មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល អះអាងថា បឹងធម្មជាតិក្នុងទីក្រុងភ្នំពេញ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបអស់ខ្លះហើយដើម្បីអភិវឌ្ឍពង្រីកទីក្រុង ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលមិនគួរលុបបឹងធម្មជាតិដែលនៅសេសសល់បន្តទៀតនោះទេ ខណៈលោក ហ៊ុន សែន តែងប្រតិកម្មថា កាលពីមុនគេលុបបឹងធម្មជាតិទាំងនោះបាន ហេតុអ្វីពេលនេះលោកលុបបឹងទាំងនោះមិនបានទៅវិញ?
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ វិច្ឆិកា នេះថា ការរក្សាទុកបឹងធម្មជាតិឱ្យបានច្រើន គឺមានគុណសម្បត្តិច្រើនណាស់សម្រាប់ទីក្រុងភ្នំពេញ ដូចជាការជួយរំដោះទឹកជំនន់ពេលមានភ្លៀងធ្លាក់ម្តងៗ ហើយបឹងទាំងនេះក៏ដើរតួនាទីជាអាងស្តុកទឹកធម្មជាតិផងដែរ ដើម្បីជួយសម្អាតទឹកកខ្វក់គ្រប់ប្រភេទមុននឹងទឹកទាំងនោះហូរធ្លាក់ចូលទៅក្នុងទន្លេ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ក្រៅពីដើរតួនាទីជាអាងស្តុកទឹកធម្មជាតិ បឹងទាំងនេះក៏មានតួនាទីជួយការពារបរិស្ថានកាត់បន្ថយកម្ដៅក្នុងទីក្រុងដែលបំភាយឡើងដោយគ្រឿងយន្តគ្រប់ប្រភេទ និងអាចបង្កើតនូវសោភណភាពទីក្រុងឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះ បានធ្វើការស្ទង់មតិលើបណ្ដាញសង្គម Facebook នៅថ្ងៃទី១១ វិច្ឆិកា នេះ ដោយដាក់ប្រធានបទពីរ ក្នុងនោះគឺទី១ ការអភិវឌ្ឍដោយលុបបឹងធម្មជាតិ និងទី២ គឺការអភិវឌ្ឍដោយរក្សាបឹងធម្មជាតិក្នុងទីក្រុងភ្នំពេញបន្តទៀត ក្នុងនោះគណនី Facebook ខុសៗគ្នាប្រមាណជិត ២០០គណនី បានចូលរួមបញ្ចេញមតិយោបល់ក្នុងប្រអប់បញ្ចេញមតិដូចៗគ្នា ដោយគាំទ្រឱ្យមានការអភិវឌ្ឍដោយការរក្សាបឹងធម្មជាតិក្នុងទីក្រុងភ្នំពេញទៅថ្ងៃមុខ។
ការស្ទង់មតិបែបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសលុបបឹងធម្មជាតិក្នុងទីក្រុងភ្នំពេញបន្ថែមទៀត ដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅក្នុងអាណត្តិដឹកនាំរបស់លោកកាលពីពេលថ្មីៗនេះ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន អះអាងថា អ្នករិះគន់ពីការលុបបឹងធម្មជាតិក្នុងទីក្រុងភ្នំពេញ គឺដោយសារពួកគេច្រណែននឹងការអភិវឌ្ឍរបស់លោកតែប៉ុណ្ណោះ ព្រោះថានៅពេលទឹកហក់ឡើងកម្ពស់ចាប់ពី ១០០ ទៅ ២០០មិល្លីម៉ែត្រនៅផ្នែកខាងលើ កុំថាឡើយដល់ទៅប្រព័ន្ធលូ និងព្រែក សូម្បីតែទន្លេមេគង្គក៏ត្រូវជន់ឡើងដោយសារទឹកភ្លៀងធ្លាក់ពីខាងលើដែរ ដូច្នេះសូមកុំបន្តរិះគន់ជុំវិញការជន់លិចរាជធានីភ្នំពេញ ដោយសារតែការលុបបឹងទាំងនោះបន្តទៀតទៅ។
លោក ហ៊ុន សែន កាលពីចុងខែមករា ឆ្នាំ២០២១ ធ្លាប់បានលើកឡើងថា លោកធុញទ្រាន់នឹងការរិះគន់ច្រំដែលរបស់មនុស្សមួយចំនួនពីការលុបបឹងធម្មជាតិក្នុងទីក្រុងភ្នំពេញណាស់។ លោក ហ៊ុន សែន បន្ថែមថា ការលុបបឹងសម្រាប់ការអភិវឌ្ឍមិនមែនមានតែកម្ពុជានោះទេ នៅបណ្តាប្រទេសខ្លះលុបរហូតដល់សមុទ្រថែមទៀតដើម្បីយកដីទៅអភិវឌ្ឍ។
យ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយបក្សកាន់អំណាចសព្វថ្ងៃ បានសម្រុកបើកដៃឲ្យក្រុមហ៊ុនឯកជនវិនិយោគ លុបបឹងធម្មជាតិជាច្រើនកន្លែង រួមមានបឹងទំពុន បឹងជើងឯក និងបឹងកក់ ជាដើម ដែលបឹងទាំងនេះធ្លាប់ជាកន្លែងស្តុកទឹក និងរំដោះទឹកដ៏សំខាន់ក្នុងរដូវវស្សា ដើម្បីកុំឱ្យជន់លិចទីក្រុងភ្នំពេញនាពេលកន្លងមក។
របាយការណ៍សមាគមធាងត្នោត បានបង្ហាញកាលពីពេលកន្លងទៅឲ្យដឹងថា បឹងធម្មជាតិ និងតំបន់ដីសើមទឹកសាប ដូចជាបឹងធម្មជាតិ និងតំបន់ដីសើមនៅជុំវិញទីក្រុងភ្នំពេញ ជាដើម គឺជាប្រភពទឹកសម្រាប់ផ្តល់អត្ថប្រយោជន៍ដ៏ចម្បងដល់ប្រជាជន និងមានឥទ្ធិពលដល់គុណភាពខ្យល់ តាមរយៈរុក្ខជាតិដែលរស់នៅលើទឹកផងដែរ ដែលអាចកាត់បន្ថយនូវជាតិគីមីពុល ដូចជាការស្រូបយកឧស្ម័នកាបូនិច ហើយបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីហ្សែន ដើម្បីបន្សុទ្ធខ្យល់ក្នុងបរិយាកាស និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើផែនដីថែមទៀត។
បឹងធម្មជាតិក្នុងទីក្រុងភ្នំពេញមាន ២៦កន្លែង ក្នុងនោះមានបឹងត្របែក១ បឹងកក់ បឹងស្នោ បឹងឈូក បឹងសាឡាង និងបឹងចំនួន ១១កន្លែងផ្សេងទៀត ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនលុបបាត់ទាំងស្រុង ខណៈបឹងទំពុន បឹងជើងឯក និងបឹងតាមោក ជាដើម ត្រូវបានចាក់ដីលុបផ្នែកខ្លះ ហើយក៏កំពុងបន្តលុបបន្ថែមទៀតដែរនាពេលបច្ចុប្បន្ននេះ៕