26 C
Phnom Penh

អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ផ្កាយ​មាស​បួន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ

បទវិភាគ

សហរដ្ឋ​អាមេរិក​សម្រេច​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ដែល​ជា​សមាជិក​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឲ្យ​ស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស លោក ចៅ ភិរុណ ព្រមទាំង​ឧត្ដមនាវី​ផ្កាយ​មាស​បួន​ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក លោក ទៀ វិញ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​កំណត់​គោលដៅ​ជា​ជនល្មើស​នៃ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​អនាធិបតេយ្យ​នៅ​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ លោក ចៅ ភិរុណ និង​លោក ទៀ វិញ បាន​ឃុបឃិត​គ្នា​រក​ប្រាក់​ចំណេញ​ពី​សកម្មភាព​ទាក់ទង​នឹង​ការ​សាងសង់ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បំប៉ោង​តម្លៃ​សម្ភារៈ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​អំពើ​ទុច្ចរិត​ទាំងនោះ។ ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​រដ្ឋ​យក​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ឯកជន​ផ្ទាល់ខ្លួន​ផង​ដែរ។

បន្ថែម​ពី​នេះ មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​ពីរ​នាក់​នេះ​ក៏​បាន​បង្កើត​អំពើពុករលួយ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​រដ្ឋាភិបាល ដោយ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ និង​ការ​ស៊ីសំណូក​ជាច្រើន​ទៀត ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ខណៈ​សហរដ្ឋ​អាមេរិក​បាន​ប្ដេជ្ញា​ជា​យូរ​មក​ហើយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​គាំទ្រ​នីតិរដ្ឋ​នៅ​កម្ពុជា ព្រមទាំង​នៅ​លើ​ពិភពលោក។

ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ក្រៅពី​ទណ្ឌកម្ម​ជាច្រើន​ត្រូវ​បាន​អនុវត្ត​លើ​មន្ត្រី​ទាំង​ពីរ​រូប​នេះ សហរដ្ឋ​អាមេរិក​ក៏​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំង​ពីរ​នេះ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ​ទាំងអស់ ទទួល​បាន​នូវ​ទិដ្ឋាការ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លើស​ពី​នេះ​ទៀត ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​គ្រប់គ្រង​ដោយ​មន្ត្រី​ទាំង​ពីរ​រូប​នេះ​នៅ​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​បង្កក​ទាំងអស់​ដែល​ត្រូវ​រាយការណ៍​ទៅកាន់​ការិយាល័យ​គ្រប់គ្រង​អចលនទ្រព្យ​បរទេស​នៃ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ជា​កំហិត។ បន្ថែម​ពី​នេះ មុខ​ជំនួញ​នានា​ដែល​លោក ចៅ ភិរុណ និង​លោក ទៀ វិញ កាន់កាប់​ជា​កម្មសិទ្ធិ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ចាប់ពី ៥០% ឡើង​ទៅ នឹង​ត្រូវ​បង្កក​លែង​ឱ្យ​ប្រើប្រាស់​ថែមទៀត។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ DAP NEWS បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ការ​ដាក់​ទណ្ឌកម្ម​បែប​ណា​ក៏ដោយ​របស់​អាមេរិក មិន​មាន​ប្រសិទ្ធភាព​លើ​កម្ពុជា​នោះ​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ទោះបី​អាមេរិក​ដាក់​ទណ្ឌកម្ម​បែប​នេះ​ក៏ដោយ ក៏​រដ្ឋាភិបាល​ខ្មែរ​មិនព្រម​សម្របសម្រួល​ជាមួយ​ទូត​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដែរ ព្រោះ​ថា​វា​ជា​រឿង​ឥតប្រយោជន៍។ ជាង​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក នៅតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដដែល។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) នៃ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក អ្នកស្រី អេនឌ្រៀ ហ្កាកគី (Andrea M. Gacki) បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ឈរ​ខាង​មន្ត្រី​ពុករលួយ​ឡើយ ហើយ​អាមេរិក​នឹង​នៅតែ​បន្ត​ផ្តល់​អាទិភាព​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើពុករលួយ និង​ធ្វើការ​ដោយ​មិន​នឿយហត់​ដើម្បី​លើក​កម្ពស់​គណនេយ្យភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

ចំណែក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ដែរ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ប្ដេជ្ញា​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួកគេ ដើម្បី​សុខ​សន្តិភាព ភាព​រុងរឿង ប្រជាធិបតេយ្យ និង​អនាគត​ប្រកប​ដោយ​សមធម៌ ដូច្នេះ​ដើម្បី​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​នេះ អាមេរិក​ប្រកាស​នូវ​ការ​រឹត​បន្តឹង​ថ្មី​លើ​ផ្នែក​ទិដ្ឋាការ​ចំពោះ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ដោយសារតែ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ដោយឡែក​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា PMD សាទរ​ចំណាត់ការ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា លោក ទៀ វិញ និង​លោក ចៅ ភិរុណ ព្រមទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​យ៉ាង​ពេញ​ទំហឹង។

ប្រភព​ដដែល​អះអាង​ថា ចំណាត់ការ​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​កាន់តែ​កក់ក្ដៅ​ថែមទៀត នៅ​ពេល​បាន​ឃើញ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​គាំទ្រ​ពលរដ្ឋ​ខ្មែរ ដែល​ប្រាថ្នា​ចង់​បាន​សន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និង​សមធម៌​ក្នុង​ការ​ជ្រោមជ្រែង​ដំណើរការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​ចំ​លើ​ប្រព័ន្ធ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ពុករលួយ​ដែល​រំលោភ​គោលការណ៍​នីតិរដ្ឋ​កន្លងមក។

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) សូម​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យក​គំរូ​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​នៅតែ​ដាក់​សម្ពាធ​កាន់តែ​ធ្ងន់​ទៅលើ​ប្រព័ន្ធ​អំណាច​នយោបាយ​ពុករលួយ​នៅ​កម្ពុជា ក្នុង​គោលដៅ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​និង​សង្គម លោក គឹម សុខ លើកឡើង​ថា បន្ទាប់ពី​លោក ហ៊ុន សែន ខំ​អួត​រឿង​វាយ​ខ្នោះ​ពលរដ្ឋ​ស្លូតត្រង់ និង​ត្រៀម​ខ្លួន​ដឹកនាំ​អាស៊ាន ស្រាប់តែ​សហរដ្ឋ​អាមេរិក​បញ្ចេញ​ចំណាត់ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​លើ​ពួក​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​របស់​ខ្លួន​ទៅវិញ។

លោក គឹម សុខ បញ្ជាក់​ថា បញ្ហា​នេះ​គឺជា​ចំណោទ​ខ្លី និង​មាន​សម្មតិកម្ម​តិច តែ​ត្រូវ​ដោះស្រាយ​ច្រើន​ទំព័រ​ណាស់​សម្រាប់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​តែង​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ រំលោភ​លទ្ធិប្រជាធិបតេយ្យ រំលោភ​រដ្ឋធម្មនុញ្ញ និង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​អនាធិបតេយ្យ​បច្ចុប្បន្ន​នេះ។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ដែរ​ថា ការ​ចូលរួម​ប្រព្រឹត្ត​អំពើពុករលួយ មាន​ន័យ​ស្មើ​នឹង​ការ​ចូលរួម​បំផ្លាញ​សង្គម​ជាតិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាជាតិ​ឲ្យ​រលាយ​ផង​ដែរ។ លោក​បន្ត​ថា ការ​ចូលរួម​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ មាន​ន័យ​ស្មើ​នឹង​គាំទ្រ​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម និង​បំផ្លាញ​នីតិរដ្ឋ​ឲ្យ​ធ្លាក់​ចុះ ចំណែក​ការ​ចូលរួម​ប្រព្រឹត្ត​ទង្វើ​អសីលធម៌ មាន​ន័យ​ស្មើ​នឹង​បំផ្លាញ​វប្បធម៌​ជាតិ​ឲ្យ​សាបសូន្យ និង​ជា​មនុស្ស​ដែល​រមិលគុណ​បំផុត​សម្រាប់​ជាតិសាសន៍​ខ្លួនឯង។

គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ យ៉ាងហោចណាស់​មាន​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំនួន ៥​នាក់​ហើយ រួម​ទាំង​ឈ្មួញ​ទុច្ចរិត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ផង​ដែរ ដែល​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋ​អាមេរិក រួម​មាន​លោក ចៅ ភិរុណ លោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព។ បន្ថែម​ពី​នេះ សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្ត​កោះកុង ផង​ដែរ។

មក​ទល់នឹង​ម៉ោង​ផ្សាយ​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ទៀ វិញ និង​លោក ចៅ ភិរុណ ដើម្បី​សុំ​ការ​បំភ្លឺ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​សហរដ្ឋ​អាមេរិក​លើ​រូបលោក និង​ក្រុម​គ្រួសារ​បាន​នៅឡើយ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស