28.4 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ប្រកាស​ថា​កងទ័ព​ចិន​នឹង​បិទ​ខ្ទប់​ដែន​កោះ​តៃវ៉ាន់​មិន​ឱ្យ​ទាក់ទង​ទៅ​ខាងក្រៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កោះ​តៃវ៉ាន់ ប្រកាស​ថា​កងកម្លាំង​យោធា​ចិន​នឹង​ធ្វើ​សកម្មភាព​បិទ​ខ្ទប់​កំពង់ផែ និង​ព្រលាន​យន្តហោះ​សំខាន់ៗ​របស់​ដែន​កោះ​មួយ​នេះ ដែល​ជា​ការ​ដាក់​សម្ពាធ​ចុងក្រោយ​មុន​នឹង​ឈាន​ដល់​ដំណាក់កាល​លើក​ទ័ព​លុកលុយ​កោះ​តៃវ៉ាន់។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា នេះ​ថា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ជូនដំណឹង​ដូចនេះ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ផ្នែក​កងទ័ព​ក្នុង​រយៈពេល ២​ឆ្នាំ​ម្ដង។

កោះ​តៃវ៉ាន់ បាន​អះអាង​ថា សព្វថ្ងៃ​នេះ​យោធា​ចិន​មាន​លទ្ធភាព និង​សមត្ថភាព​ធ្វើ​សកម្មភាព​បិទ​ខ្ទប់​កំពង់ផែ ព្រលាន​យន្តហោះ និង​ផ្លូវ​ហោះហើរ​សំខាន់ៗ​របស់​តៃវ៉ាន់ ដើម្បី​កាត់បន្ថយ​បណ្ដាញ​ទំនាក់ទំនង​តាម​ផ្លូវទឹក និង​ផ្លូវអាកាស ដោយ​បង្ក​ការ​ប៉ះពាល់​ដល់​លំហូរ​សេដ្ឋកិច្ច​របស់​ដែន​កោះ។ ជាង​នេះ​ទៅទៀត ចិន​មិន​ដែល​មាន​គំនិត​ចង់​បោះបង់​ចោល​ជម្រើស​ប្រើប្រាស់​កម្លាំង​បាយ​ដើម្បី​ដណ្តើម​កាន់កាប់​តៃវ៉ាន់​នោះ​ទេ គឺ​រឹត​តែ​បង្កើន​សកម្មភាព​យោធា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ក្បែរៗ​ដែន​កោះ​មួយ​នេះ ដោយ​បញ្ជូន​យន្តហោះ​យោធា​រាប់​សិប​គ្រឿង​ហោះ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ដែល​នាំ​ឱ្យ​តៃវ៉ាន់​ប្រកាស​អាសន្ន​ទៅ​ពិភពលោក​អំពី​ចេតនា​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ចិន លើ​ដែន​កោះ​មួយ​នេះ ដោយ​ចិន​ចាត់ទុក​ថា​ជា​អាណាខេត្ត​មួយ​របស់​ខ្លួន។

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen និយាយ​ថា តៃវ៉ាន់​គឺជា​ប្រទេស​ឯករាជ្យ​មួយ​រួច​ទៅ​ហើយ ទោះ​ពុំ​មាន​ការ​ទទួលស្គាល់​ពី​ទីក្រុង​ប៉េកាំង​ក៏ដោយ។ អ្នកស្រី​ប្ដេជ្ញា​ថា​នឹង​តស៊ូ​ការពារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ។ តាម​ស្ត្រី​ខ្លាំង​តៃវ៉ាន់​រូប​នេះ គឺ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​តៃវ៉ាន់ គឺជា​អាទិភាព​ដ៏​ចម្បង។ អ្នកស្រី​សន្យា​ថា​នឹង​អភិវឌ្ឍ​សព្វាវុធ​ថ្មីៗ រួម​មាន​ទាំង​នាវាមុជទឹក និង​សព្វាវុធ​បន្ថែម​ទៀត​ដែល​ជា​អាវុធ​របស់​សហរដ្ឋ​អាមេរិក។

ប្រទេស​ចិន​នៅតែ​អះអាង​អំពី​ចេតនា​បង្រួបបង្រួម​ជាតិ​ជាមួយ​តៃវ៉ាន់​ដោយ​សន្តិវិធី ប៉ុន្តែ​នឹង​មិន​លើកលែង​ឲ្យ​ជាដាច់ខាត ប្រសិនបើ​មាន​កម្លាំង​ពី​ខាងក្រៅ​មក​ជ្រៀតជ្រែក​ចង់​បំបែក​តៃវ៉ាន់​ចេញពី​ចិន ឬ​មួយ​ក៏​កោះ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជភាព។

យ៉ាងណា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្រមាន​ថា ភាព​តានតឹង​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់ នឹង​មិន​អាច​ធូរស្រាល​ឡើយ បើ​តៃវ៉ាន់​មិនព្រម​បញ្ឈប់​ផែនការ​ប្រកាស​ឯករាជភាព។

អ្នក​នាំពាក្យ​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​កោះ​តៃវ៉ាន់ ចំណុះ​ឱ្យ​ក្រុមប្រឹក្សារដ្ឋ​ចិន អ្នកស្រី Zhu Fenglian នៅ​ថ្ងៃ​ពុធ ទី​១០ វិច្ឆិកា នេះ បាន​និយាយ​ថា ភាព​តានតឹង​នៅ​ទូទាំង​ច្រកសមុទ្រ​កោះ​តៃវ៉ាន់​នឹង​មិន​អាច​ធូរស្រាល​ឡើយ​រហូត​ទាល់​តែ​សកម្មភាព​ទាមទារ​ឯករាជភាព​កោះ​តៃវ៉ាន់ ត្រូវ​បាន​បញ្ឈប់​ជាបន្ទាន់។

អ្នកស្រី​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​រដ្ឋ​ពីរ​ផ្សេង​គ្នា​ពី​ប្រទេស​ចិន ដោយ​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ (DPP) របស់​កោះ​តៃវ៉ាន់ រួម​ទាំង​ការ​ទាមទារ​ឯករាជភាព​កោះ​តៃវ៉ាន់ និង​ការ​លូក​ដៃ​របស់​កងកម្លាំង​បរទេស គឺជា​ដើមហេតុ​ដែល​បង្ក​ឱ្យ​មាន​ភាព​តានតឹង​នៅ​ទូទាំង​តំបន់​ច្រកសមុទ្រ​តៃវ៉ាន់ ហើយ​សកម្មភាព​យោធា​នឹង​មិន​ថមថយ​ឡើយ។

តាម​មន្ត្រី​ចិន​រូប​នេះ ការ​ធ្វើ​សមយុទ្ធ និង​ការ​ហ្វឹកហ្វឺន​នានា​ដែល​ធ្វើឡើង​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន គឺ​មាន​បំណង​ដាក់​គោលដៅ​ទៅលើ​សកម្មភាព​បំបែក​ខ្លួន​ប្រឆាំង​ដែន​កោះ​មួយ​នេះ​ដែល​ស្វែងរក​ឯករាជភាព និង​ប្រឆាំង​រាល់​ការ​ជ្រៀតជ្រែក​ពី​កងកម្លាំង​បរទេស។ ប៉ុន្តែ​អ្នកស្រី Zhu Fenglian ថា​ការ​ធ្វើ​សមយុទ្ធ និង​ការ​ហ្វឹកហ្វឺន​ទាំងនេះ​មាន​គោលបំណង​ការពារ​ផលប្រយោជន៍​រួម​របស់​ប្រជាជាតិ​ចិន​ទាំងមូល។

ខណៈ​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​តៃប៉ិ កើន​ឡើង​ខ្លាំង រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន​បាន​ប្រកាស​ផ្ដន្ទាទោស​ទៅលើ​អ្នក​នយោបាយ​តៃវ៉ាន់​ទាំងឡាយ​ណា​ដែល​នៅតែ​រឹងរូស​និយម​គាំទ្រ​ការ​ប្រកាស​ឯករាជ្យ។

កាលពី​ថ្ងៃ​សប្ដាហ៍​មុន ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់​ក្នុង​ទីក្រុង​ប៉េកាំង បាន​ប្រកាស​ដាក់​ទោស​ព្រហ្មទណ្ឌ​មួយ​ជីវិត​ទៅលើ​ក្រុម​អ្នកគាំទ្រ​ឯករាជភាព​របស់​តៃវ៉ាន់ ដោយ​អនុលោម​តាម​ច្បាប់​របស់​ចិន។

មន្ត្រី​ជាន់ខ្ពស់​ដែន​កោះ​តៃវ៉ាន់​ដែល​ត្រូវ​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ចិន គឺ​មាន​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ Su Tseng-chang ប្រធាន​សភា Yu Shyi-kun និង​លោក Joseph Wu រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់។ របប​ក្រុង​ប៉េកាំង​បាន​ហាមឃាត់​អ្នក​នយោបាយ​តៃវ៉ាន់​ទាំងអស់​នេះ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ដីគោក ហុងកុង ឬ​ម៉ាកាវ បាន​ឡើយ។

តែ​បែប​នេះ​ក្ដី បែរជា​ចិន​មិន​បាន​បង្ហើប​ឈ្មោះ​ប្រធានាធិបតី សាយ អ៊ឹងវិន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ Chiu Kuo-cheng ដែល​អ្នក​ទាំង​ពីរ​នេះ​បាន​សច្ចា​ការពារ​តៃវ៉ាន់​រហូត​ដល់​ទី​បញ្ចប់។

តែ​សម្រាប់​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បាន​ចេញ​មុខ​មក​តតាំង​ជាមួយ​នឹង​ចិន។ លោក​អះអាង​ថា លោក​មិន​ខ្លាច​នឹង​ការ​សម្លុត​គំរាមកំហែង​ពី​សំណាក់​ចិន​ឡើយ ដោយ​វាយបក​ចិន​វិញ​ថា​ចិន​មិនមែន​ជា​អ្នក​គ្រប់គ្រង​តៃវ៉ាន់​ឡើយ។

ចិន​ដែល​តែងតែ​អះអាង​ថា​តៃវ៉ាន់​ជា​ដែន​ខេត្ត​មួយ​របស់​ខ្លួន គឺ​ក្រុង​ប៉េកាំង សន្យា​រឹបអូស​យក​នៅ​ថ្ងៃ​ណា​មួយ​ដោយ​កម្លាំង​ទ័ព ប្រសិនបើ​ចាំបាច់​ទោះ​ជា​ក្រុង​តៃប៉ិ ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ដើម្បី​កាត់ផ្ដាច់​ដែន​កោះ​មួយ​នេះ​ចេញពី​ចិន​ដីគោក​ក៏ដោយ។

ពុំ​មាន​ការ​បញ្ជាក់​ប្រាប់​ពី​ប្រទេស​ចិន ថា​សង្គ្រាម​រវាង​ចិន និង​តៃវ៉ាន់​សាច់​ឈាម​នឹង​គ្នា​នេះ នឹង​ផ្ទុះ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​សកម្មភាព​យោធា​ចិន​ដែល​ចេះ​តែ​គំរាម​តៃវ៉ាន់​សឹងតែ​រាល់​ថ្ងៃ ទំនង​នឹង​មិន​ដល់​ឆ្នាំ​២០២៥ ដូច​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ Chiu Kuo-cheng បាន​ព្យាករ​នោះ​ទេ គឺ​អាច​ឆាប់​នេះ​ហើយ​មើល​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស