24 C
Phnom Penh

អ្នកទោស ៧​នាក់​វាយ​ទម្លុះ​ជញ្ជាំង​របង​រត់​ចេញពី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង

បទវិភាគ

អ្នកទោស​ចំនួន ៧​នាក់​បាន​ទម្លាយ​របង​ថ្ម​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​បាចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នេះ ជូនដំណឹង​ទៅ​សាធារណជន​ពី​ភិនភាគ​អ្នកទោស​ទាំង ៧​រូប​នេះ​មាន​ភ្ជាប់​រូបថត​ផង ដើម្បី​ផ្ដល់​ដំណឹង​ដល់​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់​ខ្លួន​អ្នកទោស​ទាំងនោះ​មក​វិញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា អ្នកទោស​វាយ​ជញ្ជាំង​ទម្លាយ​រត់​គេច​ខ្លួន ខណៈ​នោះ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​ប្រើប្រាស់​អាវុធ​បាញ់​ចំនួន ៤​គ្រាប់ ដើម្បី​គំរាម​បញ្ឈប់ ប៉ុន្តែ​មិន​អាច​រារាំង​បាន។

តាម​ការ​ពិនិត្យ​ទីតាំង​ជាក់ស្តែង សមត្ថកិច្ច​បាន​រក​ឃើញ​ឧបករណ៍​ធ្វើ​សិប្បកម្ម និង​វត្ថុ​រឹង​មួយ​ចំនួន​ដែល​ជា​ឧបករណ៍​សម្រាប់​ទម្លាយ​ជញ្ជាំង​របង​ថ្ម មាន​ដូចជា​ប្រដាប់​ខួង ដែក​ត្រសេះ កំណាត់​ឈើ ខ្នើយ ភួយ ដើម្បី​ខ្ទប់​វាយ​មិន​ឱ្យ​ឮ​សំឡេង។

សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ «ថ្មីៗ» បាន​ដកស្រង់​សម្ដី​លោក ម៉ែន គង់ អ្នក​នាំពាក្យ​ខេត្ត​ស្ទឹងត្រែង ថា សមត្ថកិច្ច​ទូទាំង​ខេត្ត​កំពុង​តាម​ស្រាវជ្រាវ​ចាប់​ខ្លួន​អ្នកទោស ៧​នាក់​ដែល​បាន​វាយ​ទម្លាយ​ជញ្ជាំង​រត់​គេច​ខ្លួន​កាលពី​ម៉ោង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ វិច្ឆិកា។

លោក ម៉ែន គង់ បាន​ឲ្យ​ដឹង​ថា ពួកគេ​ទាំង ៧​នាក់​បាន​ប្រើ​កំណាត់​ឈើ​វាយ​ទម្លាយ​ជញ្ជាំង​ពន្ធនាគារ ដើម្បី​រត់​គេច​ខ្លួន។ លោក​បញ្ជាក់​ថា អ្នកទោស​ដែល​រត់​ចេញ​ទាំងនោះ​មាន​អ្នក​ជាប់​ទោស​មួយ​ជីវិត​ម្នាក់។ ក្រៅពី​នេះ មាន​អ្នកទោស​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ហើយ​អ្នក​ផ្សេង​ទៀត គឺ​ជាប់​ទោស​ប្រមាណ ២០​ឆ្នាំ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រុម​អ្នកទោស​ទាំងនោះ​ប្រាកដជា​បាន​រៀប​គម្រោង​ទុក​ជា​មុន ប៉ុន្តែ​សម្រាប់​នរណា​ខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​នេះ លោក ម៉ែន គង់ សុំ​មិនទាន់​បកស្រាយ​ឡើយ ដោយ​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ថែម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស