26 C
Phnom Penh

ភ្ញៀវ​ទេសចរ​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាប់​ដើមឈើ​សម្រាប់​ជ្រក​ម្លប់​ដែល​ដុះ​នៅ​តាម​ឆ្នេរ​អូរឈើទាល

បទវិភាគ

ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​រិះគន់​ចំពោះ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បញ្ជា​ឲ្យ​កម្មករ​សម្អាត​ឆ្នេរ​ចុះ​កាប់​ដើម​ឆត្រ ឬ​ដើម​តាប៉ាង ក្រោម​ហេតុផល​ចុះ​សម្អាត​ឆ្នេរសមុទ្រ​ឲ្យ​មាន​បរិស្ថាន អនាម័យ និង​សោភណភាព​ល្អ។

ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​លក់ដូរ​នៅ​តំបន់​ទាំងនោះ បាន​បង្ហាញ​ការ​ខកចិត្ត​ដោយសារតែ​ដើមឈើ​ទាំងនោះ​បាន​ផ្ដល់​ប្រយោជន៍​សម្រាប់​បាំង​ម្លប់ និង​ធ្វើជា​រនាំង​បាំង​ខ្យល់ ឬ​ទប់​ឆ្នេរ​កុំ​ឲ្យ​រលក​សមុទ្រ​ហូរ​ច្រោះ​ជាដើម។

ពួកគេ​បាន​ស្នើ​ដល់​លោក គួច ចំរើន គួរ​ពិចារណា​ឡើងវិញ​ថា តើ​ការ​កាប់​ដើមឈើ​ចេញពី​ឆ្នេរ​អូរឈើទាល​ចោល ពិតជា​មាន​ប្រយោជន៍​ជាង​ការ​ទុក​ដើមឈើ​ទាំងនោះ​សម្រាប់​ផ្តល់​ម្លប់ ឬ​ធ្វើជា​រនាំង​បាំង​ខ្យល់ និង​ការពារ​ឆ្នេរ​កុំ​ឲ្យ​ហូរ​ច្រោះ ឬ​ក៏​បែប​ណា?

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ករណី​កាប់​ដើមឈើ​ចេញពី​ឆ្នេរ​អូរឈើទាល​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។

ប៉ុន្តែ​បុគ្គលិក​កម្មករ​ដែល​ចុះ​ទៅ​អារ​ផ្តួល​រំលំ​ដើម​ឆត្រ ឬ​ដើម​តាប៉ាង​នោះ បាន​អះអាង​ថា ពួកគេ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​ឲ្យ​ចុះ​មក​កាប់​ដើមឈើ​ទាំងអស់​ដែល​ដុះ​នៅ​តាម​ឆ្នេរ​អូរឈើទាល​ចោល​ទាំងអស់ ដើម្បី​សម្អាត​ឆ្នេរ​នេះ​ឲ្យ​មាន​អនាម័យ និង​សោភណភាព។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំមើល​បរិស្ថាន​ប្រចាំ​ខេត្ត​ព្រះសីហនុ មួយ​ចំនួន ថ្លែង​សោកស្តាយ​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​កម្មករ​ចុះ​មក​កាប់​ដើម​ឆត្រ ឬ​ដើម​តាប៉ាង​ដែល​ផ្តល់​ម្លប់​ជូន​ភ្ញៀវ​ទេសចរ​ជ្រក។ ពួកគាត់​បន្ត​ថា តាម​ការ​កត់សម្គាល់​នៅ​តាម​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ដើមឈើ​ដុះ​ច្រើន តែង​ឃើញ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​ច្រើន​ជាង​ឆ្នេរ​ដែល​គ្មាន​ដើមឈើ ឬ​ឆ្នេរ​មាន​អាកាសធាតុ​ក្តៅ​ហួតហែង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស