31.8 C
Phnom Penh

ក្រសួង​អប់រំ​ប្រកាស​ពន្យារ​ពេល​ប្រឡង​បាក់ឌុប​សម្រាប់​ឆ្នាំ​សិក្សា​២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពន្យារ​ពេល​ប្រឡង​សម្រាប់​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០២១ នេះ ដើម្បី​ជំរុញ​ឱ្យ​សិស្ស​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ទទួល​យក​លទ្ធផល​ឱ្យ​កាន់តែ​ល្អ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​សាទរ និង​ការ​ព្រួយបារម្ភ​អំពី​ការ​ពន្យារ​ពេល​នេះ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិនិត្យ​មើល​លើ​ការ​ពន្យារ​ពេល​ប្រឡង​របស់​សិស្ស​ទុតិយភូមិ ដើម្បី​ទុក​ឱកាស​ឱ្យ​សិស្ស​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២១ នេះ មាន​ពេល​ស្រាវជ្រាវ​ពង្រឹង​ចំណេះដឹង​របស់​ខ្លួន​ឱ្យ​បាន​គ្រប់គ្រាន់​មុន​ការ​ប្រឡង ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​លទ្ធផល​ល្អ។

លោក​បន្ត​ថា ការ​ពន្យារពេល​នេះ គឺជា​ការ​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ពួកគេ​ចង់​បាន។ ជាង​នេះ​ទៀត ក្រសួង​នឹង​ដាក់​ចេញ​នូវ​វិធានការ​នានា​ដើម្បី​ជួយ​ឱ្យ​ដំណើរការ​ប្រឡង​នេះ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ ខណៈ​ដំណើរការ​ល្អ​បែប​ណា​នោះ លោក​មិនទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​បើក​ឱ្យ​សាលារៀន​ដំណើរការ​ឡើងវិញ គឺជា​រឿង​ចាំបាច់​បំផុត ព្រោះ​ថា​កម្ពុជា​មិន​អាច​បន្ត​ពន្យារពេល​ឱ្យ​សិស្ស​ផ្អាក​ការ​សិក្សា​នៅ​សាលា​បន្ត​ទៀត​បាន​ទេ ត្បិត​កម្ពុជា​នៅ​ពេលនេះ ត្រូវតែ​រៀន​រស់​ជាមួយ Covid-19 ដែល​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ប៉ុន្តែ​កាលបរិច្ឆេទ​ដែល​ក្រសួង​បាន​ដាក់​ចេញ​នេះ ត្រូវ​បាន​លើក​ពេល​ហើយ​នៅ​ពេលនេះ ខណៈ​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌីប្លូម នៅ​បន្ត​ដំណើរការ​ប្រឡង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​ដូច​ធម្មតា។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត សាម អ៊ីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ថា លោក​គាំទ្រ​ឱ្យ​មាន​ការ​ពន្យារពេល​របស់​​​ក្រសួង​អប់រំ​លើ​ដំណើរការ​ប្រឡង​របស់​សិស្ស​បាក់ឌុប ប៉ុន្តែ​ក្រសួង​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ពេក​ទេ ព្រោះ​ថា​បើ​អូស​បន្លាយ​ពេល​យូរ​ពេក អាច​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ដែល​មាន​បំណង​ចង់​ទៅ​សិក្សា​នៅ​ឯ​បរទេស ប្រសិនបើ​លទ្ធផល​ប្រឡង​របស់​ពួកគេ​មាន​ការ​យឺតយ៉ាវ​នោះ។

លោក​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការ​សិក្សា​របស់​ខ្លួន ដើម្បី​ទទួល​បាល​លទ្ធផល​ល្អ​ដែល​ជា​ដើមទុន​ទៅ​បន្ត​ការ​សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​ជាន់ខ្ពស់​នានា​បន្ថែម​ទៀត ដែល​អាច​ឱ្យ​ខ្លួនឯង​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​មាន​ប្រយោជន៍​ពិតប្រាកដ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​សង្គម​ជាតិ​ទាំងមូល។

ជុំវិញ​បញ្ហា​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា សិស្សានុសិស្ស​ទាំងអស់​ត្រូវតែ​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ដែល​ចេញពី​សមត្ថភាព​ខ្លួនឯង។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ពន្យល់​ថា ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន​នេះ គ្រូបង្រៀន​គ្រាន់តែ​ជា​ផ្នែក​មួយ​សម្រាប់​នាំ​ផ្លូវ​សិស្ស​ប៉ុណ្ណោះ ប៉ុន្តែ​សិស្ស​ខ្លួនឯង​ទៅវិញ​ទេ​ដែល​ត្រូវ​ស្រាវជ្រាវ​ដើម្បី​កសាង​សមត្ថភាព​ផ្ទាល់ខ្លួន ត្បិត​ពួកគេ​អាច​មាន​ឱកាស​គ្រប់គ្រាន់ និង​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ទទួល​បាន​ប្រភព​ចំណេះដឹង​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ការ​ធ្វើ​ស្វ័យ​សិក្សា​ដែល​ជា​ប្រភព​បង្កើន​ចំណេះដឹង​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ខ្លួនឯង។

របាយការណ៍​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា គ្រឹះស្ថាន​អប់រំ​ដែល​អាច​ដំណើរការ​ឡើងវិញ​ទូទាំង​ប្រទេស​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​នោះ មាន​ប្រមាណ​ជាង ១​ម៉ឺន ៣​ពាន់​កន្លែង​ហើយ ខណៈ​គ្រឹះស្ថាន​របស់​រដ្ឋ​ដំណើរការ​បាន​ជាង ៩​ពាន់​កន្លែង និង​សិស្ស​ដែល​បាន​ចូល​រៀន​បន្ទាប់ពី​ដំណើរការ​ឡើងវិញ​នេះ​មាន​ប្រមាណ​ជាង ២​លាន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស