27 C
Phnom Penh

អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល​អះអាង​ថា​ភ្ញៀវ​ទេសចរ​កើន​ឡើង​ចាប់​ពី​ដើម​ខែ​វិច្ឆិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជីវករ​លក់ដូរ​ចំណី​អាហារ​នៅ​ខេត្ត​ព្រះសីហនុ សម្ដែង​ការ​រីករាយ​ដោយសារតែ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ចូល​មក​កម្សាន្ត​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ មាន​ចំនួន​កើន​ឡើង​ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស និង​ដាក់​ដំណើរការ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ រួច​មក។

ពួកគេ​បាន​ឲ្យ​ដឹង​ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ភ្ញៀវ​ទេសចរ​ជាតិ​បាន​ចូល​មក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​នៅ​តាម​ឆ្នេរ​អូរឈើទាល ជាពិសេស​នៅ​ពេល​ល្ងាច និង​នៅ​ពេល​យប់។ ចំណែក​ភ្ញៀវ​អន្តរជាតិ គឺ​ភាគច្រើន​ឃើញ​មាន​ភ្ញៀវ​ជនជាតិ​ចិន និង​វៀតណាម ប៉ុន្តែ​ភ្ញៀវ​អឺរ៉ុប មិន​ទាន់​មាន​វត្តមាន​នៅឡើយ។

ប្រភព​ដដែល​បន្ត​ថា ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​តាម​ឆ្នេរ​អូរឈើទាល​រាល់​ថ្ងៃ​នេះ គឺ​ពួកគាត់​បាន​ធ្វើ​ដំណើរ​មកពី​តំបន់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​វៀតណាម គឺ​ភាគច្រើន​ជា​អ្នក​ចូល​មក​រកស៊ី និង​កំពុង​ធ្វើការ​នៅ​ក្រុង​ព្រះសីហនុ។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​លើកឡើង​ដែរ​ថា ចរន្ត​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នៅ​សប្តាហ៍​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ គឺ​មាន​ចំនួន​សរុប​ជិត ៤​ម៉ឺន​នាក់ (៣៧៦៤១​នាក់)។ ដោយឡែក​ក្រសួង​ទេសចរណ៍ ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​ចរន្ត​ភ្ញៀវ​ទេសចរ​បាន​បន្ត​កើន​ច្រើន​ចាប់ពី​ថ្ងៃ​ទី​៦-៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​សរុប ១៧៤៥៤៣​នាក់។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ជិត ១៧​ម៉ឺន​នាក់។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថា​មាន​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ចំនួន​៥ ដែល​ភ្ញៀវ​ទេសចរ​បាន​ចូល​ទៅ​កម្សាន្ត​នា​ដើម​ខែ​វិច្ឆិកា នេះ រួម​មាន​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្ត​កំពត ខេត្ត​សៀមរាប និង​ខេត្ត​ពោធិ៍សាត់។

លោក ថោង ខុន ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់​ថា ទោះបី​ដើម​ខែ​វិច្ឆិកា នេះ ពុំ​មាន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​បែប​ណា​ក្តី ប៉ុន្តែ​ចរន្ត​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​បាន​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដោយសារតែ​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ទូទាំង​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​ផ្អាក​សកម្មភាព​កន្លងមក ក៏​បាន​រៀបចំ​ទទួល​ភ្ញៀវ​ទេសចរ និង​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​នៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ខាងមុខ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស