ​ជួយ​ដល់​សុខភាព​អ្នកប្រើប្រាស់​ជាង​អង្ករ​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ។

ប្រភេទ​អង្ករ​ដែល​កំពុង​ពេញ​និយម​ក្នុង​ការ​ផលិត និង​ប្រើប្រាស់​នៅ​កម្ពុជា​បច្ចុប្បន្ន រួម​មាន​អង្ករ​ផ្កាម្លិះ អង្ករ​ផ្ការំដួល និង​អង្ករ​ជាច្រើន​ប្រភេទ​ទៀត ប៉ុន្តែ​អង្ករ​ទាំងនោះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រោងម៉ាស៊ីន​បក​យក​សារធាតុ​ចិញ្ចឹម​ទាំងអស់ ដើម្បី​ឱ្យ​មាន​សោភណភាព​ស​ល្អ និង​មាន​ភាព​ទាក់ទាញ​ទៅ​ដល់​អ្នកប្រើប្រាស់ ប៉ុន្តែ​អង្ករ​ទាំងនោះ​ក៏​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុង​តម្លៃ​ខ្ពស់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​ឯកទេស​សុខភាព​ជនជាតិ​ឥណ្ឌា លោក Mickey Mehta ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា តាមរយៈ​នៃ​ការ​ពិសោធ បាន​បង្ហាញ​ថា ក្នុង​អង្ករ​ដែល​លាយឡំ​ទៅ​ដោយ​សារធាតុ​កន្ទក់ និង​នៅ​មាន​ជាប់​សំរូប​ក្នុង​ចំណុះ ១​ពែង​កាហ្វេ បាន​ផ្ទុក​សារធាតុ​ម៉ង់កាណែស ៨៨​ភាគរយ សារធាតុ​សេលីញ៉ូម ២៧​ភាគរយ ម៉ាញេស្យូម ២០​ភាគរយ ទ្រីផូថុន ១៨​ភាគរយ និង​កាឡូរី ១២​ភាគរយ ហើយ​សារធាតុ​ទាំងនេះ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោម​ផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ដោយឡែក​ការ​យក​អង្ករ​ដែល​កិន​សម្រិត​ឱ្យ​មាន​ពណ៌​ស​ស្អាត​ល្អ គឺ​បាន​បំផ្លាញ​សារធាតុ​ដែក ៦០​ភាគរយ វីតាមីន B1 ៨០​ភាគរយ វីតាមីន B3 ៦៧​ភាគរយ វីតាមីន B6 ៩០​ភាគរយ ខណៈ​សារធាតុ​ផ្សេង​ទៀត​មាន​ដូចជា​ផូស្វ័រ ម៉ង់កាណែស និង​សារធាតុ​សរសៃ ឬ Fibre បាន​បាត់បង់​អស់​ជិត​ពាក់កណ្តាល​ផង​ដែរ។

របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន VOA កាលពី​ពេល​កន្លងទៅ បាន​បង្ហាញ​ថា ការ​ធ្វើ​តេស្ដ​ទៅលើ​បុរស​ជិត ៤​ម៉ឺន​នាក់ និង​ស្ត្រី​ជាង ១៥​ម៉ឺន​នាក់ ឱ្យ​ដឹង​ថា អ្នក​ដែល​ទទួលទាន​បាយ​ដោយ​ប្រើ​អង្ករ​ពណ៌​ស ៥​ដង​ក្នុង​មួយ​អាទិត្យ ឬ​ច្រើន​ជាង​នេះ នឹង​បង្ក​គ្រោះថ្នាក់​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ដល់​ទៅ ១៧​ភាគរយ។

ដោយឡែក​អ្នក​ទទួលទាន​បាយ​អង្ករ​ដែល​មាន​សារធាតុ​កន្ទក់​ដែល​លាយឡំ​ដោយ​សំរូប​ឱ្យ​បាន ២​ដង ឬ​ច្រើន​ជាង ២​ដង​ក្នុង​មួយ​សប្តាហ៍ នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ទៅ ១១​ភាគរយ​ពី​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ យ៉ាង​មាន​ប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស