31 C
Phnom Penh

គណបក្ស​ភ្លើង​ទៀន​តែងតាំង​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជា​អ្នក​នាំពាក្យ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​គណបក្ស សម រង្ស៊ី គឺ​គណបក្ស​ភ្លើង​ទៀន បាន​សម្រេច​ទទួល​យក​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ជា​សមាជិក​របស់​ខ្លួន ព្រមទាំង​បាន​តែងតាំង​សមាជិក​ថ្មី​រូប​នេះ​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ផង​ដែរ ខណៈ​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ថា ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​បំណង​នៃ​ការ​បោះបង់​ស្មារតី​សង្គ្រោះ​ជាតិ​ពី​សំណាក់​ក្រុម​អ្នក​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ទាំងនោះ។

គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា កន្លងទៅ បាន​សម្រេច​ទទួល​យក​លោក ថាច់ សេដ្ឋា ជា​សមាជិក និង​តែងតាំង​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ហើយ​នៅ​ពេលនេះ។

ប្រភព​ដដែល​អះអាង​ថា ការ​ទទួលយក​លោក ថាច់ សេដ្ឋា ជា​សមាជិក និង​តែងតាំង​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​បែប​នេះ គឺ​ដោយសារ​លោក ថាច់ សេដ្ឋា ធ្លាប់​ជា​ស្ថាបនិក​របស់​គណបក្ស​ជាតិ​ខ្មែរ ដែល​បាន​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស សម រង្ស៊ី មុន​នឹង​ប្តូរ​មក​ជា​គណបក្ស​ភ្លើង​ទៀន សព្វថ្ងៃ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ថា ការ​ប្រកាស​តែងតាំង​លោក ថាច់ សេដ្ឋា ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ភ្លើង​ទៀន​បែប​នេះ គឺជា​ការ​បង្ហាញ​ពី​បំណង​ពិត​របស់​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី កាន់តែ​ច្បាស់​ថា ពួកគេ​បាន​សម្រេច​ចិត្ត​បោះបង់​ស្មារតី​សង្គ្រោះ​ជាតិ​ចោល​តាម​ផែនការ​របស់​គណបក្ស​កាន់​អំណាច ដែល​ព្យាយាម​បំបែក​កម្លាំង​សង្គ្រោះ​ជាតិ​ជា​ចម្រៀកៗ​នា​ពេល​កន្លងមក​នោះ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្មាន​ផ្លូវ​ណា​ប្រសើរ​ជាង​ការ​រក្សា​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើត​កាលពី​ឆ្នាំ​២០១២ នោះ​ទេ ត្បិត​បច្ចុប្បន្ន​នេះ​មាន​តែ​កម្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ទើប​ជា​កម្លាំង​អាច​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ​បាន។

លោក ហ៊ុន កុសល បញ្ជាក់​ថា សេណារីយូ​បំបែក​កម្លាំង​ជា​ក្រុម​តូចៗ​ដូច្នេះ ទោះបីជា​ពួកគេ​បាន​ចូលរួម​បោះឆ្នោត​ក៏ដោយ ក៏​បាន​ត្រឹម​តែ​ជួយ​ពន្លូត​ឫសគល់​អំណាច​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ មិនមែន​ជា​ការ​ចូលរួម​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​បក្ស​កាន់​អំណាច​ដូច​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

ជុំវិញ​ការ​តែងតាំង​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា នេះ ត្រូវ​គេ​មើល​ឃើញ​ថា គណបក្ស​ភ្លើង​ទៀន កំពុងតែ​បង្កើន​ល្បឿន​រៀបចំ​កែសម្រួល​លក្ខខណ្ឌ​ផ្ទៃក្នុង​គណបក្ស និង​សមាសភាព​អ្នក​ដឹកនាំ​មុន​ថ្ងៃ​សមាជ​ដែល​គណបក្ស​នេះ​បាន​ប្រកាស​ថា នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ ជាពិសេស​ក៏​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ​ដែរ។

លោក ថាច់ សេដ្ឋា កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយ​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥​ឆ្នាំ តាំងពី​ឆ្នាំ​២០១៧ មក។

កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ថាច់ សេដ្ឋា ត្រូវ​គេ​សង្ស័យ​ថា លោក​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ប៉ុន្តែ​ការ​លើកឡើង​នេះ​ត្រូវ​លោក​ច្រានចោល​ទាំងស្រុង ដោយ​អះអាង​ថា លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ណា​មួយ​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ថាច់ សេដ្ឋា ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​សម្រេច​ចិត្ត​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នេះ​បាន​នៅឡើយ​ទេ មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស