26 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ មិនមែន​ដោយសារ​លុប​បឹង​នោះ​ទេ

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ​មិនមែន​ដោយសារ​លុប​បឹង​នោះ​ទេ មូលហេតុ​គឺ​មកពី​មុខទឹក​ហូរ​ចូល​ធំ​ជាង​មុខទឹក​ដែល​ហូរ​ចេញ ទើប​បណ្តាល​ឱ្យ​លិច​ទីក្រុង​ដូច​សព្វថ្ងៃ​នេះ ខណៈ​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចោទ​សួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ឱ្យ​មុខទឹក​ដែល​ហូរ​ចេញ​ធំ​ដូច​មុខទឹក​ដែល​ហូរ​ចូល ដើម្បី​ទប់ស្កាត់​ការ​ជន់​លិច​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ក្រុម​អ្នក​រិះគន់​លើ​ការ​ដឹកនាំ​របស់​លោក អំពី​ការ​លុប​បឹង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ថា​ជា​ក្រុម​មនុស្ស​ដែល​គ្មាន​ការ​យល់ដឹង ព្រោះ​ថា​ដោយសារ​ការ​លុប​បឹង​ទាំងនេះ​ហើយ​ទើប​ដី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឡើង​ថ្លៃ​ខ្ពស់​ដូច​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត លោក​ថា​កម្ពុជា​អភិវឌ្ឍ​បាន​ប្រហែល​សព្វថ្ងៃ​នេះ គឺ​ល្អ​ណាស់​ទៅ​ហើយ ដូច្នេះ​សូម​កុំ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន ថា​ទឹកជំនន់​លិច​ទីក្រុង​ភ្នំពេញ​គឺ​ដោយសារតែ​ការ​លុប​បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​នោះ។

លោក ហ៊ុន សែន អះអាង​ថា ទឹកជំនន់​ក្នុង​ទីក្រុង​ភ្នំពេញ​មិនមែន​មកពី​លុប​បឹង​នោះ​ទេ គឺ​បណ្តាល​មកពី​មុខទឹក​ដែល​ហូរ​ចេញ និង​មុខទឹក​ដែល​ហូរ​ចូល​មាន​ទំហំ​មិន​ស្មើ​គ្នា​ប៉ុណ្ណោះ ត្បិត​ប្រភព​ទឹក​ដែល​ធ្លាក់​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​មិនមែន​មាន​ប្រភព​មក​តែ​ពី​ស្ទឹង​ព្រែកត្នោត នោះ​ឡើយ ហើយ​សូម្បី​កាលពី​មិនទាន់​លុប​បឹង​ក្នុង​ទីក្រុង ក៏​ធ្លាប់​មាន​ជំនន់​លិច​ទីក្រុង​ភ្នំពេញ​ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា ទឹកជំនន់​លិច​ទីក្រុង​មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ សូម្បី​នៅ​ប្រទេស​បារាំង ជាដើម ក៏​មាន​ជំនន់​លិច​ដែរ ដូច្នេះ​វិធី​ល្អ គឺ​មាន​តែ​ជួយ​ជម្លៀស​គ្នា​ចេញ​ប៉ុណ្ណោះ ប្រសើរ​ជាង​នៅ​បន្ទោស​គ្នា ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​ស្ដីបន្ទោស​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ​ដែល​គាំទ្រ​នូវ​គំនិត​លើកឡើង​ថា ទឹក​លិច​ទីក្រុង​ភ្នំពេញ គឺ​បណ្តាល​មកពី​ការ​លុប​បឹង​ក្នុង​ទីក្រុង​នា​ពេល​កន្លងមក។

ការ​រិះគន់​បែប​នេះ ធ្វើឡើង​ក្រោយ​ពេល​មាន​ការ​ប្រតិកម្ម​ខ្លាំងៗ​ជុំវិញ​ការ​ជន់​លិច​ផ្ទះ​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​តាម​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​បង្ក​ឡើង​ដោយ​ទឹកជំនន់​ក្នុង​ស្ទឹង​ព្រែកត្នោត កាលពី​ពេល​ថ្មីៗ​នេះ។

ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត នៅ​សង្កាត់​ចំនួន​២ ក្នុង​ខណ្ឌ​កំបូល និង​សង្កាត់​ចំនួន​១០ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១។

នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ក្នុង​ពិធី​សម្ពោធ​ទីស្ដីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថា ជំនន់​លិច​ទីក្រុង​ភ្នំពេញ គឺ​បណ្តាល​មកពី​ទឹក​ខាងលើ​ឡើង​ខ្លាំង ហើយ​មុខទឹក​នៅ​ខាងក្រោម​មិន​អាច​រំដោះ​ទាន់​ពេល​ប៉ុណ្ណោះ គឺ​មិនមែន​ដោយសារតែ​លុប​បឹង​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា នេះ​ថា លោក​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា​ដោយសារតែ​មុខទឹក​ហូរ​ចូល​ធំ​ជាង​មុខទឹក​ដែល​ហូរ​ចេញ ទើប​បណ្តាល​ឱ្យ​លិច​ទីក្រុង​ភ្នំពេញ​ដូច​សព្វថ្ងៃ​នេះ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋ​ត្រូវ​ផ្តល់​ដំណោះស្រាយ​ដូចម្តេច ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដដែលៗ​នេះ​កើតឡើង​បន្ត​ទៀត។

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ពិតមែន​តែ​ទឹកជំនន់​មិន​បាន​បង្ក​ឱ្យ​លិច​ពេញ​ទីក្រុង​ភ្នំពេញ​ទាំងមូល ប៉ុន្តែ​តំបន់​ដែល​រង​ឥទ្ធិពល​ពី​ស្ទឹង​ព្រែកត្នោត តែងតែ​រង​ការ​ជន់​លិច​ជា​រៀងរាល់​ឆ្នាំ ដូច្នេះ​ក្នុង​នាម​ជា​រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ផែនការ​ច្បាស់លាស់​ថា ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ធ្វើ​ឱ្យ​មុខទឹក​ខាងក្រោម​អាច​បញ្ចេញ​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ខាងលើ​បាន​ទាន់​ពេល ចៀសវាង​ការ​ជន់​លិច​រាល់​ឆ្នាំៗ​ដូច​ពេល​កន្លងមក។

អង្គការ​សមាគម​ធាងត្នោត បាន​បញ្ចេញ​របាយការណ៍​កាលពី​ពេល​កន្លងទៅ​ថា បឹង​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​តូច ទាំង​ធំ សរុប​មាន​ចំនួន ២៦​បឹង ក្នុង​នោះ​មាន​ដូចជា បឹងកក់ បឹងសាឡាង បឹងតាមោក និង​បឹងទំពុន ជាដើម ខណៈ​បឹង ១៦ ក្នុង​ចំណោម​នោះ ត្រូវ​បាន​លុប​បាត់​ទាំងស្រុង រីឯ​បឹង ១០ ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ការ​លុប​ជាបន្តបន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ពី​សំណាក់​អ្នក​មាន​អំណាច។

ប្រភព​ដដែល​អះអាង​ថា ការ​លុប​បឹង​ធម្មជាតិ​ទាំងនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ ប៉ះពាល់​ដល់​បរិស្ថាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ប្រឈម​នឹង​ការ​គំរាមកំហែង​ដល់​ជីវភាព និង​បាត់បង់​លំនៅឋាន​ផង​ដែរ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ​រង​ការ​ជន់​លិច​យ៉ាង​ធ្ងន់ធ្ងរ រហូត​នាំគ្នា​ជម្លៀស​ចេញពី​លំនៅឋាន​រៀងៗ​ខ្លួន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស