38 C
Phnom Penh

ប្រទេស​១៣១​លើ​ពិភពលោក​ប្ដេជ្ញា​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ការពារ​ការ​បម្រែបម្រួល​អាកាសធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​កៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្រាយ​បំភ្លឺ​ចំពោះ​ករណី​ដែល​ខ្លួន​មិន​បាន​ចូលរួម​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចំនួន​១៣១ នៅ​លើ​ពិភពលោក «ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ»

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវតែ​ចូលរួម​ជាមួយ​ប្រទេស​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​រួម​ចំណែក​នៃ​ការ​កាត់បន្ថយ​ឡើង​កម្ដៅ​របស់​ផែនដី ក៏ដូចជា​ស្ដារ​ព្រៃឈើ​ខ្មែរ​ឡើងវិញ បន្ទាប់ពី​រង​ការ​បំផ្លាញ​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។

ប្រទេស​ចំនួន​១៣១ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា គឺ​សង្កត់​ធ្ងន់​ទៅលើ​តួនាទី​សំខាន់ និង​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក​នៃ​ព្រៃឈើ​គ្រប់​ប្រភេទ ជីវចម្រុះ និង​ការ​ប្រើប្រាស់​ដី​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ពិភពលោក​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​បាន​ប្ដេជ្ញា​ធ្វើការ​រួម​គ្នា​ដើម្បី​បញ្ឈប់​នូវ​ការ​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ និង​ការ​រេចរឹល​ផែនដី​ត្រឹម​ឆ្នាំ​២០៣០ ដើម្បី​ផ្តល់​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ជាង​នេះ​ទៀត ក៏​ដើម្បី​ជួយ​សម្រេច​បាន​នូវ​តុល្យភាព​រវាង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​អាច​សម្រប​ខ្លួន​បាន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ថែរក្សា​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេង​ទៀត​ផង​ដែរ។

សេចក្តី​ប្រកាស​នេះ ធ្វើឡើង​ដោយ​ស្រប​តាម​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ស្ដីពី​បម្រែបម្រួល​អាកាសធាតុ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អនុសញ្ញា​ស្ដីពី​ភាព​ចម្រុះ​ជីវសាស្ត្រ អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វាលខ្សាច់ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ប្រទេស​ទាំង​១៣១ ខាងលើ បញ្ជាក់​ថា នេះ​គឺជា​កិច្ចការ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រួម​ទាំង​ការ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​រក្សា​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ជា​មធ្យម​របស់​ពិភពលោក ឱ្យ​នៅ​ខាងក្រោម ២​អង្សា និង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កំណត់​ឱ្យ​បាន​នៅ​ត្រឹមតែ ១,៥​អង្សា​ទៅ​ថ្ងៃ​អនាគត។

ចាប់ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មក ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow COP26 ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​មាន​ចំនួន ១៣១​ប្រទេស​ហើយ ក្នុង​នោះ​រួម​មាន​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ កម្ពុជា​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នេះ​ជាមួយ​ប្រទេស​ទាំងនោះ​នៅឡើយ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ផែនការ​រយៈពេល ១០​ឆ្នាំ​ទៅ​ថ្ងៃ​អនាគត ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន ១​ពាន់​លាន​ដើម ព្រោះ​ថា​ព្រៃឈើ​មាន​តួនាទី​សំខាន់​ណាស់ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​កាត់បន្ថយ​គ្រោះ​ទឹកជំនន់ ការ​ទាក់ទាញ​ឱ្យ​មាន​ទឹកភ្លៀង​ទៀងទាត់ និង​មាន​តួនាទី​សំខាន់​ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា ប្រសិនបើ​លោក​ជា​អ្នក​ដឹកនាំ​ប្រទេស លោក​នឹង​ជំរុញ​ឱ្យ​ថែរក្សា​ព្រៃឈើ​ខ្មែរ​ឱ្យ​បាន​លើស​ពី​ពាក់កណ្តាល​នៃ​ផ្ទៃដី​របស់​កម្ពុជា ត្បិត​ព្រៃឈើ​មិន​ត្រឹមតែ​ជួយ​ការពារ​បម្រែបម្រួល​អាកាសធាតុ និង​បម្រើ​ជីវភាព​ពលរដ្ឋ​ប៉ុណ្ណោះ ថែមទាំង​អាច​បម្រើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​សម្រាប់​កម្ពុជា​ទៀត​ផង។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (The Global Initiative Against Transnational Organized Crime) ដែល​មាន​កម្រាស់​ជិត ៤០​ទំព័រ បាន​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ កន្លងទៅ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ថា បើ​ទោះបី​កម្ពុជា​មាន​ច្បាប់​សម្រាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​បាន​ទទួល​រង​នូវ​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក ដែល​អត្រា​នេះ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស