26 C
Phnom Penh

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ជន​សង្ស័យ​១៧​នាក់​ពាក់ព័ន្ធ​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន

បទវិភាគ

កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន ១៧​នាក់​ពាក់ព័ន្ធ​បទល្មើស​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ជា​សាធារណៈ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា កម្លាំង​ជំនាញ​នគរបាល​ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។ យុទ្ធនាការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដក​ហូត​ភស្តុតាង​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ជាច្រើន​កញ្ចប់ កញ្ឆា​ក្រៀម កាំភ្លើង​កែច្នៃ ទូរស័ព្ទ កាំបិត ដាវ​កែច្នៃ ចំពាម​កៅស៊ូ និង​ប្រដាប់​ជក់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​នគរបាល​ស្រុក​ព្រៃនប់ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១៣​នាក់ មាន​ស្រី ៣​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​ទទួល​ផល​នៃ​អំពើ​លួច​កាត់​ខ្សែ​បណ្ដាញ​អគ្គិសនី​បំភ្លឺ​សាធារណៈ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស បន្ទាប់ពី​ក្រុម​ជនល្មើស​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​រាប់​ឆ្នាំ​កន្លងមក​ហើយ។

បច្ចុប្បន្ន ជន​សង្ស័យ​សរុប​ចំនួន ១៧​នាក់​រួម​ជាមួយ​ភស្តុតាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​ខ្លួន​ទៅកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ និង​ឈាន​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់។

ករណី​ចោរកម្ម និង​ការ​ជួញដូរ​គ្រឿងញៀន​នេះ ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា ករណី​ល្មើស​ទាំងនោះ​មាន​មុខសញ្ញា​កើន​ឡើង​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ ដោយ​ជនល្មើស​បាន​ចេញ​ធ្វើ​សកម្មភាព​ទាំង​យប់ ទាំង​ថ្ងៃ​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ឡើយ។

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​តាម Messenger Facebook នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា នេះ​ថា ពួកគាត់​សង្កេត​ឃើញ​ក្រុម​ជនល្មើស​ទាំងនោះ​ចេញ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ កាត់​ខ្សែភ្លើង និង​ជួញដូរ​គ្រឿងញៀន​ជាដើម មាន​រូបភាព​គួរ​ឲ្យ​ព្រួយបារម្ភ ប៉ុន្តែ​ការ​ចុះ​បង្ក្រាប ឬ​ចុះ​ទប់ស្កាត់​របស់​សមត្ថកិច្ច​ទាំង​កម្លាំង​នគរបាល និង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ។

ពលរដ្ឋ​ស្នើ​ឲ្យ​កម្លាំង​សមត្ថកិច្ច ពង្រឹង​លើ​ការ​អនុវត្ត​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ត្បិត​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ទាក់ទិន​បទល្មើស​ចោរកម្ម និង​គ្រឿងញៀន ដែល​មាន​សញ្ញា​កើន​ខ្ពស់​នៅ​ខេត្ត​ព្រះសីហនុ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស